ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​២​ថ្ងៃ​មក​ហើយ​! នៅ​មិន​ទាន់​រក​ឃើញ​យុវជន​រង​គ្រោះ​ឡើយ ក្រោយ​រអិល​ជើង​​ធ្លាក់ចូល​ទឹក​

6 ខែ មុន
  • បាត់ដំបង

បើ​គិត​ត្រឹម​ម៉ោង​១២​រសៀល ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៣​នេះ គឺ​មាន​រយៈពេល​ជិត​០២​ថ្ងៃ​មក​ហើយ ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​សមត្ថកិច្ច​នៅ​មិន​ទាន់​រាវរក​ឃើញ​សា​.​កស​.​ព​យុវជន​ម្នាក់​ដែល​លង់ទឹក​នៅ​ប្រឡាយ​មួយ​កន្លែង

ខេត្តបាត់ដំបង ៖ បើ​គិត​ត្រឹម​ម៉ោង​១២​រសៀល ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៣​នេះ គឺ​មាន​រយៈពេល​ជិត​០២​ថ្ងៃ​មក​ហើយ ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​សមត្ថកិច្ច​នៅ​មិន​ទាន់​រាវរក​ឃើញ​សា​.​កស​.​ព​យុវជន​ម្នាក់​ដែល​លង់ទឹក​នៅ​ប្រឡាយ​មួយ​កន្លែង ស្ថិត​ក្នុងស្រុក​ថ្មគោល នៅឡើយ​ទេ​។ នេះ​បើ​តាម​ការ​ផ្ដល់​ដំណឹង​ពី​សមត្ថកិច្ច​ដែល​កំពុង​ស្វះស្វែង​ជួយ​រាវរក​ស​.​ព​យុវជន​រង​គ្រោះ​ជាមួយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ។

លោក សេង លុ​ច អធិការ​ស្រុក​ថ្មគោល បាន​រាយការណ៍​ប្រាប់​ឱ្យ​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៣ នៅ​ចំណុច​ប្រឡាយ​លេខ​០២ ស្ថិត​ក្នុងភូមិ​កៀន​កែស​១ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្ន​គោល​។ ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ យ៉ា​ន តា​រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ប៉ោយ​យង់ ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល​។

លោក​អធិការ បាន​ប្រាប់​បន្ត​ថា ជន​រង​គ្រោះ និង​គ្នីគ្នា​ប៉ុន្មាន​នាក់​ទៀត​បាន​នាំ​គ្នា​ជិះ​កង់​ទៅ​លេង​ទឹក​ប្រឡាយ​ខាងលើ ហើយ​ក៏​លង់ទឹក​ប្រឡាយ ខណៈ​ពេល​ទឹក​កំពុង​តែ​ហូរ​ខ្លាំង​ផង ក៏​បាត់​ខ្លួន​រហូត​មក​ដល់​ពេល​នេះ​។ ចំណែក​ក្រុម​គ្រួសារ អ្នក​ភូមិ និង​សមត្ថកិច្ច​បាន​ប្រឹងប្រែង​ជួយ​រាវរក​ដែរ ប៉ុន្តែ​មិន​ទាន់​ប្រទះ​ឃើញ​សា​.​កស​.​ព​យុវជន​រូប​នោះ​ទេ ហើយ​រហូត​មក​ដល់​ត្រឹម​ម៉ោង​១២​ថ្ងៃ​ត្រង់នេះ ក៏​មិន​ទាន់​រក​ឃើញ​ដែរ ខណៈ​ទាំង​សមត្ថកិច្ច ទាំង​អ្នក​ភូមិ និង​សាច់ញាតិ​កំពុង​តាម​រកស​.​ព​ជន​រង​គ្រោះ​នៅឡើយ​។

បើ​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ដែរ​ថា ជន​រង​គ្រោះ​បាន​ជិះ​កង់​ទៅ​លេង​ទឹក​ប្រឡាយ​ខាងលើ​នេះ ជាមួយ​ក្មេង​ៗ​ប៉ុន្មាន​នាក់​ទៀត​។ ពេល​នោះ​ជន​រង​គ្រោះ​ព្យាយាម​ចុះ​លេង​ទឹក​ប្រឡាយ​នោះ តែ​ពេល​ព្យាយាម​ចុះ​ទឹក ស្រាប់តែ​ជន​រង​គ្រោះ​រអិល​ជើង​ធ្លាក់ទឹក​ដោយ​ពុំ​ទាន់​បាន​ត្រៀមលក្ខណៈ​អ្វី​ទាំងអស់ ស្រប​ពេល​ដែល​ទឹក​កំពុង​តែ​ហូរ​ខ្លាំង​ផង​។

ប្រភព​ដដែល​បាន​បន្ត​ថា គ្រានោះ ជន​រង​គ្រោះ​បាន​ស្រែកហៅ​ឲ្យ​ក្មេង​ប្រុស​ម្នាក់​ដែល​ឈរ​នៅ​ខាងលើ ឲ្យ​ជួយ​ទាញ​ដៃ​ឡើងគោក​វិញ តែ​ពេល​ក្មេង​ប្រុស​រូប​នោះ​ស្ទុះ​ទៅ​ចាប់ដៃ គឺ​ចាប់​មិន​ជាប់​ឡើយ ក៏​របូត​ដៃ​លិច​បាត់​ជន​រង​គ្រោះ​ភ្លាម​ៗ​តែ​ម្ដង​។ ដោយសារ​តែ​មិន​អាច​ជួយ​សង្គ្រោះ​យុវជន​រង​គ្រោះ​រូប​នេះ​បាន ហើយ​ក៏​លិច​បាត់​ស្ងាត់ឈឹង​ទៀត ទើប​ក្មេង​ប្រុស​ម្នាក់​នោះរ​ត់ទៅ​ហៅ​អ្នក​ភូមិ​ឲ្យ​ជួយ ហើយ​ក៏​បង្ក​ឱ្យ​មានការ​ផ្អើល​យ៉ាង​ព្រោងព្រាត​ភ្លាម​ៗ រួច​នាំ​គ្នា​មក​ជួយ​រាវរក តែ​រក​មិនឃើញ​ឡើយ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​កន្លែង​កើតហេតុ ភ្លាម​ៗ​នោះ គេ​ឃើញ​សាច់ញាតិ​ជន​រង​គ្រោះ អ្នក​ភូមិ និង​សមត្ថកិច្ច​មូលដ្ឋាន​រាប់​សិប​នាក់​បាន​ចុះ​រាវរក​ជន​រង​គ្រោះ​នៅ​ក្នុង​ប្រឡាយ ខណៈ​ស្ថានភាព​ទឹក​កំពុង​តែ​ហូរ​ខ្លាំង តែ​រក​មិនឃើញ​ជន​រង​គ្រោះ​ទេ បើ​ទោះបីជា​គេ​នាំ​គ្នា​ទម្លាក់​ទ្វារ​ទឹក​កុំ​ឲ្យ​ហូរ​ខ្លាំង​ក្ដី​។

ចំណែក​សាក្សី​នៅ​ទីនោះ ក៏​បាន​និយាយ​ដែរ​ថា មនុស្ស​ជា​ច្រើន​នាក់​នាំ​គ្នា​ចុះ​រាវរក​ជន​រង​គ្រោះ ចាប់តាំងពី​ពេល​កើតហេតុ រហូត​ថ្ងៃ​ទី​២២ ខែតុលា តែ​រក​មិនឃើញ​សា​.​កស​.​ព​ជន​រង​គ្រោះ​ឡើយ​។

អធិការ​ស្រុក​ថ្មគោល លោក សេង លុ​ច បាន​បញ្ជាក់​ថា បើ​តាម​ការ​ពិនិត្យ​ស្ថានភាព​កន្លែង​កើតហេតុ លោក​សង្ស័យ​សា​.​កស​.​ព​ជន​រង​គ្រោះ​ទើរ​ជាប់​នៅ​ក្នុង​លូ​ទ្វារ​ទឹក ទើប​រក​មិនឃើញ​នៅ​តាម​ប្រឡាយ ខណៈ​អ្នក​ជួយ​រាវរក​រាប់​សិប​នាក់​នាំ​គ្នា​ស្វែងរក​តាំង​ពីលើ រហូត​ដល់​ប៉ែក​ខាងក្រោម​ហើយ បើ​គិត​ត្រឹម​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២២ ខែតុលា គឺ​ជិត​០២​ថ្ងៃ​មក​ហើយ នៅ​តែ​រក​មិនឃើញ​ទៀត​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ក៏​លោក​បាន​បញ្ជាក់​ទៀត​ថា ទាំង​កម្លាំង​សមត្ថកិច្ច ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​អ្នក​ភូមិ​ផង បាន​និង​កំពុង​ស្វែងរក​ស​.​ព​ជន​រង​គ្រោះ​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ