ទីក្រុងប៉េកាំង៖ ប្រទេសចិនបញ្ចប់តំណែងលោកលីសាងហ៊្វូ (Li Shangfu) ជារដ្ឋមន្ត្រីការពារជាតិ និងជាទីប្រឹក្សារដ្ឋ។ គិតទៅ, ត្រឹមតែរយៈពេល៣ខែប៉ុណ្ណោះ ប្រទេសចិនដកតំណែងរដ្ឋមន្ត្រីចំនួន២រូប។ លោកឈីនកាង (Qin Gang) ដែលត្រូវបានដកហូតតំណែងពីរដ្ឋមន្ត្រីការបរទេសកាលពីខែកក្កដា ក៏ត្រូវអស់តំណែងជាទីប្រឹក្សារដ្ឋថែមទៀតនៅថ្ងៃនេះ។ រដ្ឋសភាចិនបានបោះឆ្នោតអនុម័តទៅលើការដកតំណែងអ្នកទាំង២។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍ស៊ីស៊ីធីវី (CCTV)។
គ្មានការពន្យល់បកស្រាយអ្វីទាំងអស់ពាក់ព័ន្ធនឹងការដកតំណែង និងគ្មានការផ្សាយថាអ្នកណានឹងជំនួសតំណែងនេះ។ ដូច្នេះ តំណែងរដ្ឋមន្ត្រីការពារជាតិនៅទំនេរនៅពេលប្រទេសចិនត្រៀមរៀបចំទទួលភ្ញៀវដែលមកពីក្រសួងការពារជាតិរបស់ប្រទេសដទៃទៀតដែលអញ្ជើញចូលរួមវេទិកាសៀងសាន(Xiangshan Forum)ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែតុលា។
រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោកវ៉ាងស៊ីកាង (Wang Zhigang) និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកលាវឃុន (Liu Kun) ក៏ត្រូវដកហូតតំណែងផងដែរ។ លោកលីសាងហ៊្វូអវត្តមានពីសាធារណៈជនតាំងពី២ខែមុននៅពេលលោកមិនបានអញ្ជើញចូលរួមកិច្ចប្រជុំនៅប្រទេសវៀតណាម។ កាលពីខែកញ្ញា, លោកត្រូវបានអាជ្ញាធរស៊ើបអង្កេតពីបទពុករលួយ។
លោកឡើងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិកាលពីខែមីនា ហើយត្រូវក្រុមអ្នកការទូត និងអ្នកសង្កេតការណ៍តាមដានដោយយកចិត្តទុកដាក់។ មិនខុសពីលោកឈីនកាងនោះទេ, លោកលីសាងហ៊្វូក៏ជាសមាជិកម្នាក់នៃទីប្រឹក្សារដ្ឋទាំង៥រូប។ អ្នកដែលទទួលបានតំណែងនេះមានន័យថាជារដ្ឋមន្ត្រីដែលខ្ពស់ជាងរដ្ឋមន្ត្រីដទៃទៀត។
លោកលីចាប់ផ្ដើមឡើងកូតខ្លាំងនៅពេលលោកស៊ីជីនពីងខិតខំពង្រីកឥទ្ធិពលយោធាដោយសារលោកលីមានជំនាញខាងវិស្វកម្មអវកាសនៃកម្មវិធីផលិតផ្កាយរណបរបស់ប្រទេសចិន។ កាលពីឆ្នាំ២០១៦ លោកលីកាន់តំណែងជាមេបញ្ជាការរងនៃក្រុមការងារផ្នែកយុទ្ធសាស្ត្រ ទទួលបន្ទុកខាងពន្លឿនការអភិវឌ្ឍវិស័យអវកាស និងពង្រឹងសមត្ថភាពធ្វើសង្គ្រាមបច្ចេកវិទ្យា។
ក្រោយមក លោកកាន់តំណែងជាប្រធានការិយាល័យលទ្ធកម្មចាប់ពីឆ្នាំ២០១៧រហូតដល់ក្លាយជារដ្ឋមន្ត្រីការពារជាតិ។ នៅក្នុងកំណត់ហេតុដ៏កម្ររបស់ខ្លួនកាលពីខែកក្កដា ការិយាល័យលទ្ធកម្មថ្លែងថាខ្លួនកំពុងពិនិត្យសើរើឡើងវិញទៅលើប្រវត្តិនៃការដាក់ដេញថ្លៃនៅក្នុងក្រសួងការពារជាតិ។ ការិយាល័យស្នើសុំឱ្យសាធារណៈជនរាយការណ៍ពីភាពមិនប្រក្រតីចាប់ពីឆ្នាំ២០១៧រហូតមក។ គេមិនដែលបានឃើញលទ្ធផលស៊ើបអង្កេតនេះទេ រហូតដល់ថ្ងៃដកហូតតំណែងលោកលីសាងហ៊្វូ៕
ប្រភព៖ Channel News Asia
https://www.channelnewsasia.com/asia/china-defence-minister-li-shangfu-qin-gang-removed-3869026






ចែករំលែកព័តមាននេះ