ទីក្រុងលីសស៊្បន, ប្រទេសព័រទុយហ្កាល់៖ សត្វសុនខដែលមានអាយុវែងជាងគេនៅលើលោកនេះឈ្មោះបូប៊ីបានស្លាប់ហើយនៅវ័យ៣១ឆ្នាំនៅក្នុងគ្លីនិកព្យាបាលសត្វមួយកន្លែងនៃប្រទេសព័រទុយហ្កាល់។ ខាងលើនេះជាសេចក្ដីប្រកាសរបស់ក្រុមកំណត់ត្រាប្លែកៗពិភពលោក ឬហ្គីននេសប៊ុក (Guinness Book)។ ករណីដែលសុនខនេះអាចរស់បានអាយុវែងដល់ថ្នាក់នេះជាករណីពិសេស។ ជាទូទៅសត្វសុនខប្រភេទនេះអាចរស់បានចន្លោះបានពី១២ឆ្នាំទៅ១៤ឆ្នាំ។
ករណីស្លាប់សុនខឈ្មោះបូប៊ីបង្កការភ្ញាក់ផ្អើលទូទាំងពិភពលោកដោយសារសត្វនេះធ្លាប់មានកេរ្តិ៍ឈ្មោះល្បីម្ដងហើយកាលពីខែកុម្ភៈ ឆ្នាំ២០២៣ នៅពេលក្រុមកំណត់ត្រាប្លែកៗពិភពលោកប្រកាសថាសត្វនេះបំបែកឯតទគ្គកម្មខាងអាយុវែងជាងគេ។ ពោលគឺបូប៊ីបំបែកកំណត់ត្រាចាស់របស់សុនខអូស្ត្រាលីឈ្មោះប៊្លូអ៊ី (Bluey)ដែលស្លាប់កាលពីឆ្នាំ១៩៣៩នៅអាយុ២៩ឆ្នាំ។
បូប៊ីរស់បាន៣១ឆ្នាំ និង១៦៥ថ្ងៃ និងបានចំណាយពេលវេលាពេញ១ជីវិតរបស់វារស់នៅជាមួយម្ចាស់ឈ្មោះឡេអូនែល ខូសស្តា (Leonel Costa) និងគ្រួសាររបស់គាត់នៅប្រទេសព័រទុយហ្កាល់។ គេបានពិនិត្យផ្ទៀងផ្ទាត់អាយុរបស់វាពិតជាត្រឹមត្រូវតាមរយៈលិខិតបញ្ជាក់របស់សមាគមបសុសត្វនៃប្រទេសព័រទុយហ្កាល់ និងទិន្នន័យដែលផ្ដល់ដោយរដ្ឋាភិបាលព័រទុយហ្កាល់។ កាលពីខែឧសភា ឆ្នាំ២០២៣ ម្ចាស់បូប៊ីរៀបចំពិធីខួបកំណើតគម្រប់៣១ឆ្នាំដោយមានភ្ញៀវចូលរួមជាង១រយនាក់។
បូប៊ីចាប់កំណើតឡើងមានបងប្អូនរបស់វា៤ក្បាល។ មុនដំបូង ប៉ាម៉ាក់របស់លោកឡេអូនែល ខូសស្តា (Leonel Costa) មិនចង់ទុកកូនសុនខទាំងនេះដើម្បីចិញ្ចឹមទេ។ ដោយសារពួកគេមានកូនសុនខច្រើនហើយ ដូចនេះ ពួកគេក៏យកកូនសុនខ៣ក្បាលទៅបោះចោលនៅក្នុងរណ្ដៅ នៅសល់បូប៊ីអាចរត់គេចខ្លួន។ កាលសម័យនោះ គេច្រើនអនុវត្តវិធីនេះ។ កាលនោះ លោកឡេអូនែលមានអាយុ៨ឆ្នាំ។ គាត់តាមរកឃើញបូប៊ីឃើញ និងលួចចិញ្ចឹមវាស្ងាត់ៗមិនឱ្យអ្នកដទៃនៅក្នុងគ្រួសារដឹងទេ។
នៅពេលប៉ាម៉ាក់របស់ឡេអូនែលដឹងរឿងនេះ អ្វីៗហួសពេលអស់ទៅហើយដោយសារបូប៊ីធំពេញរូបពេញរាង និងមានវ័យកាន់តែច្រើនដែលពួកគេមិនអាចសម្លាប់វាបានឡើយ។ ហេតុនេះ ពួកគេលែងជំទាស់តទៅទៀតហើយ សុខចិត្តចិញ្ចឹមសត្វសុនខនេះជាបន្តទៀត។ នៅក្នុងឆាកជីវិតរបស់វា សត្វសុនខឈ្មោះបូប៊ីពុំដែលត្រូវម្ចាស់ឃាត់ឃាំង ឬចងខ្សែវាទេ។
វាផឹកទឹកច្រើនក្នុងមួយថ្ងៃៗ និងស៊ីចំណីអាហារប្រណីតៗដែលគេចម្អិនសម្រាប់មនុស្សបរិភោគ។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីម្ចាស់របស់វា។ លោកឡេអូនែលយល់ថាមូលហេតុមួយចំនួនដែលធ្វើឱ្យសត្វសុនខនេះមានអាយុវែងដល់ថ្នាក់នេះអាចដោយសារវាជាសត្វដែលចូលចិត្តរក្សាភាពស្ងប់ស្ងាត់ និងរស់នៅដោយសុខក្សេមក្សាន្ត៕
ប្រភព៖ Wion និង BBC
https://www.wionews.com/trending/worlds-oldest-dog-bobi-dies-at-31-after-living-a-calm-and-peaceful-life-650603
https://www.bbc.com/news/world-europe-67194721








ចែករំលែកព័តមាននេះ