ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ និងសហការីបានទៅចូលរួមពិធីប្រគល់-ទទួលបដិមាតោថ្ម ចំនួន៦ដែលស្ថិតនៅភូមិចំការហ្លួង សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ក្រោមការដឹកនាំដោយឯកឧត្តមសរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ រួមទាំងវត្តមានលោកព្រាប កុយវឌ្ឍនៈ អភិបាលក្រុងឧដុង្គម៉ែជ័យ និងសហការី អាជ្ញាធរសង្កាត់វាំងចាស់ ប្រជាពលរដ្ឋ និងអ្នករក្សាបដិមាតោថ្ម ក្នុងភូមិសាស្ដ្រខាងលើផងដែរ ។
បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំពោះបដិមាតោថ្មទាំង៦នេះ តាមការវាយតម្លៃពីមន្ដ្រីជំនាញបានសន្និដ្ឋានជាបឋម លើចំណុចចំនួន២ គឺ ៖
ទី១- សិល្បៈចម្លាក់បដិមាតោនេះ ប្រហែលស្ថិតក្នុងសម័យក្រោយអង្គរ (សម័យកណ្ដាល អំឡុងសតវត្សរ៍ទី១៦) ជាសម័យកាលដែលជាងចម្លាក់និយមតែចម្លាក់ឈើ មិនសូវនិយមចម្លាក់ថ្ម ហើយចម្លាក់តោថ្មដែលដាក់លម្អតាមខ្លោងទ្វារចូលផ្ទះ វត្ត ចេតិយ ដែលបន្សល់មកតិចតួច គឺជាចម្លាក់បដិមាតោយកតាមគំរូនៃសិល្បៈសម័យមុនអង្គរ ។
ទី២- បដិមាតោថ្មទាំង៦នេះ ប្រហែលជាសិល្បៈចម្លាក់ ស្ថិតក្នុងរចនាបថ បាយ័ន ? ប៉ុន្តែបើតាមស្ថានភាពនៃទម្រង់សិល្បៈចម្លាក់ទាំងនេះ ភាគច្រើនអាចជាស្នាដៃនៃសិល្បៈចម្លាក់បែបជនបទ ឬជាសិល្បៈចម្លាក់ដែលមានការវិវឌ្ឍបន្តពេល ក្រោយៗមកទៀត ដែលយើងមើលទៅមិនមានក្បាច់លម្អតាមសិល្បៈចម្លាក់ដើម…។
បដិមាតោថ្មទាំង៦ ត្រូវលោកទិត ភុំ និងក្រុមគ្រួសារ បានរក្សាទុកជាច្រើនឆ្នាំកន្លងមកហើយ ។ ដោយសារតែលោក និងក្រុមគ្រួសារមានបំណងប្រគល់ជូនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរក្សាទុកជាបេតិកភណ្ឌវប្បធម៌ជាតិទើបនៅថ្ងៃសុក្រនេះ ក្រុមការងាររបស់មន្ទីរបានទៅធ្វើពិធី-ប្រគល់ទទួល ដើម្បីយកមករក្សាទុកនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តវិញ ។
ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលរងបានថ្លែងកោតសរសើរ និងថ្លែងអំណរគុណជូនចំពោះអាជ្ញាធរដែនដី ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញមន្ទីរ ជាពិសេសប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តប្រគល់វត្ថុបុរាណ ឬវត្ថុសិល្បៈនានាមកកាន់អាជ្ញាធរ មន្ទីរជំនាញ ដើម្បីយកមកថែរក្សា ការពារ និងអភិរក្ស ទុកបន្តឲ្យកូនចៅជំនាន់ក្រោយបានស្គាល់និងសិក្សាស្រាវជ្រាវ ៕ ដោយ ៖ ស.ភ.រ
ចែករំលែកព័តមាននេះ