ខេត្តសៀមរាប ៖ ក្រោយពីបញ្ចប់ការងារជួសជុល និងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការក្នុងមួយថ្ងៃៗ គឺមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនរយនាក់បាននាំគ្នាដើរឆ្លងកាត់ស្ពានហាលខាងលិច ដើម្បីចូលទៅទស្សនាប្រាសាទអង្គរវត្ត ហើយបានពោលពាក្យកោតសរសើរចំពោះអាជ្ញាធរជាតិអប្សរា ដែលខិតខំប្រឹងប្រែងជួសជុល និងអភិរក្សស្ពានហាលនេះបានល្អប្រសើរឡើងវិញ។ បន្ថែមលើនេះ ភ្ញៀវទេសចរក៏បង្ហាញពីមោទនភាពនៃកេរដំណែលដូនតាខ្មែរមួយនេះផងដែរ។

បើតាមលោកតា កាយ កាន អាយុ៧៨ឆ្នាំ មកពីខេត្តកំពង់ធំ បានបង្ហាញអារម្មណ៍រីករាយក្រោយរូបគាត់បានដើរឆ្លងកាត់ស្ពានហាលសារជាថ្មី ដោយគាត់រៀបរាប់ថា «គាត់ធ្លាប់ឆ្លងកាត់ស្ពានហាលនេះតាំងពីឆ្នាំ២០០៥ ដែលកាលណោះ ស្ពានមានស្ថានភាពបា.ក់បែក និងស្រុតដោយកន្លែងពិបាកធ្វើដំណើរ។ ប៉ុន្តែពេលនេះ គាត់បានដើរលើស្ពានបុរាណម្តងទៀត ឃើញថា មានភាពរឹងមាំឡើងវិញ ព្រមទាំងធ្វើឱ្យភ្ញៀវដែលមកលេងអង្គរងាយស្រួលធ្វើដំណើរជាងមុនផង»។

ចំណែកពលរដ្ឋម្នាក់ទៀតរស់នៅខេត្តកណ្តាល អ៊ំស្រី នូ យ៉ន បានសរសើរថា «ស្ពានហាលខាងលិចអង្គរវត្តពិតជាស្រស់ស្អាតប្លែក ស្រួលដើរជាងកាលពីមុន។ គាត់យល់ថា ការជួសជុលស្ពានហាលឱ្យប្រសើរឡើងវិញនេះ គឺបានថែរក្សាទុកស្នាដៃរបស់បុព្វបុរសខ្មែរឱ្យនៅគង់វង្សបានយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយៗទៀតបានឃើញ»។

រីឯលោកស្រី Linda និង អ្នកស្រី Hidi ជាជនជាតិអាមេរិក ដែលបានដើរឆ្លងកាត់ស្ពានហាលជាលើកដំបូង ក៏បានបង្ហាញការចាប់អារម្មណ៍ខ្លាំងទៅលើសំណង់ប្រាសាទបុរាណដ៏អច្ឆរិយៈរបស់ប្រទេសកម្ពុជានេះ ពិសេសគឺការជួសជុលថែទាំស្ពានហាលនេះជាដើម។

អ្នកទេសចរបរទេសទាំង២នាក់ខាងលើ បានបង្ហាញអារម្មណ៍រំភើប ដោយចាត់ទុកថា រូបគាត់ទាំងពីរមានសំណាងណាស់ ពីព្រោះដំណើរកម្សាន្តនៅរមណីយដ្ឋានអង្គរ ស្របពេលសំណង់ស្ពានហាលបានជួសជុលរួចរាល់ ហើយបានដើរឆ្លងកាត់ជាលើកដំបូងទៀត។

គួរបញ្ជាក់ផងដែរថា ការពោលសរសើរអំពីការងាររបស់អាជ្ញាធរជាតិអប្សរា ក្នុងការជួសជុលព្រមទាំងសម្រស់ស្ពានហាលខាងលិចអង្គររបស់ភ្ញៀវទេសចរចម្រុះជាតិសាសន៍នេះ កើតមានឡើងបន្ទាប់ពីស្ពានហាលខាងលិចអង្គរ បានជួសជុលរួចរាល់ ព្រមទាំងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឡើងវិញ៕











ចែករំលែកព័តមាននេះ