ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ក្រពើ​៣​ក្បាល​រួច​ចេញពី​ទ្រុង និង​ចូល​ផ្ទះ​ពលរដ្ឋ​១​ក្បាល​នោះ ត្រូវ​ចាប់​បាន​វិញ​ហើយ​(​វី​ដេ​អូ​)

6 ខែ មុន
  • សៀមរាប

អាជ្ញាធរ​ស្រុក​ជីក្រែង សហការ​ជាមួយ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ ដែល​រួច​ចេញពី​ទ្រុង​ចំនួន​៣​ក្បាល និង​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​១​ក្បាល​នោះ ពេល​នេះ​ត្រូវ​ចាប់​បាន​វិញ​អស់ហើយ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​

ខេត្តសៀមរាប ៖ អាជ្ញាធរ​ស្រុក​ជីក្រែង សហការ​ជាមួយ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ ដែល​រួច​ចេញពី​ទ្រុង​ចំនួន​៣​ក្បាល និង​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​១​ក្បាល​នោះ ពេល​នេះ​ត្រូវ​ចាប់​បាន​វិញ​អស់ហើយ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​មានការ​ព្រួយបារម្ភ​បន្ត​ទៅ​ទៀត​។

ហេតុការណ៍​សត្វ​ក្រពើ​រួច​ចេញ​ទ្រុង​៣​ក្បាល​ខាងលើ​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ត្រាវ ឃុំ​គោក​ធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប ហើយ​ត្រូវ​អាជ្ញាធរ​ស្រុក​ជីក្រែង សហការ​ជាមួយ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ ចាប់​បាន​មក​វិញ​នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ដដែល​។

បើ​តាម​លោក​វរសេនីយ៍ឯក តាំង លី​ហេង អធិការ​នគរបាល​ស្រុក​ជីក្រែង បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២៣ ថា «​ករណី​សត្វ​ក្រពើ​រួច​ចេញពី​អាង​ចិញ្ចឹម​ក្រពើ នៅ​ត្រង់​ចំណុច​ផ្លូវលំ​ក្រាល​កៅស៊ូ (​ដី​របង​ព័ទ្ធ​ជុំវិញ និង​អាង​ក្រពើ​) ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ត្រាវ ឃុំ​គោក​ធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប​នោះ បាន​រក​ឃើញ​វិញ​ទាំង​អស់ហើយ​»​។

លោក​បន្ត​ថា «​ម្ចាស់​អាង​ក្រពើ​ដែល​រួច​សត្វ​ក្រពើ​នោះ មានឈ្មោះ ឆៃ វី​តា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​អន្លង់ ឃុំ​គោក​ធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប​។ ហើយ​ចំពោះ​មូលហេតុ​ធ្វើ​ឱ្យ​សត្វ​ក្រពើ​រួច​ចេញពី​អាង​ចិញ្ចឹម​ក្រពើ​នេះ គឺ​មក​ពី​អ្នក​ដែល​ជួយ​ចិញ្ចឹមសត្វ​ក្រពើ​មានការ​ធ្វេសប្រហែស បណ្ដាល​ឱ្យ​សត្វ​ក្រពើ​រួច​ចេញពី​អាង​ចិញ្ចឹម​ក្រពើ ដោយសារ​តែ​ភ្លៀង​ខ្លាំង​ទឹក​លិច​»​។

លោក​បន្ថែម​ទៀត​ថា «​តាម​ការ​បញ្ជាក់​ពី​ម្ចាស់​មានឈ្មោះ ឆៃ វី​តា បាន​រាយការណ៍​ថា សត្វ​ក្រពើ​ដែល​រួច​ចេញពី​អាង​ចំនួន​៣​ក្បាល ហើយ​គាត់​បាន​ចិញ្ចឹមសត្វ​ក្រពើ​អាយុ​២​ឆ្នាំ​មាន​ចំនួន​៣០០​ក្បាល និង​ពងក្រពើ​ចំនួន​១០០០​ក្បាល​សម្រាប់​ភ្ញាស់​លក់​»​។

ចំណែក​លោក បូ ម៉េ​ង​ទ្រី អភិបាលស្រុក​ជីក្រែង ក៏​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា «​សូម​ពលរដ្ឋ ក៏​ដូច​ជា មហាជន​កុំ​មានការ​ព្រួយបារម្ភ​អំពី​ករណី​សត្វ​ក្រពើ​រួច​ចេញ​អាង​នេះ​ទៀត ព្រោះថា សមត្ថកិច្ច និង​ម្ចាស់​កសិដ្ឋាន​បាន​រក​ឃើញ​វិញ​អស់ហើយ​»​។ លោក​បន្ត​ថា «​ចំពោះ​ទីតាំង​រួច​នោះ មិនមែន​នៅ​ជាប់មាត់​ស្ទឹង​ជីក្រែង​នោះ​ទេ​។ ករណី​នេះ អាជ្ញាធរ​នឹង​មាន​វិធានការ​ឲ្យ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ខាងលើ រៀបចំ​ទីតាំង​នេះ​ឱ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ​ទៅ​តាម​ស្តង់ដា​»​។

រីឯ​ប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ បាន​ប្រាប់​ដែរ​ថា «​ករណី​ដែល​ធ្លាយ​រឿង​រួច​សត្វ​ក្រពើ​នឹង គឺ​បណ្ដាល​មក​ពី​អ្នក​ជិតខាង​ជាប់​នឹង​អាង​ក្រពើ​នោះ បាន​បង្ហោះ Facebook ទើប​មានការ​ចាប់អារម្មណ៍​តែ​ម្តង​»​។

លោក​បន្ថែម​ថា «​សូម​បងប្អូន​ប្រជាពលរដ្ឋ​រាយការណ៍​មក​អាជ្ញាធរ​ភ្លាម ក្នុង​ករណី​អាច​មាន​ក្រពើ​ភ្នំ​មក​ពី​បែក​ខាងលើ​ជួរ​ភ្នំ ឬ​ក្រពើ​ឡើង​មក​ពី​ទន្លេសាប ដែល​អាច​មាននៅ​សេសសល់​កន្លង​មក ដូច្នេះ​បើសិនជា​បាន​ប្រទះ​ឃើញ សូម​រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន​ភ្លាម​ៗ ។

លោក​បាន​ថែម​ទៀត​ថា សូម​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​កុមារ​តូច​ៗ​ដែល​ចូល​ចិត្ត​លេង​ទឹក សូម​ឱ្យ​ពួក​គាត់​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ចៀសវាង​មានការ​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​នោះ​៕

https://www.youtube.com/watch?v=eJpV0PWMLT8

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ