ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​សម្រេច​ដោះ​លែង​ឧកញ៉ា​​​ពិភព​ដី​មាស និង​គូ​កន​៥​នាក់​ឱ្យ​​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​ធ្លាយ​ចេញពី​ពន្ធនាគារ​រាជ​ធានី​ភ្នំពេញ ហៅ​ថា (PJ) កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០​២៣ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​…

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​ធ្លាយ​ចេញពី​ពន្ធនាគារ​រាជ​ធានី​ភ្នំពេញ ហៅ​ថា (PJ) កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០​២៣ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ គឺ​លោក​ឧកញ៉ា ហ៊ី គឹ​ម​ហុង ម្ចាស់​ក្រុម​ហ៊ុន​ពិភព​ដី​មាស និង​គូកន​៥​នាក់ ត្រូវ​បាន​ដោះ​លែង​ចេញពី​ពន្ធនាគារ​ប៉េ​ហ្ស៊ី​​ឱ្យ​​នៅ​ក្រៅ​ឃុំ​ជាប​ណ្រោះ​អាសន្ន ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ដោះ​លែង​ជនសង្ស័យ​ឧកញ៉ា​អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដី​មាស និង​គូកន​ទាំង​អស់នោះ គឺជា​ការ​ធ្វើ​ឡើង​តាម​សេចក្ដីសម្រេច​របស់​សភា​ស៊ើបសួរ​សាលា ឧទ្ធរណ៍​ភ្នំពេញ ដែល​បាន​បើក​សវនាការ​កាលពី​រសៀល​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២៣ នេះ ។ ខណៈ​សំណុំរឿង​ទាំងមូល​កំពុង​ស្ថិត​នៅ​ដៃ​តុលាការ​ភ្នំពេញ បើក​កា​ស៊ើបអង្កេត​មិន​ទាន់​ចប់​សព្វ​គ្រប់ និង​ឈាន​ទៅ​បើក​សវនាការ​ជំនុំ​ជម្រះក្តី​លើ​អង្គសេចក្តី​នោះ​នៅ​ឡើយ​ទេ ដែល​នេះ​គ្រាន់តែ​ជា​ការ​ដោះ​លែង​ជនសង្ស័យ ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ។

សូម​ជម្រាប​ថា លោក ពេជ្រ វិជ្ជាធរ កាល​នៅ​ជា​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ជា​ចៅក្រម​ស៊ើបសួរ កាល​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៣ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ឧកញ៉ា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ពិភព​ដី​មាស និង​គូកន​៥ នាក់​ដាក់​ពន្ធនាគារ PJ ជា​បណ្តោះអាសន្ន បន្ទាប់​ពី​តំណាង​អយ្យការ​បញ្ចប់​ការ​ស៊ើបសួរ​ជា​ផ្លូវការ ។ ចំណែក​សន្តិសុខ​ចំនួន​៨​នាក់ ត្រូវ​បាន​តំណាង​អយ្យការ​សម្រេច​ធ្វើការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ ដោយ​សំអាង​ហេតុ​មិន​ជាប់​ពាក់​ព័ន្ធ​បទល្មើស​ទេ ។

ជនសង្ស័យ​ចំនួន​៦ នាក់​មាន ៖
១-​ឈ្មោះ ហ៊ី គឹ​ម​ហុង ភេទ​ប្រុស អាយុ​៤១ ឆ្នាំ មុខរបរ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​ម្ចាស់​ក្រុមហ៊ុន​ពិភព​ដី​មាស អ៊ិ​ន​វេស​ម៉ិ​ន ឯ​.​ក ស្នាក់​នៅផ្ទះ​លេខ​៥១​ដេ ផ្លូវ​បេតុង ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​ (​ជាប់ចោទ​ពី​បទ​.​ឆបោក មាន​ស្ថាន​ទម្ងន់ទោស «​ជា​ក្រុម​មានការ​ចាត់តាំង​» តាម​បញ្ញត្តិ​មាត្រា​៣៨០​នៃ​ក្រមព្រហ្មទណ្ឌ ។

២​-​ឈ្មោះ លី សុ​វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ ​ជា​ប្រធាន​សន្តិសុខ​ក្រុមហ៊ុន​ពិភព​ដី​មាស អ៊ិ​ន​វេស​ម៉ិ​ន ឯ​.​ក ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ​ត្រពាំង​ថ្លាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ ​។ ៣-​ឈ្មោះ កែ វិច្ឆិកា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជាសន្តិសុខ​ក្រុមហ៊ុន​ពិភព​ដី​មាស អ៊ិ​ន​វេស​ម៉ិ​ន ឯ​.​ក ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ​ត្រពាំង​ថ្លាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំ
ពេញ ។

៤-​ឈ្មោះ ម៉ិច សុធា​រ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជាសន្តិសុខ​ក្រុមហ៊ុន​ពិភព​ដី​មាស​អ៊ិ​ន​វេស​ម៉ិ​ន​ឯ​.​ក ស្នាក់​នៅ​ស្នាក់​ការ​ក្រុមហ៊ុន​ពិភព​ដី​មាស​ផ្លូវ​បេតុង ភូមិ​ត្រពាំង​ថ្លាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី ។ ៥-​ឈ្មោះ ឈឹ​ម សុភា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជាអ្នក​បើកបរ​រថយន្ត និង​សន្តិសុខ​ក្រុម​ហ៊ុន​ពិភព​ដី​មាស​អ៊ិ​ន​វេស​ម៉ិ​ន​ឯ​.​ក ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ​ត្រពាំង​ថ្លាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

៦-​ឈ្មោះ ប៊ុត រ៉ី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជាជំនួយការ​ផ្នែក​ទីផ្សារ របស់​ក្រុមហ៊ុន​ពិភព​ដី​មាស ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ក្រាំង​ទា ឃុំ​ព្រះ​និ​ពា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ (៥ នាក់​នេះ ជាប់ចោទ​ពី​បទ​.​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​) តាម​បញ្ញត្តិ​មាត្រា ២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ ។

សូម​ជម្រាប​ថា នៅ​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​ស​២០២៣ វេលា​ម៉ោង​៣​រសៀល កម្លាំង​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​កង​អន្តរាគមន៍​ពិសេស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ បាន​ចុះ​ធ្វើការ​នាំ​ខ្លួន​ឈ្មោះ ហ៊ី គឹ​ម​ហុង​ ​នៅ​ចំណុច​សា្ន​ក់​ការ ក្រុមហ៊ុន​ពិភព​ដី​មាស អ៊ិ​ន​វេស​ម៉ិ​ន ឯ​.​ក មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ពាក់​ពន្ធ​បទល្មើស អំពើ ឆ​.​បោក​មាន​ស្ថាន​ទម្ងន់ទោស (​ក្រុម​មានការ​ចាត់តាំង​) លើ​ទឹកប្រាក់​រាប់​សែន ដុល្លារ​អា​មេ​រិ​ក ប្រព្រឹត្ត​នៅ​ចំណុច​​ក្រុមហ៊ុន ពិភព​ដី​មាស អ៊ិ​ន​វេស​ម៉ិ​ន ឯ​.​ក មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ នៅ​ក្នុង​អំឡុង​ឆ្នាំ​២០២១ ឆ្នាំ​២០២២ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ​៣០៧ អយក ចុះ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៣ ចេញ​ដោយ ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ប៉ុន្តែ​នៅ​ពេល​ដែល​សមត្ថ​​កិច្ច​ចុះ​ទៅ​ដល់​ស្នាក់​ការ​ក្រុមហ៊ុន​ឈ្មោះ ហ៊ី គឹ​ម​ហុង បាន​ប្រើប្រាស់​ក្រុម​សន្តិសុខ និង​បុគ្គលិក​ក្រុមហ៊ុន​ឲ្យ​ធ្វើការ​រារាំង​ប្រឆាំង និង​កម្លាំង​សាធារណៈ ដែល​ចុះ​ទៅ​អនុវត្ត​តាម​ដីកា​បញ្ជា​ខាងលើ​នេះ ដោយ​ក្រុម​សន្តិសុខ និង​បុគ្គលិក​របស់​ក្រុមហ៊ុន បាន​ប្រើ​អំពើ​ហិង្សា​វាយដំ​មក​លើ​សមត្ថកិច្ច បណ្តាល​ឲ្យ​សមត្ថកិច្ច​ចំនួន​៤ នាក់​រង​របួស បន្ទាប់​មក​សមត្ថកិច្ច​បាន​ធ្វើការ​នាំ​ខ្លួន​ឈ្មោះ ហ៊ី គឹ​ម​ហុង និង​ក្រុម​សន្តិសុខ បុគ្គលិក​របស់​ក្រុមហ៊ុន​សរុប​ចំនួន​១៤ នាក់ បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​តាម​នីតិ​វី​ធី ។

តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ង៉ែត រតនា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ជាកម្មករ​រោងចក្រ និង​ឈ្មោះ ឃុ​ត សុ​ផា​ន់​ណា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ថ្មី ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ជា​កសិករ ដែល​ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​១៨​គ្រួសារ បាន​បញ្ជាក់​ថា ពួក​គាត់​បាន​ទិញ​ដី​ឡូ​តិ៍ ដែល​មាន​តម្លៃ​ចាប់ពី ១៤ ០០០ រហូត​ដល់ ៣២ ០០០ ដុល្លារ​អា​មេ​រិ​ក ពី​ក្រុមហ៊ុន​ពិភព​ដី​មាស អ៊ិ​ន​វេស​ម៉ិ​ន ឯ​.​ក ។

ក្នុង​ពេល​ពួក​គាត់​ទៅ​ទិញ​ដី​ឡូ​ត៍​​ពី​ក្រុមហ៊ុន គឺ​បុគ្គលិក​ផ្នែក​ទីផ្សារ​បាន​ជូន​ឲ្យ​ពួក​គាត់​ជា​ប្រជា​ពល​រដ្ឋ យក​ប្លង់​ផ្ទះ​ដែល​រស់នៅ​ទៅ​ដាក់បញ្ចាំ​និង​ធនាគារ​ប្រៃសណីយ៍ធនាគារ​LOLC គ្រឹះស្ថាន​មី ក្រូ​ហិរញ្ញវត្ថុ​ហត្ថា ធនាគារ​ABA ធនាគារ​អូ​រី គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ វត្ថុ​ប្រា​សាក់ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា និង​ធនាគារ​អេ​ស៊ី​លី​ដា ។ បន្ទាប់​ពី​ខ្ចីប្រាក់​ពី​ធនាគារ​បាន​ហើយ បុគ្គលិក​ក្រុមហ៊ុន​ពិភព​ដី​មាស​អ៊ិ​ន​វេស​ម៉ិ​ន បាន​នាំ​ពួក​គាត់​យក​ប្រាក់​ទៅ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ពិភព​ដី​មាស​អ៊ិ​ន​វេស​ម៉ិ​ន​ ​ហើយ​ក្រុមហ៊ុន​បាន​ធ្វើ​តារាង​បើកប្រាក់​ប្រចាំខែ​មក​ឲ្យ​ពួក​គាត់ តាម​ចំនួន​ប្រាក់​ដែល​ពួក​គាត់​ប្រគល់​ឲ្យ​ទៅ​ក្រុមហ៊ុន​ចំនួន​៣ ភាគរយ ដែល​មាន​ចំនួន​ចាប់ពី ៣០០​ដុល្លារ​អា​មេ​រិ​ក រហូត​ដល់​ចំនួន​៩៦០​ដុល្លារ​អា​មេ​រិ​ក​(​ដោ យ​មាន​ឯកសារ​ភ្ជាប់​មក​ជាមួយ​) ។

ចំណែក​ទីតាំង​ដី​ឡូ​ត៍​ដែល​ពួក​គាត់​ទិញ ស្ថិត​នៅ​ភូមិ​អណ្តូង​ច្រុះ ឃុំ​ត្រាច​ទង ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ គឺ​ក្រុមហ៊ុន​គ្រាន់តែ​ទៅ​ចង្អុលបង្ហាញ​ទីតាំង​ដី​ព្រៃ (​ពុំ​ដឹង​ដី​ឡូ​តិ៍​នៅ​ទីណា​) និង​បង្ហាញ​ប្លង់​គំរោង​ដី​ឡូ​តិ៍​ឲ្យ​ពួក​គាត់​មើល​តែ​ប៉ុណ្ណោះ ។ ជាង​នេះ​ទៅ​ទៀត ​តំណាង​ក្រុមហ៊ុន​ពិភព​ដី​មាស អ៊ិ​ន​វេស​ម៉ិ​ន បាន​សន្យា​ទិញ​យក​ដី​ឡូ​តិ៍​ពី​ពួក​គាត់​វិញ ក្នុង​តម្លៃ​ដដែល នៅ​ពេល​ក្រុមហ៊ុន​បាន​ទទួល​ប្រាក់​ពី​ពួក​គាត់​ចំនួន ២៤ ខែ ។​ ​បន្ទាប់​ពី​ចុះ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ទិញ​.​លក់​ដី រួច ហើយ ចាប់ពី​ខែមេសា ឆ្នាំ​២០២៣ ក្រុមហ៊ុន​ពិភព​ដី​មាស អ៊ិ​ន​វេស​ម៉ិ​ន ឈប់​បើកប្រាក់​ប្រចាំខែ​ឲ្យ​ពួក​គាត់ ហើយ​ក្រុមហ៊ុន​ចេះ​តែ​សន្យា​ម្តង​ថា​ខែ​នេះ ម្តង​ថា​ខែ​នោះ រហូត​ដល់​មានរឿង​កើតឡើង ។

អ្វី​ដែល​បាន​លើក​ឡើង​ខាង​នេះ គឺជា​ពាក្យបណ្តឹង​របស់​ភាគី​ដើមចោទ​តែ​ប៉ុណ្ណោះ​ទេ ចំណែក​ភាគី​ខាង​ក្រុមហ៊ុន​ពិភព​ដី​មាស ដែល​រង​នូវ​ការ​ចោទប្រកាន់​នោះ ពុំ​ទាន់​មាន​ធ្វើការ​បកស្រាយ​ឡើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ