ខេត្តសៀមរាប ៖ ដើម្បីធានាបាននូវសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឆ្លងចូលទស្សនាប្រាសាទអង្គរវត្ត ក្រោយពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះអាជ្ញាធរជាតិអប្សរាកំពុងរៀបចំដាក់របាំងសុវត្ថិភាពបង្ការគ្រោះថ្នាក់ដោយយថាហេតុណាមួយ សម្រាប់ភ្ញៀវធ្វើដំណើរនៅលើស្ពានហាលនេះ។

លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា រចនាសម្ពន្ធរបស់ស្ពានហាលត្រូវបានជួសជុលរួចរាល់ទាំងស្រុងនឹងបើកឱ្យភ្ញៀវជាតិ និងអន្តរជាតិ បានឆ្លងចូលទៅទស្សនាប្រាសាទអង្គរវត្តឡើងវិញនាពេលខាងមុខ ដោយគិតគូរខ្ពស់អំពីសុវត្ថិភាពរបស់ភ្ញៀវដែលបានផ្តោតការចាប់អារម្មណ៍ទៅតែសម្រស់របស់ស្ពានដែលទើបជួសជុលរួចរាល់ និងប្រាង្គប្រាសាទអង្គរវត្តដ៏ទាក់ទាញនោះ ភ្ញៀវអាចនិងភ្លេចខ្លួនដើរហួសតួស្ពានអាចបណ្តាលឱ្យធ្លាក់ទឹក បង្កជាគ្រោះថ្នាក់ទៅវិញ អាជ្ញាធរជាតិអប្សរាកំពុងរៀបចំដាក់របាំងសុវត្ថិភាព នៅសងខាងនៃតួស្ពានហាលមានលក្ខណៈជាខ្សែបង្កប់ស្ទើរតែមិនអាចមើលឃើញនិងភ្នែកឡើយ ។

ប៉ុន្តែនៅពេលដើរចូលទៅកៀកភ្ញៀវទេសចរនឹងទទួលបានការពញ្ញាក់អារម្មណ៍ឱ្យបង្កើនការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរ ។ មួយវិញទៀត លោកអគ្គនាយករងមានប្រសាសន៍បន្ថែមទៀតថា ដោយការព្រួយបារម្ភអំពីភាពសឹករិចរិលរបស់ថ្មទៅថ្ងៃអនាគត ដោយសារកំណើនរបស់ភ្ញៀវធ្វើដំណើរឆ្លងកាត់នោះ អាជ្ញាធរជាតិអប្សរា នៅតែបន្តរក្សាទុកស្ពានបណ្តែតទឹកឱ្យបន្តដំណើរការដដែល ។

ដោយកំណត់ទិសដៅធ្វើដំណើរផ្សេងគ្នា គឺស្ពានហាលនឹងអនុញ្ញាតឱ្យភ្ញៀវធ្វើដំណើរឆ្លងចូលទៅទស្សនាប្រាសាទអង្គរវត្តស្ពានបណ្តែតទឹកនឹងិសដៅសម្រាប់ភ្ញៀវចាកចេញពីទស្សនាប្រាសាទមកវិញ ៕







ចែករំលែកព័តមាននេះ