រាជធានីភ្នំពេញ ៖ កម្លាំងជំនាញនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿ.ងញៀ.ន បានចុះបង្ក្រាបករណីជួញដូរ និងរក្សាទុកនូវសារធាតុញៀ.នដោយខុសច្បាប់មួយករណី ដោយធ្វើការឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន៣នាក់ និងថ្នាំញៀ.នជាង២គីឡូក្រាម នៅក្នុងរាជធានីភ្នំពេញ ។

ប្រតិបត្តិការបង្ក្រាបនោះ អនុវត្តន៍តាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំបញ្ជារបស់នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការទទួលផែនប្រឆាំងគ្រឿ.ងញៀ.ន និងដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿ.ងញៀ.ន ។

សូមបញ្ជាក់ថា កាលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៧និង១៥នាទី កម្លាំងរបស់ការិយាល័យទី៤(ក៤) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿ.ងញៀ.ន ក្រោមការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីជួញដូរ និងរក្សាទុកគ្រឿ.ងញៀ.ន នៅតាមបណ្តោយផ្លូវលេខ៥ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនតៃវ៉ាន់ចំនួន៣នាក់ ក្នុងនោះរួមមាន ៖ ១- ឈ្មោះ យ៉ាង សាវជុន (YANG SAOCHUN) ភេទប្រុស អាយុ៣៦ឆ្នាំ, ២- ឈ្មោះ ជ័ង ប៉ជៀន (CHUANG PO CHIEN) ភេទប្រុស អាយុ៣០ឆ្នាំ និង៣- ឈ្មោះ អ៊ូ ជីនតឺ (WU CHUN TE) ភេទប្រុស អាយុ២៩ឆ្នាំ។ ចំណែកវត្ថុតាងដែលដកហូតបានរួមមាន ៖ សារធាតុញៀ.នប្រភេទកេតាមីន (KETAMINE) ទម្ងន់ ២១៤៤ ក្រាម (២គីឡូ១៤៤ក្រាម) និងសារធាតុមិនច្បាស់លាស់ ទម្ងន់ ២២៦ក្រាម ។
ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីតាមនីតិវិធីនៃច្បាប់ ៕
ចែករំលែកព័តមាននេះ