រមណីយដ្ឋានទឹកធ្លាក់ «អូរដាសិលាទូកមាស» បញ្ចេញសម្រស់ស្រស់ស្អាតនារដូវវស្សា(វីដេអូ)
- កំពង់ឆ្នាំង
រមណីយដ្ឋានទឹកធ្លាក់ «អូរដា» ត្រូវបានអាជ្ញាធរភូមិ-ឃុំរៀបចំបង្កើតជាសហ គមន៍ ទេសចរណ៍ ដែលមានឈ្មោះថា
រមណីយដ្ឋានទឹកធ្លាក់ «អូរដា» ត្រូវបានអាជ្ញាធរភូមិ-ឃុំរៀបចំបង្កើតជាសហ គមន៍ ទេសចរណ៍ ដែលមានឈ្មោះថា
ខេត្តកំពង់ឆ្នាំង ៖ រមណីយដ្ឋានទឹកធ្លាក់ «អូរដា» ត្រូវបានអាជ្ញាធរភូមិ-ឃុំរៀបចំបង្កើតជាសហគមន៍ទេសចរណ៍ ដែលមានឈ្មោះថា «ទឹកធ្លាក់អូរដាសិលាទូកមាស» ហើយក៏បានក្លាយជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរទៅលេងកម្សាន្តផងដែរ។ ប៉ុន្តែប្រការដែលគួរឲ្យសោកស្ដាយនោះ ដោយសារតែភូមិសាស្ត្រនេះ មានទឹកធ្លាក់តែរយៈពេលជាង៣ខែតែប៉ុណ្ណោះ គឺរដូវភ្លៀងធ្លាក់ក្នុងមួយឆ្នាំ។ ម្ល៉ោះហើយ បច្ច័យដែលបានមកពីការរៃអង្គាសពីពុទ្ធបរិស័ទ ភ្ញៀវទេសចរទៅលេងកម្សាន្ត រួមនឹងសប្បុរសជននានា គឺបានតិចតួច ធ្វើឲ្យការកសាងទីរមណីយដ្ឋានមួយនេះ មានភាពយឺតយ៉ាវ។
ប្រធានសហគមន៍ទឹកធ្លាក់ «អូរដាសិលាទូកមាស» លោកតា សន សូត អាយុ៧៤ឆ្នាំ មានប្រសាសន៍ឱ្យដឹងថា «សហគមន៍ទេសចរណ៍ទឹកធ្លាក់ អូរដាសិលាទូកមាស ត្រូវបានអាជ្ញាធរមូលដ្ឋានរៀបចំបង្កើតឡើងនៅឆ្នាំ២០០៥ ហើយបើគិតរហូតមកដល់ពេលនេះ គឺមានអាយុ១៨ ឆ្នាំមកហើយ។ ចំណែកការកសាងវិញ គឺបានតិចតួច ដោយសារតែថវិការមានកំណត់ ដែលបានពីការចូលបច្ច័យពីពុទ្ធបរិស័ទ ភ្ញៀវទេសចរមកលេងកម្សាន្ត និងសប្បុរសជននានា។ ហើយថវិការទាំងនោះ បានកសាងជាកាំជណ្តើរឡើងទៅលើ រួមទាំងបង្កាន់ដៃ កសាងទីស្ទាក់ទឹក និងរៀបចំផ្លូវឡើងទៅកាន់រមណីយដ្ឋាននេះឲ្យបានងាយស្រួល»។
លោកតា ប្រធានសហគមន៍ បានបន្តថា «ក្នុងមួយឆ្នាំ មានទឹកធ្លាក់តែជាង៣ខែតែប៉ុណ្ណោះ គឺចាប់ពីខែកក្កដា ដល់ខែតុលា ឬលើសនេះ ប្រសិនបើក្នុងខែនេះ ពុំសូវមានភ្លៀងធ្លាក់ទេ ក៏មិនសូវសម្បូរទឹកលេងដែរ។ ហើយនៅក្នុងរដូវគ្មានទឹកធ្លាក់ ភ្ញៀវទេសចរក៏នៅតែអាចមកលេងកំម្សាន្ត ដោយមកអង្គុយលេងតាមផ្ទាំងថ្មធំៗ ក្រោមម្លប់ឈើ និងស្រូបយកខ្យល់អាកាសក៏បានដែរ»។
ចំណែកប្រជាការពារភូមិដា លោក ញឹប ធិន ក៏បានមានប្រសាសន៍ដែរថា «ក្នុងខែបុណ្យដាក់បិណ្ឌ និងបុណ្យភ្ជុំបិណ្យខាងមុខនេះ នៅពេលមានទឹកធ្លាក់ ក្រុមប្រជាការពារភូមិរបស់លោកមានគ្នា១៤នាក់បានមករៀបចំសម្រាប់សណ្ដាប់ធ្នាប់ ជាមួយនឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងស្រុក ដោយរៀបចំដាក់ភាស៊ីកង់ ម៉ូតូ និងរថយន្តនៅផ្នែកខាងក្រោម និងចែកគ្នាខ្លះមកផ្នែកខាងលើ ដើម្បីការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ជូនភ្ញៀវទេសចរដែលមកលេងកម្សាន្ត»។
រីឯយុវជនមួយក្រុម ដែលមកពីឃុំពន្លៃ ស្រុកបរិបូណ៌ ក៏បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា «ក្រុមគាត់មកកម្សាន្តនៅទឹកធ្លាក់នេះ តាមរយៈកាណែនាំរបស់មិត្តភក្តិ។ ពេលមកដល់ទីនេះ មានអារម្មណ៍សប្បាយរីករាយ ជាមួយនឹងធម្មជាតិ ដែលមានទឹកធ្លាក់ មានខ្យល់អាកាសបរិសុទ្ធ និងម្លប់ឈើយ៉ាងត្រជាក់ នេះជាលើកទី១ហើយ ដែលក្រុមខ្លួនបានមកស្គាល់ទីនេះ»។
សូមរំលឹកផងដែរថា អភិបាលស្រុកកំពង់លែង លោក យ៉ែម លក្ខិណា កាលពីពេលថ្មីៗនេះពេលកំពុងរៀបចំជួសជុលផ្លូវចូល ចាប់ពីផ្លូវជាតិលេខ៥០ ឆ្ពោះមកកាន់តំបន់ទឹកធ្លាក់អូដានេះ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ សូមអញ្ជើញមកលេងកម្សាន្តនៅតំបន់ទឹកធ្លាក់ «អូរដាសិលាទូកមាស» ដែលមានទីតាំងស្ថិតនៅក្នុងភូមិដារ ឃុំដារ ស្រុកកំពង់លែង ឱ្យបានច្រើន ក្នុងពេលកំពុងតែមានទឹកធ្លាក់នេះ៕
ចែករំលែកព័តមាននេះ