ខេត្តកណ្តាល ៖ ព្រែកថ្មី ជាព្រែកមួយកើតមានឡើងតាំងពីដូនតាមកម្ល៉េះ សម្រាប់រំដោះជំនន់ទឹកទន្លេមេគង្គ បញ្ចៀសបង្ហូរទឹកចូលទៅក្នុងបឹង និងមានផ្លូវលំ ផ្លូវបេតុងអមសងខាងមាត់ព្រែក ដើម្បីជួយសម្រួលដល់ការធ្វើដំណើរចុះទៅប្រកបមុខរបរធ្វើស្រែចម្ការ ជាពិសេសងាយស្រួលក្នុងការដឹកជញ្ជូនកសិផលឡើងទៅរកទីផ្សារផងដែរ។
សូមបញ្ជាក់ថា ព្រែកថ្មី មានស្ពានកាត់ទទឹងថ្នល់ជាតិលេខ១ ជាប់ព្រំប្រទល់ភូមិរាំងដេក និងភូមិគគីរធំ ស្ថិតក្នុងឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយដីតាមសងខាងខ្នងព្រែកនេះ ត្រូវបានក្រុមហ៊ុនជប៉ុន និងអាជ្ញាធរមូលដ្ឋាន បានសម្របសម្រួលដោះស្រាយផលប៉ះពាល់គោលនយោបាយរួចរាល់អស់ហើយ។
ប៉ុន្តែមួយរយ:នេះ គេសង្កេតឃើញមានការសាងសង់ផ្ទះឈើ ផ្ទះដែក និងផ្ទះសំណង់រឹងមាំជាបន្តបន្ទាប់ព្រោងព្រាតស្អេកស្កះយ៉ាងអនាធិបតេយ្យនៅលើដីចំណីព្រែក និងផ្លូវសាធារណៈរបស់រដ្ឋ។ ខ្លះទៀត ត.យ៉ាកក្របមកលើផ្លូវសាធារណៈរៀបចំដាក់ទំនិញចាប់ហួយលក់ ហៀរមកលើផ្លូវ បណ្តាលឱ្យផ្លូវរួមតូចចង្អៀត កុំថាឡើយម៉ូតូឡានបើកមិនរួច សូម្បីតែមនុស្សដើរសឹងតែមិនកើតផង ចុះថ្ងៃក្រោយរដ្ឋត្រូវការស្តារព្រែក ឬពង្រីកផ្លូវ ប្រាកដជាជួបការលំបាកហើយ។
មិនត្រឹមតែប៉ុណ្ណោះ ការរស់នៅរបស់បងប្អូនអាជីវករផ្សារគគីរធំ ហៅផ្សារព្រែកថ្មី បានបង្ហូរទឹកកាកសំណល់ចូលក្នុងព្រែក និងបោះសំរាមចោលពាសពេញព្រែក ដែលនាំឱ្យបាត់បង់សោភណ្ឌភាពតាមដងព្រែក ធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលគេធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ១ មើលឃើញហើយអាចនឹងមានការរិះគន់ថា ប្រទេសកម្ពុជាគ្មានបរិស្ថានល្អ។ ជាពិសេសទឹកព្រែកឡើងខ្មៅកខ្វក់ ជះក្លិនស្អុយអសោចប៉ះពាល់សុខភាពប្រជាជនយ៉ាងធ្ងន់ធ្ងរ ហើយវាត្រូវនឹងរដូវខ្យល់បក់រំភើយទៀតនោះ មានអ្នកខ្លះហូបបាយសឹងតែមិនចូលមាត់ ចង់ក្អួតចង្អោក៏មានដែរ។
មហាជនជាច្រើនបានលើកឡើងថា ការរស់នៅយ៉ាងអនាធិបតេយ្យតាមមាត់ព្រែកបែបនេះ វាពិតជាធ្វើឱ្យបាត់បង់សោភណ្ឌភាពយ៉ាងធ្ងន់ធ្ងរពិតប្រាកដមែន។
ជុំវិញបញ្ហាខាងលើ លោក ចាន់ ធូមេឃុំ និងលោក ព្រីង មេភូមិ ក៏បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងប្រហាក់ប្រហែលគ្នាដែរថា «លោកបានចុះទៅណែនាំ និងហាមឃាត់ជារឿយៗដែរ តែពេលអាជ្ញាធរចុះទៅ ពួកគាត់ផ្អាកសាងសង់។ លុះដល់ពេលអាជ្ញាធរចេញផុតអស់ ពួកគាត់ក៏នៅតែលួ.ចសាងសង់បន្ត រហូតបានរួចរាល់៕
ចែករំលែកព័តមាននេះ