ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​​អ្នក​ជួសជុល​ប្រាសាទបុរាណពោរពេញ​ដោយ​​​មោទនភាព​ជាតិខ្មែរ ​

6 ខែ មុន

ខេត្ត​សៀម​រា​ប ៖ ក្នុង​សង្គម​រស់នៅ​មាន​មនុស្ស​ជា​ច្រើន មិន​ថា ពលរដ្ឋ​ខ្មែរ ឬ​ក៏​បរទេស​ទេ សុទ្ធតែ​បាន​ចាប់​យក​ជំនាញ​ដើម្បី​ធ្វើ​ការងារ​ស្វែងរក​កម្រៃ​ចិញ្ចឹម​ជិ​វិត​រៀង​ៗ​ខ្លួន ។​ ដោយឡែក​ នៅ​ឯ​ខេត្ត​សៀមរាប​ឯណេះ​វិញ…

ខេត្ត​សៀម​រា​ប ៖ ក្នុង​សង្គម​រស់នៅ​មាន​មនុស្ស​ជា​ច្រើន មិន​ថា ពលរដ្ឋ​ខ្មែរ ឬ​ក៏​បរទេស​ទេ សុទ្ធតែ​បាន​ចាប់​យក​ជំនាញ​ដើម្បី​ធ្វើ​ការងារ​ស្វែងរក​កម្រៃ​ចិញ្ចឹម​ជិ​វិត​រៀង​ៗ​ខ្លួន ។​ ដោយឡែក​ នៅ​ឯ​ខេត្ត​សៀមរាប​ឯណេះ​វិញ នៅ​ស្រប​ពេល​ដែល​មនុស្ស​ជា​ច្រើន បាន​ចាប់​យក​ជំនាញ​ផ្សេង​ៗ​ដើម្បី​ធ្វើ​ការ​រក​កម្រៃ​ចិញ្ចឹមជីវិត គឺ​មនុស្ស​មួយ​ក្រុម​បែរជា​សុខចិត្ត យក​កម្លាំងកាយ ​និង​កម្លាំងចិត្ត​ព្រមទាំង​ពេលវេលា​ផង​ ទៅ​ធ្វើ​ការងារ​ជា​អ្នក​ជួសជុល​ប្រាសាទបុរាណ ជា​ច្រើន​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ ។

បើ​ទោះបីជា​ការងារ​ជា​អ្នក​ជួសជុល​ប្រាសាទបុរាណ មានការ​លំបាក​ជា​ច្រើន ដោយនៅ​ហាល​ភ្លៀង ហាលថ្ងៃ ហាល​ខ្យល់ ព្រមទាំង​ប្រើ​កម្លាំង​ដាប់ថ្ម​ដោយ​ដៃ និង​លើក​ថ្ម​ធំ​ៗ ជា​ច្រើន​ម៉ោង​ក្នុង​១​ថ្ងៃ​ៗ​ក៏​ដោយ ក៏​ក្រុម​អ្នក​ជួសជុល​ទាំងនោះ ហាក់​មិន​នឿយហត់​ហើយ​មាន​បំណង​ចង់​បោះបង់​ចោលការ​ងារ​នោះ​ទេ ​។

ក្នុង​ឱកាស​នោះ​ដែរ លោក​មិន ឡូ រស់នៅ​ក្នុងស្រុក​អង្គរធំ បាន​ប្រាប់​នៅ​ថ្ងៃ​ទី​៦​ ខែតុលា​ ឆ្នាំ​២០២៣​នេះ​ថា លោក​គឺជា​អ្នក​ជួសជុល​ប្រាសាទបុរាណ​ម្នាក់ ក្នុង​ចំណោម​អ្នក​រួមការ​ងារ​ជា​ច្រើន​ទៀត ដែល​​កំពុង​តែ​ធ្វើ​ការងារ​នៅ​ខ្លោងទ្វារ​ខាង កើត​របស់​ប្រាសាទតាព្រហ្ម ។ លោក​មាន​ប្រសាសន៍​ថា រូប​​គាត់​បាន​ចូល​បំរើ​ការងារ​ជា​អ្នក​ជួសជុល​ប្រាសាទបុរាណ​តាំង​តែ​ពី​អំឡុង​ឆ្នាំ​២០០៧​មក​។

​លោក មិន ឡូ បានឱ្យ​ដឹង​ទៀត​ថា​.​កាលពីមុន​គាត់​គ្មាន​ការងារ​អ្វី​ធ្វើ​ទេ ក្រៅ​តែ​ពី​ដើរ​រក​ការងារ​ជា​កម្មករ​សំណង់​នៅ​តាម​កន្លែង​ផ្សេង​ៗ​។ ប៉ុន្តែ​ពេល​មួយ​គាត់​មាន​អារម្មណ៍​នៅ​ក្នុង​ចិត្ត​ថា ចង់​ធ្វើ​ការងារ​ជា​អ្នក​ជួសជុល​ប្រាសាទបុរាណ​។​ នៅ​ក្នុង​រាត្រី​មួយ​គាត់​បាន​ដេក​យល់សប្តិ​ថា មាន​អ្នក​មក​ប្រាប់​ឱ្យ​រូប​គាត់​ទៅ​សុំ​ការងារ​ធ្វើ​ជា​អ្នក​ជួសជុល​ប្រាសាទតាព្រហ្ម ។​

លុះ​ព្រឹក​ឡើង​រូប​គាត់ ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ការដ្ឋាន​ជួសជុល​ប្រាសាទតាព្រហ្ម ក៏​បាន​សុំ​គេ​ធ្វើ​ការងារ​ទីនោះ ហើយ​ធ្វើ​ជា​អ្នក​ជួសជុល​ប្រាសាទ តា​ព្រហ្ម​រហូត​មក​ដល់​បច្ចុប្បន្ន​ ។ លោក មិន ឡូ បញ្ជាក់​ទៀត​ថា មនុស្ស​ជំនាន់​មុន របស់​គាត់​មិន​មាន​អ្នក​ណា​ធ្វើការ​ជា​អ្នក​ជួសជុល​ប្រាសាទ​ទេ គឺ​រូប​គាត់​តែ​ម្នាក់​គត់ ដែល​ហាក់ដូចជា​មាន វាសនា បាន​ធ្វើ​ជា​អ្នក​ជួសជុល​ប្រាសាទបុរាណ​។

ជា​រៀងរាល់ថ្ងៃ លោក​ទទួល​បន្ទុក​ជា​អ្នក​ដាប់​ថ្មភក់​ផ្ទាំង​ធំ​ៗ ឱ្យ​ត្រូវ​ខ្នាត​រង្វាស់ ព្រម​ទាំង​ដាប់​រំលីង​ថ្ម​ទាំងនោះ ដើម្បី​យក​ទៅ​ដាក់​នៅ​តាម​កន្លែង​ដែល​ខូចខាត​វិញ​។ លោក មិន ឡូ សប្បាយចិត្ត​និង​ការងារ​របស់​គាត់ ដោយ​គាត់​បង្ហាញ​មោ​ទ​ភាព​ថា ​ជាង​១០​ឆ្នាំ​មក​ហើយ ដែល លោក​ចំណាយ​ពេល​សម្រាប់​ការ​ថែរក្សា​អង្គរ ហើយ​មួយ​ជីវិត​របស់​លោក​ប្រសិនបើ​ការងារ​ជួសជុល​ប្រា​សាទ​បុរាណ​នៅ​តែ​មាន គឺ​លោក​នៅ​តែ​ធ្វើការ​នេះ​រហូត​ដល់​អស់​ជីវិត​ ។

ចំណែក​លោក ភ​ន ផាត មាន​ទីលំនៅ​បច្ចុប្បន្ន រស់នៅ ភូមិ​ឃុំ ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប គឺជា​មេក្រុម​ផ្នែក​ជួសជុល​រូបចម្លាក់​និង​ក្បាច់​នៅ​តាម​ជញ្ជាំង​ប្រាសាទបុរាណ មាន​ប្រសាសន៍​ថា លោក​បាន​ចូល​បំរើ​ការងារ​ជា​អ្នក​ជួស ជុល​ប្រាសាទបុរាណ​តាំង​តែ​ពី​អំឡុង​ឆ្នាំ ១៩៩៧​មក​ម្ល៉េះ​។ លោក ភ​ន ផាត ធ្លាប់​បាន​ចូលរួម​ការងារ​ជួសជុល​ប្រាសាទ បុរាណ នៅ​ក្នុង​ខេត្តសៀមរាប ជា​ច្រើន​កន្លែង ដូច​ជា​ជួសជុល​នៅ​កន្លែង​ស្ដេច​គំលង់ លានជល់ដំរី របស់​ក្រុង​អង្គរធំ ជួស ជុល​រូបចម្លាក់​សេះ​ក្បាល​៥ ជួសជុល​ប្រាសាទចៅសាយទេវតា​ជាមួយ​ក្រុម​ការ ងារ​បុរាណវិទ្យា​របស់​ចិន និង​ជួសជុល​ប្រាសាទតាព្រហ្ម ជាមួយ​ក្រុមការងារ​ឥណ្ឌា​ជាដើម​។

លោក ភ​ន ផាត ដែល​បច្ចុប្បន្ន​មាន​អាយុ​៥៥​ឆ្នាំ ទៅ​ហើយ បានឱ្យ​ដឹង​ថា រូប​គាត់​បាន​បំរើ​ការងារ​ជា​អ្នក​ជួសជុល​ប្រាសាទបុរាណ​តាំង​តែ​ពី​រូប​លោក មាន​អាយុ​២១​ឆ្នាំ​មក​ម្ល៉េះ ហើយ​ប្រហែល​ជាមួយ​ជីវិត​របស់ លោក គឺ​ត្រូវ​លះបង់ ដើម្បី​ជួសជុល​ប្រាសាទបុរាណ​។ លោក​បាន​ប្រើ​ពេល​ចំនួន​២៦​ឆ្នាំ​មក​ហើយ​សម្រាប់​ការ​ជួសជុល​ប្រាសាទបុរាណ ក៏​ប៉ុ​ន្ត​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ រូប​លោក​ហាក់​ដូចជា​មិន​នឿយណាយ​និង​ការងារ​នេះ​ទេ​។

កម្រៃ​ដែល​បាន​ពី​ការងារ​ជួសជុល​ប្រាសាទបុរាណ គឺ​មាន​ភាព​ប្រហាក់ប្រហែល​គ្នា​និង​មនុស្ស​ដែល​ធ្វើ​ការងារ​ផ្សេង​ៗ ដើម្បី​រក​កម្រៃ​ចិញ្ចឹមជីវិត​ដែរ ក៏ ប៉ុន្តែ​ចំពោះ​ស្ថានភាព​ការងារ​វិញ​គឺ​មាន ការ​លំបាក​យ៉ាង​ខ្លាំង លើស​ពី​ការងារ​ដែល​មនុស្ស​ជា​ច្រើន​កំពុង​ធ្វើ​ដើម្បី​ចិញ្ចឹមជីវិត​។

បើ​ទោះបីជា​យ៉ាងណា​ក្តី ក្រុម​អ្នក​ជួសជុល​ប្រាសាទបុរាណ ជា​ច្រើន​បាន​បង្ហាញ​ឆន្ទៈ​ថា ​ពួក​គេ​នឹង​មិន​បោះបង់​ចោលការ​ងារ​ជួសជុល​ប្រាសាទបុរាណ​ទេ ពីព្រោះ​ការងារ​នេះ​ក្រៅ​តែ​ពី​ធ្វើ​ឱ្យ​គេ​បាន​កម្រៃ​យក​ទៅ​ចិញ្ចឹមជីវិត​និង​គ្រួសារ គឺ​ពួក​គេ​ក៏​មាន​មោទនភាព​មួយទៀត ដែល​មនុស្ស ជា​ច្រើន​ពុំ​មាន គឺ​ការ​បាន​ចូលរួម​ចំណែក​ជួយ​ថែរក្សា ការពារ​ស្នាដៃ​និង​កេរ្តិ៍​ដំណែល​របស់​ដូនតា​ខ្មែរ ដ៏​មាន​តម្លៃ​បំផុត ឱ្យ​បាន​នៅ​គង់វង្ស​យូរអង្វែង​តទៅ​មុខ​ទៀត ដើម្បី​ទុក​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បានឃើញ និង ឱ្យ​ជនបរទេស​ដែល​បាន​មក​ទស្សនា​ប្រាង្គ​ប្រាសាទបុរាណ​ខ្មែរ បាន​កោត ស្ញប់ស្ញែង​លើ​មត៌ក​ដ៏​មាន​តម្លៃ​មហាសាល​នេះ​ផង​ដែរ​៕ ​

អត្ថបទសរសេរ ដោយ