រាជធានីភ្នំពេញ ៖ បើតាមក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ប្រាប់ឱ្យដឹងថា ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ ប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយកាត់លើភាគខាងត្បូងប្រទេសកម្ពុជា ខណៈសម្ពាធទាបសកម្មដែលភ្ជាប់នៅចុងប្រព័ន្ធសម្ពាធទាបនេះ បានចូលដល់ភាគកណ្តាលនៃប្រទេសវៀតណាម ហើយនឹងបន្តរំកិលឆ្ពោះមកទិសខាងលិចចូលដល់លើខ្ពង់រាបភាគឦសាន នៅថ្ងៃទី១៧ ខែតុលាស្អែកនេះ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យរាជធានីភ្នំពេញ ព្រមទាំងតាមបណ្តាខេត្ត អាចនឹងមានភ្លៀងធ្លាក់លាយឡំទៅដោយផ្គរ និងរន្ទះផងដែរ។

យោងតាមសេចក្តីជូនដំណឹងអំពីស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ របស់ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា ប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយកាត់លើភាគខាងត្បូងប្រទេសកម្ពុជា។ ខណៈសម្ពាធទាបសកម្មដែលភ្ជាប់នៅចុងប្រព័ន្ធសម្ពាធទាបនេះ បានចូលដល់ភាគកណ្តាលនៃប្រទេសវៀតណាម ហើយនឹងបន្តរំកិលឆ្ពោះមកទិសខាងលិចចូលដល់លើខ្ពង់រាបភាគឦសាន នៅថ្ងៃទី១៧ ខែតុលាស្អែកនេះ។ រីឯទិសដៅខ្យល់បន្តបក់ប្រែប្រួលប្តូរមកពីទិសខាងកើត និងអាគ្នេយ៍ (Variable winds) វិញ។

ក្រសួងធនធានទឹក និងឧតុនិយម បន្តថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលា នៅបណ្តាខេត្ត ស្ថិតក្នុងតំបន់ខ្ពង់រាបភាគឦសាន និងភាគខាងកើតជាប់នឹងប្រទេសវៀតណាម អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំជាមួយនឹងផ្គរ រន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ចាប់ពី៥០% រហូតដល់៧០%។

ក្រសួងធនធានទឹក និងឧតុនិយម បន្តទៀតថា ចំណែកនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តដទៃទៀតវិញ ក៏អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតចាប់ពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ និងរន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីចាប់ពី៤០% រហូតដល់៥០% ផងដែរ៕




ចែករំលែកព័តមាននេះ