រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកទូទាំងប្រទេសប្រចាំឆ្នាំ២០១១ ដែលរៀបចំធ្វើឡើងដោយក្រសួងអប់រំ យុវជននិងកីឡា បានចាប់ដំណើរការប្រកួតជាផ្លូវការពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែឧសភា ។
លោកណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានឱ្យដឹងថា ការប្រកួតឆ្នាំនេះ មានកីឡាករ-កីឡាការិនីចំនួន២៩០នាក់ មកពីក្លឹបចំនួន១២ដែលមកពីខេត្តកំពង់ចាម ក្រចេះ កំពង់ឆ្នាំង តាកែវ និងរាជធានីភ្នំពេញ ។ ចំណែកវិញ្ញាសាដែលដាក់ឱ្យប្រកួតមានកាយសម្ព័ន្ធ អាអេរ៉ូទីក និងកាយសម្ព័ន្ធអាទីស្ទីក ហើយត្រូវធ្វើការបែងចែកជា២ក្របខណ្ឌ គឺក្របខណ្ឌ ក១ និងក២ ។ លោកបានបញ្ជាក់ថា ចំនួនក្លឹបនិងកីឡាករឆ្នាំនេះមានប្រហាក់ប្រហែលនឹងឆ្នាំមុនៗដែរ ។ ជារៀងរាល់ឆ្នាំ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា តែងបានបញ្ជូនកីឡាករ-កីឡាការិនីជម្រើសជាតិទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិជាញឹកញាប់ ហើយក៏តែងតែទទួលបានមេដាយជាច្រើនទៀតផង ។
លោកណយ ផាន់ណា បានថ្លែងថា កីឡាកាយសម្ព័ន្ធកម្ពុជាពី១ឆ្នាំទៅ១ឆ្នាំ មានការរីកចម្រើនជាលំដាប់ ជាពិសេសសមត្ថភាពកីឡាករជម្រើសជាតិអាយុ១៨ឆ្នាំឡើង មានកម្រិតបច្ចេកទេសល្អច្រើន ។ ដោយឡែក ចំពោះកីឡាករ-កីឡាការិនីអាយុ១៧ឆ្នាំចុះវិញ ក៏កំពុងតែមានការវិវឌ្ឍលើផ្នែកបច្ចេកទេសគួរឱ្យកត់សម្គាល់ ។ លោកបានលើកឡើងពីភាពតស៊ូរបស់កីឡាករ-កីឡាការិនីកាយសម្ព័ន្ធ ដែលភាគច្រើនកើតចេញមកពីគ្រួសារក្រីក្រ និងជាអ្នករស់នៅតាមទីជនបទ បើទោះជាមានជួបការលំបាកលើផ្នែកជីវភាពបន្តិចក្តីក៏ពួកគេនៅតែខិតខំតស៊ូរហូតទាល់តែបានក្លាយជាកីឡាករឆ្នើម ។ លោកបានរំលឹកថែមទៀតថា ប្រភេទកីឡាកាយសម្ព័ន្ធ គឺត្រូវជ្រើសរើសតាំងពីនៅតូចៗម៉្លេះ បើមិនអុីចឹងទេ គឺមិនអាចហាត់ពត់ខ្លួនឱ្យបានល្អឡើយ ៕
ចែករំលែកព័តមាននេះ