ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចូល​ថតរូប​ភាព​និង​វី​ដេ​អូ​ជា​អនុស្សាវរីយ៍​ផ្ទាល់​ខ្លួន គឺ​ពុំ​តម្រូវ​ឱ្យ​សុំ​ច្បាប់​ជា​មុន​​ទេ

6 ខែ មុន

ខេត្តសៀមរាប ៖ លោក​ឡុ​ង កុសល អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់​នៅ​មុខ​អ្នក​យក​ព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ទី​០៥ តុលា ស្ថិត​ក្នុង​បរិវេណ​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​ និង​ប្រតិបត្តិការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា…


ខេត្តសៀមរាប ៖ លោក​ឡុ​ង កុសល អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់​នៅ​មុខ​អ្នក​យក​ព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ទី​០៥ តុលា ស្ថិត​ក្នុង​បរិវេណ​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​ និង​ប្រតិបត្តិការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ជិត​សួន​រុក្ខជាតិ​អង្គរ​នោះ​ថា ការ​ចូល​ថត​ផ្តិត​រូបភាព​និង​វី​ដេ​អូ​ជា​អនុស្សាវរីយ៍​ផ្ទាល់ខ្លួន គឺ​ពុំ​មាន​តម្រូវ​ឲ្យ​សុំ​ការ​អនុញ្ញាត​ជា​មុន​នោះ​ទេ ។

លោក បន្ត​ថា ដោយឡែក ចំពោះ​ការ​ថត​នូវ​សម្លៀក​បំពាក់​ប្រពៃណី ការ​ថតរូប​ភាព​មុន​អាពាហ៍​ពិពាហ៍ថត YouTube ការ​ថត​ផ្សាយ​ផ្ទាល់​ជា​លក្ខណៈ​មគ្គុទ្ទេសក៍ ការ​ថត​ខ្សែភាពយន្ត ការ​ថត​ចម្រៀង​កាយវិការ និង​ការ​ថត រូប​ក្នុង​គោលបំណង​អាជីវកម្ម​ផ្សេង​ៗ គឺ​ចាំបាច់​ត្រូវ​តែ​មានការ​អនុញ្ញាត​ជា​មុន ។

លោក​ថា ភាព​ចាំបាច់​នៃ​ការ​តម្រូវ​ឱ្យ​មានការ​អនុញ្ញាត​ជា​មុន ពីព្រោះ​ត្រូវ​ប្រតិបត្តិ​នូវ​គោលការណ៍​គតិ​យុ​ត្ត​ដែល​មាន​ជា​ធរមាន​ផង និង​ដើម្បី​ឲ្យ​ផ្នែក​ជំនាញ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏​ដូច​ជា​អាជ្ញាធរ​ជាតិ​អប្សរា​អាច​ជួយ​កែតម្រូវ ឬ​ផ្តល់​យោបល់​កែ​លំអ​នូវ​ខ្លឹមសារ​ផ្សេង​ៗ ដូច​ជាប្រវត្តិ​សាស្ត្រ ទម្រង់​សិល្បៈ ឱ្យ​បាន​ត្រឹមត្រូវ ព្រមទាំង​ចៀសវាង​នូវ​មតិ​រិះគន់​ពី​សាធារណៈជន នៅ​ពេល​រូបភាព ឬ​ខ្លឹមសារ​រឿង​ទាំងនោះ​ចេញផ្សាយ​ជា​សាធារណៈ ។

អ្នកប្រាជ្ញ​លើក​ឡើង​ថា «​អង្គរវត្ត ជា​មេមាន់​ពង​មាស​»​។ យោង​តាម​អនុក្រឹត្យ​លេខ​២៣៤ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្តី​ពី​ការ​គ្រប់គ្រង​ឧស្សាហកម្ម​ភាព យន្ត បាន​តម្រូវ​ឱ្យ​ផលិតករ សុំ​ការ​អនុញ្ញាត​ទៅ​ក្រសួង វប្បធម៌​និង​វិចិត្រសិល្បៈ​ជា​មុន​។ លក្ខខណ្ឌ​សំខាន់​ក្នុង​ការ​ស្នើ​សុំ គឺ​ការ​ផ្តល់​អត្ថបទ​និពន្ធ​នៃ​ស្នាដៃ​ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​អ្នកជំនាញ​ពិនិត្យ​លើ​ខ្លឹមសារ​។

ដោយឡែក អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​ផ្សព្វផ្សាយ​អំពី​គោលការណ៍​នៃ​ការ​ប្រើប្រាស់​រូបភាព​អង្គរ​តាំងពី​ឆ្នាំ​២០១៦ រហូត​មក​ដល់​បច្ចុប្បន្ន ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​សង្គម ព្រម​ទាំង​ថែរក្សា ការពារ លើកតម្កើង និង​អភិវឌ្ឍន៍​វប្បធម៌​ជាតិ ជា​ពិសេស បញ្ចៀស​នូវ​ផល​ប៉ះពាល់​ខ្លាំង​ដល់​តម្លៃ​បេតិកភណ្ឌ​វប្បធម៌​ជាតិ ។

លោក​អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បន្ថែម​ថា សម្រាប់​យើង​ជា​ខ្មែរ​អត្ថ​ន័យ​របស់​អង្គរ​ពិតជា​ធំធេង​ណាស់ លើស​ពី​អាយុជីវិត​ទៅ​ទៀត ពីព្រោះ​អង្គរ​ជា​ដួង​ព្រលឹង និង​វប្ប​ធម៌​ជាតិ​។ ដូច្នេះ ប្រសិនបើ​មាន ការ​ប្រើប្រាស់​រូបភាព​អង្គរ​មិន​ត្រឹមត្រូវ ឬ​ក៏​ការ​ប្រព្រឹត្ត​នូវ​កាយ​វិការ​មិន​ស្រប​ណាមួយ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​នៃ​រមណីយដ្ឋាន​អង្គរ​នោះ​សាធារណ​ជន​ពិតជា​មិន​អាច​ទទួលយក​បាន​នោះ​ទេ ។

ក្នុង​ន័យ​ដើម្បី​បញ្ចៀស​ឱ្យ​បាន​នូវ​កំហុសឆ្គង​អ​ចេតនា​ណាមួយ​ដែល​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​រូបភាព​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មាន​ភាព​ចាំបាច់​ត្រូវការ​ត្រួតពិនិត្យ​ជា​មុន នូវ​គោលបំណង​នៃ​ការ​ប្រើប្រាស់​រូបភាព​អង្គរ​ជា​សាធារណៈ​ទាំងអស់ ។
ដូច្នេះ សូម​សាធារណជន ជា​លក្ខណៈ​ក្រុមហ៊ុន ឬ​ឯកជន ដែល​ជា​ម្ចាស់​ផលិតកម្ម ឬ​អាជីវកម្ម​នានា យោគយល់​និង​ចូលរួម​ប្រតិបត្តិ​ស្រប​តាម​គោលការណ៍​ច្បាប់​ដែល​មាន​ជា​ធរមាន ។

ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏​បញ្ជាក់​បន្ថែម​ទៀត​ដែរ​ថា អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ធ្វើការ​កែសម្រួល​អំពី យន្តការ​ពាក់ព័ន្ធ​នឹង​ការ​កាត់​បន្ថយ​ពេលវេលា​នៃ​ការ​ស្នើ​សុំ​កាត់​បន្ថយ​ដំណើរការ​នីតិវិធី​ស្នើ​សុំ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​សាធារណជន​មានការ​ងាយស្រួល និង​បង្កើន​ប្រសិទ្ធភាព​ការងារ​បាន​កាន់តែ​ងាយស្រួល និង​រលូន​ជាង​មុន​។ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​នឹង​រៀបចំ​ឱ្យ​មាន Call Center និង​បង្កើត​ប្រព័ន្ធ​ស្នើ​សុំ Online ដើម្បី​សាធារណជន​អាច​ស្នើ​សុំ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​យ៉ាង​ឆាប់រហ័ស និង​ចំណេញ​ពេលវេលា ។

អត្ថបទសរសេរ ដោយ