រាជធានីភ្នំពេញ ៖ តារាសម្តែងនាង នីតា វរវង្ស បានសម្តែងការភ្ញាក់ផ្អើល បន្ទាប់ពីនាងឃើញមានគណនីហ្វេសប៊ុកមួយធ្វើការបង្ហោះរូបភាពនាង ម្តាយ និងក្រុមគ្រួសាររបស់នាង ដោយចោទប្រកាន់ថា ជាជនបោ.កប្រាស់លុយ។ ខណៈពេលដែលនាងមិនដែលស្គាល់ជនដែលបង្ហោះរូបនោះឡើយ ហើយក៏មិនមានជាប់ពាក់ព័ន្ធរឿងលុយកាក់បែបនេះដែរ ។
តារាស្រីរូបនេះ ក៏បានប្រកាសជាសាធារណៈ ហើយធ្វើការបដិសេធចោលនូវអ្វីដែលម្ចាស់គណនីហ្វេសប៊ុកខាងលើនេះបានបង្ហោះ ព្រោះនោះគឺជារឿងមិនពិត ក្នុងពេលដែលនាងចាត់ទុកករណីនេះ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរូបនាង និងគ្រួសាររបស់នាងយ៉ាងខ្លាំង ។

ស្រីស្អាត នីតា វរវង្ស បានបង្ហោះសារនៅលើបណ្តាញសង្គមថា «ជំរាបសួរពុកម៉ែ បងប្អូនទាំងអស់គ្នា នាងខ្ញុំ នីតា វរវង្ស ចង់ជម្រាបជូនព័ត៌មានដល់អ៊ុំពូមីង បងប្អូនទាំងអស់គ្នាឲ្យបានជ្រាបថា ខ្ញុំមិនបានពាក់ព័ន្ធក្នុងការខ្ចីប្រាក់ជាមួយអ្នកណាទេ។ អញ្ចឹងហើយ បងប្អូន អ៊ំពូមីងមានស្គាល់ម្ចាស់អាក់ខោននេះទេ ហេតុអ្វីក៏យករូបខ្ញុំបង្ហោះជាសាធារណៈធ្វើឲ្យប៉ះពាល់ដល់កិត្តិយសក្រុមគ្រួសាររបស់នាងខ្ញុំ? ទាំងដែលនាងខ្ញុំអត់បានស្គាល់គាត់ទាល់តែសោះ »។
នាងបានបញ្ជាក់ថា «មានបងប្អូន អ៊ុំពូមីងណា មានស្គាល់ម្ចាស់អាក់ខោននេះពិតប្រាកដទេ ខ្ញុំនឹងជូនជាសាគុណ បងប្អូនចូលប្រុងប្រយ័ត្ន ព្រោះឥឡូវមាន account fake ដែលយករូបយើងបង្ហោះជាសាធារណៈបែបធ្វើឲ្យខូចកិត្តិយស ទាំងសាម៉ីខ្លួនគេមិនដឹងអីសោះ បំណងល្អពីនាងខ្ញុំ នីតា វរវង្ស»។
បន្ថែមលើអ្វីដែលបានបង្ហោះខាងលើនេះ ស្រីស្អាត នីតា វរវង្ស ក៏បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចដែរថា «នេះជាលើកទី១ ហើយដែលនាងបានជួបរឿងបែបនេះ ហើយកន្លងមកនាងក៏ធ្លាប់ឃើញមានបងប្អូន និងសិល្បករ សិល្បការិនីមួយចំនួនទៀតក៏ជួបរឿងបែបនេះដែរ»។

នាងបញ្ជាក់ថា «ដោយឃើញមានរឿងបែបនេះ នាងក៏បានចូលទៅមើលគណនីហ្វេសប៊ុកខាងលើ ក៏ឃើញមានការបង្ហោះរូបភាពនាង និងក្រុមគ្រួសារ ដោយបានសរសេរចោទប្រកាន់ថា ជាក្រុមបោ.កប្រា.ស់លុយគេ ទាំងដែលនាងមិនបានដឹងរឿងអ្វីទាំងអស់ ហើយក៏មិនដែលស្គាល់គ្នាទៅនឹងម្ចាស់គណនីម្នាក់នេះដែរ»។
នាងបញ្ជាក់បន្តថា «ក្រោយឃើញមានហេតុការណ៍នេះ នាងក៏បានធ្វើការចែកចាយបន្តនៅលើបណ្តាញសង្គម ហើយក៏មានបងប្អូនស្គាល់គ្នាបានប្រាប់មករូបនាងពីការជួបប្រទះនូវបញ្ហានេះដូចគ្នា ដោយម្ចាស់គណនីមួយនេះ បានយករូបភាពរបស់ពួកគាត់ទៅបង្ហោះ ដោយចោទប្រកាន់ផ្តេសផ្តាស់មិនត្រឹមត្រូវ»។
បើតាមស្រីស្អាត នីតា វរវង្ស បញ្ជាក់ទៀតថា «បន្ទាប់ពីឃើញរឿងហេតុខាងលើនេះ នាងក៏បានព្យាយាមទាក់ទងទៅនិយាយគ្នាដែរ ជាមួយម្ចាស់គណនីរូបនេះ ប៉ុន្តែមិនមានការឆ្លើយតបអ្វីទាំងអស់ ដែលនោះនាងគិតថា គណនីមួយនេះ អាចជាគណនីហ្វេសប៊ុកក្លែងក្លាយប៉ុណ្ណោះ »។
ទោះជាយ៉ាងណា តារាស្រី នីតា វរវង្ស បានស្នើសុំឲ្យមហាជនកុំមានការភាន់ច្រឡំមកលើរូបនាង និងក្រុមគ្រួសារ ចំពោះការបង្ហោះពីគណនីហ្វេសប៊ុកខាងលើ ក្នុងពេលដែលរហូតមកទល់នាពេលនេះ នាងមិនមានការជាប់ពាក់ព័ន្ធណាមួយនូវពាក់ព័ន្ធនឹងការឆបោ.កប្រាក់គេ ហើយក៏មិនដែលខ្ចីលុយអ្នកណាម្នាក់តាមអនឡាញនោះដែរ៕








ចែករំលែកព័តមាននេះ