ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ចម្រុះ​ស្រុក​ឯក​ភ្នំ ចុះ​កម្ទេច​បទល្មើស​នេសាទ​៦​កន្លែង តែ​រក​មិនឃើញ​ជនល្មើស

6 ខែ មុន
  • បាត់ដំបង

ទីតាំង​ប្រព្រឹត្ត​បទល្មើស​នេសាទ​ចំនួន​០៦​កន្លែង នៅ​តំបន់​ទន្លេសាប ស្ថិត​ក្នុងភូមិ​សាស្ត្រ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ត្រូវ​បាន​កម្លាំង​ចម្រុះ​ឆ្មក់​ចុះ​ទៅ​កា​.​ប់​កម្ទេច​ចោល

ខេត្តបាត់ដំបង ៖ ទីតាំង​ប្រព្រឹត្ត​បទល្មើស​នេសាទ​ចំនួន​០៦​កន្លែង នៅ​តំបន់​ទន្លេសាប ស្ថិត​ក្នុងភូមិ​សាស្ត្រ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ត្រូវ​បាន​កម្លាំង​ចម្រុះ​ឆ្មក់​ចុះ​ទៅ​កា​.​ប់​កម្ទេច​ចោល កាលពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៣​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​មូលដ្ឋាន តែ​រក​មិនឃើញ ឬ​ស្គាល់​អត្តសញ្ញាណ​ម្ចាស់​បទល្មើស​ណា​ម្នាក់​នោះ​ទេ​។

បើ​តាម​សមត្ថកិច្ច បាន​រាយការណ៍​ឱ្យ​ដឹង​ថា នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​នោះ មាន​កម្លាំង​កងរាជអាវុធហត្ថ មន្ត្រី​ជលផល មន្ត្រី​រដ្ឋបាល​ស្រុក​ឯក​ភ្នំ និង​ប្រជា​សហគមន៍​នេសាទ​មួយ​ចំនួន​ផង​ដែរ​។ កម្លាំង​ចម្រុះ​នេះ បាន​ចុះ​បង្ក្រាប​ទីតាំង​ប្រព្រឹត្ត​បទល្មើស​នេសាទ​ចំនួន​០៦​កន្លែង និង​បានកា​.​ប់​កម្ទេច​ឧបករណ៍​នេសាទ (​សាច់​អួន​) និង​ភស្ដុ​តាង​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​។

បើ​តាម​របាយការណ៍ បាន​ឲ្យ​ដឹង​បន្ត​ថា វត្ថុ​តាង​ដែល​ត្រូវកា​.​ប់​បំផ្លាញ​ចោល​នោះ រួម​មាន ៖ សាច់​អួន​ក្រឡា​ញឹក ប្រវែង​ជាង​៣,៣៥០​ម៉ែត្រ​, បង្គោល​ឈើ ចំនួន​៦៧០​ដើម​, ឡុ​ក​ចាប់​ត្រី ចំនួន​១២​ឡុ​ក និង​លែង​កូន​ត្រី​ចម្រុះ​ចូល​ទឹក​វិញ ជិត​១០០​គីឡូក្រាម​ទៀត​ផង​។ ប៉ុន្តែ​របាយការណ៍​មិន​បាន​បង្ហាញ​អត្តសញ្ញាណ​ជន​ប្រព្រឹត្ត​បទល្មើស​ណា​ម្នាក់​នោះ​ទេ​។

គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​ថា ការ​បង្ក្រាប​បទល្មើស​នេសាទ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ សមត្ថ​កិច្ច​ចម្រុះ​ហាក់​បាន​ប្រឹងប្រែង​យ៉ាង​សកម្ម រហូត​មាន​ដាក់​កម្លាំង​ពង្រាយ​ប្រចាំការ និង​ជិះ​កាណូត​ល្បាត​ស្ទើរ​គ្រប់​ទិស​ទី​នៅ​តំបន់​ទន្លេសាប​ទៀត​ផង តែ​ហាក់​មិន​បាន​ធ្វើ​ឲ្យ​ជនល្មើស​ខ្លាចញញើត​ឡើយ​។ ផ្ទុយ​ទៅ​វិញ ជនល្មើស​ហាក់​កាន់តែ​បង្កើត​បទល្មើស​ទ្វេ​ដង ពោល​គឺ​សមត្ថកិច្ច​កាន់តែ​បង្ក្រាប ជនល្មើស​កាន់តែ​បង្កើន​បទល្មើស កាន់តែ​ផ្គើន​។

បើ​តាម​មតិ​នានា បាន​លើក​ហេតុផល​ថា ដរាបណា ជន​ប្រព្រឹត្ត​នៅ​តែ​ស្ថិត​ក្រៅ​គុ​.​ក កុំ​រំពឹង​ថា បទល្មើស​នេសាទ​អាច​ថយ​ចុះ​ឲ្យ​សោះ​។ ព្រោះថា កន្លង​មក គេ​សង្កេត​ឃើញ​សមត្ថកិច្ច​ហាក់​ប្រឹងប្រែង​ណាស់​ក្នុង​ការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នានា តែ​គេ​មិន​ដែល​ឃើញ​ចាប់ខ្លួន​ជន​ប្រព្រឹត្ត​បទល្មើស​ណា​បាន​ម្នាក់ បញ្ជូន​ទៅ​កាន់​តុលាការ​ម្ដង​ឡើយ​។ ដូច្នេះ​ហើយ ទើប​ជនល្មើស​បានចិត្ត បាន​ឱកាស​កាន់តែ​ប្រព្រឹត្ត​បទល្មើស​ទ្វេ​ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ