ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ចាប់​ជនសង្ស័យ​២​នាក់ ដែល​ឆក់​យ៉ាង​សកម្ម ក្នុង​ក្រុងព្រះសីហនុ

5 ខែ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ទទួល​ព័ត៌មាន​នៅ​វេលា​ម៉ោង​ប្រហែល​២១​និង​៥០​នាទី​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ ថា នៅ​ចំណុច​ផ្លូវ​កោះ​ទ​ន្យា​យ ស្ថិត​នៅ​ក្រុម​ទី​២១…

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ទទួល​ព័ត៌មាន​នៅ​វេលា​ម៉ោង​ប្រហែល​២១​និង​៥០​នាទី​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ ថា នៅ​ចំណុច​ផ្លូវ​កោះ​ទ​ន្យា​យ ស្ថិត​នៅ​ក្រុម​ទី​២១ ភូមិ​១ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​) មួយ​ករណី បាន​កើតឡើង​ដោយ​មាន​ជនសង្ស័យ​០២​នាក់ ភេទ​ប្រុស មិន​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក ហុងដា​សេ​១២៥ ពណ៌​ស បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​នារី​ជនបរទេស​ម្នាក់ បាន​សម្រេច និង​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដួល​បោក ទៅ​លើ​ដី រួច​ជិះ​គេចខ្លួន​បាត់ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចាត់​ឲ្យ​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ជនសង្ស័យ រហូត​ឈាន​ដល់​ការ​ស្វែងរក​ជនសង្ស័យ ដែល​កំពុង​ជិះ​ម៉ូតូ​គេចខ្លួន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ភូមិសាស្ត្រ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ទើប​ធ្វើការ​ប្រដេញ​ចាប់​រហូត​ដល់​ចំណុច​ចំការ​ដូងប្រេង ស្ថិត​នៅ ភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ជនសង្ស័យ​ក៏​បាន​ផ្តួល​ម៉ូតូ​ចោល រួច​រត់​ចូល​ទៅ​ក្នុង​ចំការ​ដូងប្រេង ដើម្បី​គេចខ្លួន​ពី​កម្លាំង​សមត្ថកិច្ច​។

ដោយ​មានការ​សហការ​ពី​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ កម្លាំង​សមត្ថកិច្ច បាន​ដាក់​កម្លាំង​មួយ​ចំនួន​ធ្វើការ​ហ៊ុម​ព័ទ្ធ និង​កម្លាំង​មួយ​ចំនួន​ទៀត ធ្វើការ​រុករក​ជនសង្ស័យ រហូត​ដល់​វេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៣ ទើប​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​០២​នាក់ ដែល​កំពុង​សំងំ​លាក់ខ្លួន​នៅ​ក្នុង​ចំការ​ដូងប្រេង ។

ជនសង្ស័យ​ទាំង​០២​នាក់ មានឈ្មោះ​ដូច​ខាងក្រោម ៖
១-​ឈ្មោះ ឈាង សំណាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​០៥ សង្កាត់​លេខ​៤ ខណ្ឌ​ស្ទឹង​មាន​ជ័យ​២ រាជធានី​ភ្នំពេញ ។ (​ពិការ​ដៃ​ខាងស្តាំ ដាក់​ដៃ​ជ័រ​)
២-​ឈ្មោះ វ៉ា​ន សាវ៉ា​ត់ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ខណ្ឌ​ទួល​ពង្រ រាជធានី​ភ្នំពេញ ។

វត្ថុ​តាង​ចាប់​យក​រួម​មាន ៖
-​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០២៣ ពណ៌​ស គ្មាន​ផ្លា​ក​លេខ ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព (​កែ​ដៃ​ហ្គ៊ែ​រម​ក​ខាងឆ្វេង​) -​ទូរ​សព្ទ ០១​គ្រឿង ម៉ាក iPhone ពណ៌​ទឹកប្រាក់ ។

ចំពោះ​ករណី​នេះ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​បញ្ជូន​​ខ្លួន​ជន​សង្ស័យ​ទាំង​២​នាក់ ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ