ខេត្ដកែប ៖ កោះទន្សាយគឺជាកោះមួយក្នុងចំណោមកោះទាំង១៣នៅក្នុងដែនសមុទ្រ ខេត្ដកែប ។ អ្វីដែលគេចាប់អារម្មណ៍នៅលើកោះនោះគឺមានរុក្ខជាតិស្រស់ត្រកាល និងអាកាសធាតុត្រជាក់ស្រួល ចំណែកនៅលើវាលខ្សាច់ដ៏សក្បុសមានសំលេងទឹករលកបោកប៉ះនឹងថ្មដែលដុះប៉ប្រះលើផ្ទៃទឹកធ្វើឱ្យភ្ញៀវជាតិ និងអន្ដរជាតិមកលំហែកាយនៅ ទីនោះមិនចេះជិនណាយឡើយ ។ លោកស្រីលី វួយអាយ ប្រធានសហគមន៍ប្រជាពលរដ្ឋនៅកោះទន្សាយមានប្រសាសន៍ថា បច្ចុប្បន្ននៅកោះទន្សាយមានប្រជាពលរដ្ឋរស់នៅចំនួន១៤គ្រួសារ ។ កាលពីឆ្នាំ១៩៩៣ សម្ដេចតេជោ ហ៊ុន សែន បាន អញ្ជើញមកកោះទន្សាយនេះម្ដងដែលកាលណោះសម្ដេចបានផ្ដល់នូវកាំបិត ចប ហើយសម្ដេចបានប្រាប់ថា ផ្លែដូងរបស់ប្រជាពលដ្ឋនៅលើកោះនេះមិនឱ្យមន្ដ្រីខេត្ដយកពន្ធពីពួកគាត់ទេ ។ ការបង្កើតសហគមន៍នៅលើកោះទន្សាយនេះពិតជាធ្វើឱ្យពួកគាត់មានជីវភាពធូរធារមួយកំរិតទៀតដោយសារតែមានភ្ញៀវទេសចរអន្ដរជាតិមកកំសាន្ដនៅតាមបណ្ដោយឆ្នេរនេះយ៉ាងច្រើនកុះករ ម្យ៉ាងវិញទៀត មានផ្ទះសំណាក់សំរាប់ការស្នាក់នៅផងដែរក្នុងតំលៃយ៉ាងសមរម្យ។
លោកហាស់ សារ៉េត បានថ្លែងនៅលើកោះទន្សាយកាលពីពេលថ្មីៗនេះថា លោកបានជំរុញឱ្យប្រជាពលរដ្ឋរស់នៅលើកោះត្រូវតែមានអនាម័យ សំអាតបរិស្ថានលើកោះឱ្យបានល្អ និងខិតខំកែលំអសោភ័ណ ភាពនៅលើកោះដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស និងភ្ញៀវជាតិមកលំហែកាយឱ្យកាន់តែច្រើន ។ កោះទន្សាយឥឡូវនេះភ្ញៀវទេសចរអន្ដរជាតិបានកើនឡើងជាលំដាប់ ព្រោះពួកគេចូលចិត្ដមកកន្លែងស្ងៀមស្ងាត់ ហើយគ្មានអ្វីមករំខានដល់ពួកគេ ។ លោកហាស់ សារ៉េត ក៏បានហាមប្រាមផងដែរដោយមិនអនុញាតឱ្យប្រជាពលរដ្ឋទៅរស់នៅលើកោះនោះបន្ថែមទៀតឡើយ។ បើពលរដ្ឋរស់នៅប៉ុន្មានគ្រួសារឱ្យនៅដដែល និងមិនឱ្យពលរដ្ឋណាម្នាក់ចិញ្ចឹមគោលើកោះនោះទេ ។ លោកអភិបាលខេត្ដក៏បានជំរុញឱ្យពលរដ្ឋនៅលើកោះដាំដើមឈើដែលដុះនៅតាមសមុទ្រចៀសវាងដាំដើមស្វាយ ឬដើមដូង។
ការអភិវឌ្ឍន៍លើកោះនានាក្នុងគោលដៅបំរើឱ្យវិស័យទេសចរណ៍ គឺជាការឆ្លើយតបមួយទៅនឹងយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ។ ប្រការដែលត្រូវគិតគូរជាជំហានៗនោះ គឺសេវាដឹកជញ្ជូន និងសេវាកម្មនានានៅលើដែនកោះរាប់ទាំងការសាងសង់ផ្ទះសំណាក់ដែលមានម៉ូដទាក់ទាញ និងរក្សាការពារបរិស្ថាន ៕
ចែករំលែកព័តមាននេះ