តាមសារព័ត៌មានបរទេសផ្សាយថ្ងៃទី១៦ ឧសភា ថា បុរសវ័យចំណាស់ម្នាក់ក្នុងក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានបង្កើតនូវរឿងរ៉ាវល្បីរន្ទឺមួយដោយយកប្រាក់ផ្ទាល់ខ្លួនដែលសន្សំបានជាង១៤០.០០០ដុល្លារ ទៅចំណាយក្នុងការធ្វើស្លាកឃោសនាដើម្បីប្រកាសឱ្យសាធារណជនដឹងថា ពិភពលោកនឹងសាបសូន្យនៅថ្ងៃទី២១ ឧសភា ខាងមុខ។ បើស្តាប់មើលទៅ គាត់ទំនងជាសរសៃប្រសាទហើយ។
នៅក្នុងរបាយការណ៍បញ្ជាក់ថា បុរសខាងលើនេះឈ្មោះ រ៉ូប៊ើត ហ្វ៊ីតប៉ាទ្រិក អាយុ៦០ឆ្នាំ នៅក្រុងញូវយ៉ក សម្រេចចិត្តយកប្រាក់ដែលសន្សំបានជាង១៤០.០០០ដុល្លារទៅធ្វើស្លាកឃោសនាជាង១.០០០ផ្ទាំង បិទនៅ តាមស្ថានីយរថភ្លើងក្រោមដី និងតាមរថយន្តក្រុងដើម្បីប្រកាសអាសន្នដល់មនុស្សម្នាថា ថ្ងៃបញ្ចប់ផែនដីនឹងរំកិលមកដល់នៅថ្ងៃទី២១ ឧសភា ខាងមុខ ស្របតាមទំនាយផ្ទាល់ខ្លួនរបស់គេ។ ស្របពេលជាមួយគ្នានេះ លោកហ្វ៊ីតប៉ាទ្រិក បានគូសបញ្ជាក់ក្នុងការផ្តល់បទសម្ភាសន៍ជាមួយកាសែតញូវយ៉កប៉ុស្តិ៍ថា នឹងកើតមានការរញ្ជួយដីដ៏ធំនៅថ្ងៃទី២១ ឧសភា ខាងមុខ ក្នុងអំឡុងម៉ោងប្រហែល៦ល្ងាចម៉ោងក្នុងស្រុក គឺជាហេតុការណ៍រញ្ជួយដីលុបបំបាត់ពិភពលោកធ្វើឱ្យវត្ថុមានជីវិតនៅលើផែនដីត្រូវសាបសូន្យ។ លើសពីនេះលោកបានបន្តទៀតថា ថ្ងៃខាងលើជាថ្ងៃដែលព្រះជាម្ចាស់នឹងបញ្ឈប់ការជួយសង្គ្រោះមនុស្សជាតិ។
គួរបញ្ជាក់ថា កាលពីមុននេះនៅប្រទេសអេមីរ៉ាត អារ៉ាប់រួម ហេតុការណ៍ដូចខាងលើធ្លាប់បានកើតឡើងនៅទីក្រុងឌូបៃ ដោយអាជ្ញាធរបានបំផ្លាញស្លាកឃោសនាពីការបំផ្លាញពិភពលោកដែលបានសរសេរថា ពិភពលោកនឹងត្រូវបំផ្លាញនៅថ្ងៃទី២១ ឧសភា ខាងមុខ ដែរ។ ប៉ុន្តែតាមរយៈការបង្ហើបឱ្យដឹងពីក្រុមឃោសនាផ្សព្វផ្សាយស្លាកបដាខាងលើបញ្ជាក់ថា ការឃោសនាប្រភេទនេះគ្រាន់តែជាអត្ថន័យមួយជួយដល់មនុស្សលោកឱ្យបានយល់ពីស្ថានភាពជីវិតរបស់ខ្លួន មិនមែនជាអត្ថន័យមួយក្នុងការគំរាមមនុស្សជាតិឱ្យភ័យខ្លាចឡើយ ៕
ចែករំលែកព័តមាននេះ