ទីក្រុងបាងកក៖ នារីជនជាតិថៃម្នាក់ចោទប្រកាន់គ្រូមន្តអាគមពីបទរំលោភសេពសន្ថវៈទៅលើរូបនាងក្រោមរូបភាពជាការបញ្ចុះមន្តអាគម។ គ្រូមន្តអាគមរូបនេះប្រាប់ថាទាល់តែនាងរួមរ័កជាមួយគាត់ទើបអាចបណ្ដេញឧបទ្រពចង្រៃ និងលាងជម្រះដួងវិញ្ញាណរបស់នាងឱ្យបានស្អាតល្អឡើងវិញ។ នារីវ័យ២៦ឆ្នាំរូបនេះសម្រេចដាក់ពាក្យប្ដឹងគ្រូមន្តអាគមវ័យ៦៣ឆ្នាំពីបទរំលោភសេពសន្ថវៈជាច្រើនដង។
មូលហេតុដែលនាងទៅរកគ្រូមន្តអាគមដោយសារនាងឧស្សាហ៍ទាស់ពាក្យសម្ដីជាមួយអ្នកជិតខាង ហើយប្រហែលជាអ្នកជិតខាងដាក់អំពើឱ្យនាងវង្វេងវង្វាន់។ នាងទទួលអារម្មណ៍ថាដូចជាមានគេដើរតាមនាងជាប់ជានិច្ចប្រៀបដូចស្រមោលអន្ទោលតាមប្រាណ។ អាកប្បកិរិយារបស់នាងខុសប្លែកពីធម្មតា។ នាងក៏ព្យាយាមឆែកអ៊ីនធឺណិតរកមើលគ្រូណាល្បីដើម្បីដោះអំពើ និងលើករាសីឡើងវិញ។ ឆែកចុះឆែកឡើងក៏ប្រទះឃើញលោកគ្រូឈ្មោះហានរ៉ាក់សាជីត (Harn Raksajit)។
នាងក៏ធ្វើដំណើរទៅផ្ទះរបស់គាត់នៅទីក្រុងបាងកកដើម្បីដោះអំពើ។ ពេលទៅដល់, លោកគ្រូប្រាប់ឱ្យនាងដើរចូលក្នុងបន្ទប់ដោះសំលៀកបំពាក់ចេញដើម្បីរៀបចំពិធីបញ្ចុះមន្តអាគម។ នៅដំណាក់កាលចុងក្រោយនៃពិធីនោះ, គាត់ព្យាយាមប្រព្រឹត្តទង្វើរួមរ័កជាមួយនាង ហើយត្រូវនាងបដិសេធជាច្រើនដង និងប្រាប់ឱ្យគាត់ផ្អាកពិធីត្រឹមនេះចុះ។ ប៉ុន្តែគាត់ប្រាប់ថាទាល់តែអនុវត្តវិធីនេះទើបអាចបណ្ដេញវិញ្ញាណអាក្រក់ចេញពីរូបកាយរបស់នាង។ ឮដូច្នេះ, នាងក៏ទ្រាំរួមរ័កជាមួយគាត់ទាំងទើសទ័ល។
លោកគ្រូប្រាប់ថារៀបចំពិធីនេះត្រឹមតែម្ដងមិនទាន់គ្រប់គ្រាន់ទេ។ នាងត្រូវវិលត្រឡប់ទៅផ្ទះរបស់គាត់ជាច្រើនលើកច្រើនសាដើម្បីរៀបចំពិធីបែបនេះ ព្រោះវិញ្ញាណអាក្រក់នៅតែសណ្ឋិតនៅក្នុងខ្លួនរបស់នាង។ នៅពេលអនុវត្តវិធីនេះច្រើនដងហើយនៅតែវិញ្ញាណអាក្រក់មិនព្រមចេញពីក្នុងខ្លួនរបស់នាង ទើបនាងភ្ញាក់ខ្លួនថាតាមពិតគាត់ជាគ្រូបោកប្រាស។
ក្រោយពេលផ្ទុះរឿងអាស្រូវនេះ, ទូរទស្សន៍ប៉ុស្តិ៍លេខបីរបស់ថៃបានទាក់ទងទៅគ្រូមន្តអាគមដើម្បីឱ្យគាត់បកស្រាយបំភ្លឺ។ គាត់ប្រកែកថាគ្មានរឿងបែបនេះទេ។ គាត់ប្រាប់ថារាល់ការរៀបចំពិធីផ្សេងៗគឺរៀបចំនៅមុខកូនចៅ និងក្រុមការងាររបស់គាត់។ គាត់ថានារីរូបនោះចង់បង្ខូចកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញរបស់គាត់។ គាត់ជាគ្រូល្បី និងមានអ្នកគាំទ្រច្រើនក៏ដោយសារភាពល្បីល្បាញនេះ។
នៅពេលអ្នកសារព័ត៌មានសួរដេញចុះដេញឡើងទៅ នៅទីបំផុត, គាត់ទទួលស្គាល់ថាពិតជាមានការរួមរ័កគ្នាមែន។ ប៉ុន្តែមិនមែនជាការបង្ខិតបង្ខំទេព្រោះជាទំនាក់ទំនងស្នេហា។ អ្នកទាំង២ស្គាល់គ្នាដំបូងកាលពីឆ្នាំ២០២១ និងចាប់ផ្ដើមអភិវឌ្ឍទំនាក់ទំនងរហូតដល់ក្លាយជាសេចក្ដីស្នេហា។ គាត់រ៉ាប់រងចិញ្ចឹមនាង និងបានវេរលុយឱ្យនាងអស់ច្រើនណាស់។ បើសរុបទៅប្រហែលជាង១លានបាត។
គាត់ប្រាប់ថានៅដំណាក់កាលចុងក្រោយ នាងចាប់ផ្ដើមប្រែប្រួលចិត្ត។ នាងឧស្សាហ៍កោសរូសលុយកាក់ពីគាត់មិនចេះស្វាង។ នាងថានាងមានផ្ទៃពោះ ហើយត្រូវការលុយដើម្បីចិញ្ចឹមកូន។ ប៉ុន្តែនៅពេលគាត់នាំនាងទៅពិនិត្យកូនក្នុងផ្ទៃទើបដឹងថានាងនិយាយកុហក។ គាត់ក៏សម្រេចចិត្តលែងផ្ដល់លុយឱ្យនាង។ ប្រហែលជាមកពីរឿងហ្នឹងហើយទើបបានជានាងប្រឌិតរឿងថាគាត់បោកប្រាសខ្លួនប្រាណនាង។
គ្រូមន្តអាគមរូបនេះបញ្ជាក់ថាគាត់ និងនាងពិតមានស្នេហាជាមួយគ្នាមែន។ គាត់នៅតែនឹករលឹកចំពោះរូបនាង ហើយចង់និយាយគ្នាជាមួយនាង។ កាលពីថ្ងៃទី១ ខែវិច្ឆិកា, សមត្ថកិច្ចចុះឆែកឆេរផ្ទះរបស់គាត់ និងចង់ស្ដាប់ការបកស្រាយរបស់គាត់។ សមត្ថកិច្ចមិនទាន់ចោទប្រកាន់គាត់ទៅតុលាការទេព្រោះចង់ស៊ើបអង្កេតឱ្យបានលម្អិត។ សមត្ថកិច្ចនឹងសួរបញ្ជាក់ទៅនារីរូបនោះបន្ថែមទៀតដើម្បីកំណត់ថាតើនេះជាទំនាក់ទំនងស្នេហាដែលព្រមព្រៀមគ្នាទាំងសងខាង ឬជាការរំលោភសេពសន្ថវៈ៕
ប្រភព៖ The Thaiger
https://thethaiger.com/news/national/famous-sorcerer-accused-of-luring-follower-into-sex-to-expel-evil-spirits
អត្ថបទដែលពាក់ព័ន្ធ
ចា.ប់ខ្លួនគ្រូមន្តអាគមឥណ្ឌូណេស៊ីដែលសម្លា.ប់មនុស្សរាប់សិបនាក់
គ្រូមន្តអាគមថៃអង្គុយនៅមុខអាសនៈរបស់គាត់
គ្រូមន្តអាគមថៃបង្ហាញពីមហិទ្ធិឫទ្ធិរបស់គាត់ដែលហ៊ានលេបភ្លើងកំពុងឆេះ
សមត្ថកិច្ចចុះសាកសួរ និងធ្វើកំណត់ហេតុនៅផ្ទះរបស់គ្រូមន្តអាគមថៃ ដោយមានអ្នកសារព័ត៌មានទៅជាមួយផង
នេះជារូបឯកសារតាំងពីឆ្នាំ២០១៥ នៅពេលសមត្ថកិច្ចចាប់ខ្លួនគ្រូមន្តអាគមរូបនេះពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈនារីដែលទៅរកគាត់ឱ្យជួយដោះអំពើ ឬរំដោះគ្រោះ
គ្រូមន្តអាគមថៃម្នាក់នេះធ្លាប់រងពាក្យបណ្ដឹងជាច្រើនដងហើយកាលពីអតីតកាល។ គាត់ធ្លាប់បួសជាលោកសង្ឃ និងត្រូវគណៈវិន័យសង្ឃចាប់ផ្សឹកពីបទបង្កើតជំនឿចម្លែក ដូចជាធ្វើកូនក្រក និងអំពើរំលោភសេពសន្ថវៈ។ ច្រើនឆ្នាំកន្លងផុតទៅ គាត់ប្រកបអាជីពនេះឡើងវិញ គ្រាន់តែផ្លាស់ប្ដូរទីកន្លែងរស់នៅ។
ចែករំលែកព័តមាននេះ