ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

EU ដាក់​កំហិត Meta និង TikTok ផ្តល់​របាយការណ៍​ព័ត៌មាន​មិន​ពិត​របស់​ក្រុម​ហា​ម៉ាស

6 ខែ មុន

អន្តរជាតិ ៖ សហភាព​អឺរ៉ុប ដែល​ហៅ​កាត់​ថា EU បាន​ប្រាប់​ទៅ​កាន់​ក្រុមហ៊ុន​យក្ស TikTok និង​ក្រុម

អន្តរជាតិ ៖ សហភាព​អឺរ៉ុប ដែល​ហៅ​កាត់​ថា EU បាន​ប្រាប់​ទៅ​កាន់​ក្រុមហ៊ុន​យក្ស TikTok និង​ក្រុមហ៊ុនមេ​តា (Meta) ដែល​ជា​ក្រុមហ៊ុនមេ​របស់​បណ្តាញ​សង្គម​យក្ស Facebook និង Instagram ត្រូវ​តែ​ផ្តល់​ព័ត៌មាន​ដល់ EU អំពី​ការ​រីក​រាលដាល​នៃ​ព័ត៌មាន​មិន​ពិត​នៅ​លើ​វេទិកា​របស់​ពួក​គេ​ទាក់ទង​នឹង​ជម្លោះ​អ៊ី​ស្រា​អែ​ល​-​ហ្គា​ហ្សា (Israel-Gaza)​។

កន្លង​មក EU បាន​ផ្តល់​ពេល​២៤​ម៉ោង ដើម្បី​ផ្តល់​ចម្លើយ​ចំពោះ​កង្វល់​មួយ​នេះ​។ ប៉ុន្តែ​សំណើ​នោះ មិន​មាន​កម្លាំង​ផ្លូវច្បាប់​គ្រប់គ្រាន់​នោះ​ទេ មុន​ពេល​ដែល​ការ​ទាមទារ​ចុង​ក្រោយ​នេះ ត្រូវ​បាន​ធ្វើ​ឡើង ដោយ​ក្រុមហ៊ុន​យក្ស​ទាំង​ពីរ​មាន​ពេល​១​ស​ប្តា​ហ៍ ដើម្បី​ឆ្លើយ​តប​។ ស្ថិត​នៅ​ក្រោម​ច្បាប់​បច្ចេកវិទ្យា​ថ្មី​របស់​ខ្លួន EU អាច​បើក​ការ​ស៊ើបអង្កេត​ផ្លូវការ ប្រសិនបើ​មិន​ពេញចិត្ត​នឹង​ការ​ឆ្លើយ​តប​របស់​ភាគី​ក្រុមហ៊ុន​។ EU មានការ​ព្រួយបារម្ភ​អំពី​ការ​រីក​រាលដាល ដែល​អាច​កើត​មាន​ពី​សំណាក់​ក្រុម​ភេរវ​ករ និង​ខ្លឹមសារ​ហិង្សា ក៏​ដូច​ជា​ការ​និយាយ​ស្អប់ខ្ពើម បន្ទាប់​ពី​ការ​វាយប្រហារ​របស់​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន​លើ​ប្រទេស​អ៊ី​ស្រា​អែ​ល​។

អ្នកនាំពាក្យ TikTok ដែល​ជា​ក្រុមហ៊ុន​យក្ស​របស់​ចិន បាន​ថ្លែង​ថា «​យើង​នឹង​បោះពុម្ព​របាយការណ៍​តម្លាភាព​ដំបូង​របស់​យើង​ក្រោម​ច្បាប់​ថ្មី​ស​ប្តា​ហ៍​ក្រោយ ដែល​នឹង​បញ្ចូល​ព័ត៌មាន​បន្ថែម​អំពី​ការងារ​ដែល​កំពុង​ដំណើរការ ដើម្បី​រក្សា​សហគមន៍​អឺរ៉ុប​របស់​យើង​ឱ្យ​មាន​សុវត្ថិភាព​»​។ ចំណែក​អ្នកនាំពាក្យ Meta ក្រុមហ៊ុន​យក្ស​របស់​សហរដ្ឋអាមេរិក ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា «​យើង​កំពុងធ្វើការ​គ្រប់ពេល ដើម្បី​រក្សា​សុវត្ថិភាព​វេទិកា​របស់​យើង ដោយ​ចាត់វិធានការ​លើ​ខ្លឹមសារ​ដែល​បំពាន​គោលការណ៍ ឬ​ច្បាប់​ក្នុង​តំបន់ និង​សម្របសម្រួល​ជាមួយ​អ្នកត្រួតពិនិត្យ​ការ​ពិត​នៃ​ភាគី​ទី​៣ នៅ​ក្នុង​តំបន់ ដើម្បី​កំណត់​ការ​រីក​រាលដាល​នៃ​ព័ត៌មាន​មិន​ពិត​របស់​យើង ដែល​លើស​ពី​អ្វី​ដែល​យើង​បាន​ចែករំលែក​រួច​ហើយ ហើយនឹង​ឆ្លើយ​តប​ទៅ​កាន់ EU»​។

តម្រូវការ​ចុង​ក្រោយ EU កើតឡើង​១​ស​ប្តា​ហ៍ បន្ទាប់​ពី​បាន​ទាក់ទង​ទៅ​កាន់​ក្រុមហ៊ុន X ដែល​ពី​មុន​ត្រូវ​បាន​គេ​ស្គាល់​ថា Twitter ជុំវិញ​ការ​ព្រួយបារម្ភ​ដូច​គ្នា​នេះ​។ X បាន​ឆ្លើយ​តប​នៅ​ពេល​នោះ​ថា ខ្លួន​បាន​ដក​គណនី​រាប់រយ ដែល​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ជ្រុលនិយម​ហា​ម៉ាស​ចេញពី​វេទិកា​របស់​ខ្លួន​។

បណ្តា​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បានឃើញ​ការ​កើនឡើង នូវ​ព័ត៌មាន​មិន​ពិត​អំពី​ជម្លោះ​រវាង​អ៊ី​ស្រា​អែ​ល និង​ក្រុម​ហា​ម៉ាស ដែល​ក្នុង​នោះ​រួម​ទាំង​រូបភាព និង​វី​ដេ​អូ​ផង​ដែរ​។ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Meta, TikTok, X និង Google ម្នាក់​ៗ​សុទ្ធតែ​បាន​ទទួល​សំបុត្រ​ពី​លោក Thierry Breton ដែល​ជា​ស្នងការ​សហភាព​អឺរ៉ុប កាលពីដើម​ខែតុលា ដោយ​ផ្តល់​ឱ្យ​ពួក​គេ​២៤​ម៉ោង​ដើម្បី​ឆ្លើយ​តប​។ ប៉ុន្តែ​លិខិត​ទាំងនោះ​មិនមែន​ជា​សំណើ​ផ្លូវការ និង​ស្របច្បាប់ នៅ​ក្រោម​ច្បាប់​បច្ចេកវិទ្យា​ថ្មី​របស់ EU ដែល​គ្រប់គ្រង​មាតិកា​ដែល​ត្រូវ​បាន​អនុញ្ញាត​លើ​អ៊ីនធឺណិត​។

យ៉ាងណាមិញ ឥឡូវនេះ ស្ថិត​ក្រោម​ច្បាប់​សេវាកម្ម​ឌី​ជី​ថ​ល ដែល​ហៅ​កាត់​ថា DSA បណ្តា​ក្រុមហ៊ុន​ទាំងអស់ ត្រូវ​តែ​ឆ្លើយ​តប​តាម​កាលកំណត់ ខណៈ​ដែល​ការ​ខកខាន​ក្នុង​ការ​អនុលោម​តាម DSA អាច​បណ្តាល​ឱ្យ​មានការ​ផាកពិន័យ​រហូត​ដល់ ៦% នៃ​ចំណូល​ជា​សកល​របស់​ក្រុមហ៊ុន​៕ (​ប្រភព​ពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ