ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី ៖ នៅ​កម្ពុជា​ អនាម័យ​នៅ​តាម​ជនបទ​កើន​ដល់​៨៥%

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា នា​ពេល​បច្ចុប្បន្ន​នេះ អត្រា​គ្របដណ្តប់​អនាម័យ​ជនបទ​នៅ​កម្ពុជា បាន​កើន​ដល់​ប្រមាណ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា នា​ពេល​បច្ចុប្បន្ន​នេះ អត្រា​គ្របដណ្តប់​អនាម័យ​ជនបទ​នៅ​កម្ពុជា បាន​កើន​ដល់​ប្រមាណ ៨៥% ។

តាម​រយៈ​សារលិខិត ក្នុង​ឱកាស​អបអរសាទរ ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ លើក​ទី​១៤ ថ្ងៃ​ទី​១៣ វិច្ឆិកា សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា រយៈពេល​ជិត​១០​ឆ្នាំ​ចុង​ក្រោយ​នេះ អត្រាកំណើន នៃ​ការ​ទទួល​បាន​សេវា​អនាម័យ មានការ​កើនឡើង​យ៉ាង ឆាប់រហ័ស គួរ​ឲ្យ​កត់សម្គាល់ ដោយ​អត្រាកំណើន​ជា​មធ្យម ប្រមាណ ៥% ក្នុង​មួយ​ឆ្នាំ ហើយ​ត្រូវ​បាន​ទទួលស្គាល់​ជា សកល​ថា ជា​ប្រទេស​នាំមុខ​គេ ក្នុង​ការ​ព​ន្លឿ​ន​អត្រា​គ្របដណ្ដប់​អនាម័យ និង​ការ​កាត់​បន្ថយ​ការ​បន្ទោបង់​ពាស​វាល​ពាស​កាល ក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍ នៅ​លើ​ពិភពលោក ។

សម្ដេច​គូសបញ្ជាក់​ថា “​នា​ពេល​បច្ចុប្បន្ន​នេះ អត្រា​គ្របដណ្តប់​អនាម័យ​ជនបទ នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កើន​ដល់​ប្រមាណ​៨៥%​។ លើស​ពី​នេះ ខេត្ត​ចំនួន ៦ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​បានជា​ខេត្ត​បញ្ចប់​ការ​បន្ទោបង់​ពាស​វាល​ពាស​កាល រួម​មាន​៖ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និង​ខេត្ត​កែប​។ ជាមួយ​គ្នា​នេះ​ដែរ មាន​ភូមិ​ចំនួន ៧,៣៩៧ ឃុំ​ចំនួន ៦៥៤ ស្រុក ចំនួន ៥៩ ដែល​បាន​បញ្ចប់​ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​” ។

សម្ដេច​បាន​បន្ដ​ថា វឌ្ឍនភាព​គួរ​ជាទី​មោ​ទ​នៈ​នេះ គឺ​កើតឡើង​ពី​ការ​យកចិត្តទុកដាក់ និង​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​របស់ រាជរដ្ឋាភិបាល ការ​ចូលរួម​សហការ​យ៉ាង​ជិត​ស្និទ្ធ​ពី​ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល វិស័យ​ឯកជន និង​ការ​ចូលរួម​សហការ​យ៉ាង​សកម្ម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​បាន​ឆ្លុះ​បញ្ចាំង​អំពី​កម្រិតយល់ដឹង​របស់​ប្រជាជន​អំពី​សារៈសំខាន់ នៃ​ការ​ប្រតិបត្តិ​អនាម័យ​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​នាយក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ក្រុមការងារ​បច្ចេកទេស​វិស័យ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​ជនបទ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ និង​ប្រជាពលរដ្ឋ នៅ​តំបន់​ជនបទ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​បេសកកម្ម​ការងារ លើកកម្ពស់​អនាម័យ​ជនបទ នា​ពេល​កន្លង​មក ។

សម្ដេច​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បន្ត​សហការ​គ្នា ដើម្បី​ជំរុញ​ការងារ​លើកកម្ពស់​អនាម័យ​ជនបទ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង និង​មាន​ប្រសិទ្ធភាព​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ