ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រៀម​វិធានការ​​ដោះស្រាយ​ផល​ប៉ះពាល់​ដោយ​សារ​ជំនន់​ទឹកភ្លៀង​​នៅ​​ក្នុង​ស្រុ​កជីក្រែង

2 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នៅ​រសៀល​ថ្ងៃ​ទី​០៤ តុលា ឆ្នាំ​២០២៣ ក្រុមការងារ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​​មហន្តរាយ​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក អ៊ឹ​ង គឹ​ម​លាង អភិបាលរង​ខេត្ត…

ខេត្តសៀមរាប ៖ នៅ​រសៀល​ថ្ងៃ​ទី​០៤ តុលា ឆ្នាំ​២០២៣ ក្រុមការងារ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​​មហន្តរាយ​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក អ៊ឹ​ង គឹ​ម​លាង អភិបាលរង​ខេត្ត និង​ជា​អនុ​ប្រធាន​គណៈក​ម្មា​ធិ​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត មាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ពិនិត្យ​វាយតម្លៃ និង​ត្រៀម​វិធានការ​ផ្សេង​ៗ​ ដើម្បី​ឆ្លើយ​តប​ចំពោះ​ផល​ប៉ះពាល់​ដោយ​សារ​ជំនន់​ទឹកភ្លៀង​នៅ​ស្រុ​កជីក្រែង ។

ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​មកនេះ ខេត្តសៀមរាប​ទទួល​រង​នូវ​សម្ពាធ​ទាប និង​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ បាន​បណ្តាល​ឱ្យ​រង​ផល​ប៉ះពាល់​លើ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​ខូច​ដំណាំ និង​សន្ទូង ផ្ទះសម្បែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ផង​ដែរ ។

យោង​តាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​គិត​ចាប់ពី​ថ្ងៃ​ទី​០២ ដល់​រសៀល​ថ្ងៃ​ទី​០៤ តុលា ឆ្នាំ​២០២៣ ស្ថានភាព​ភ្លៀង​ធ្លាក់​បាន​ប៉ះពាល់​ដល់​ភូមិ​ចំនួន​១៩២​នៃ​ឃុំ​-​សង្កាត់​ចំនួន​៣៦ ក្នុង​ចំនួន​១០ ក្រុង​-​ស្រុក​នៃ​ចំណោម​១២ ក្រុង​-​ស្រុក លើក​លែងតែ​ស្រុក​ក្រឡាញ់ និង​ស្រុក​ស្រីស្នំ ខេត្តសៀមរាប​ប៉ុណ្ណោះ ។

ក្នុង​នោះ បាន​ប៉ះពាល់​ស្រូវ​ចំនួន​៧​ពាន់​៩២៥​ហិ​កតា ស្មើនឹង​៥៣១៩​គ្រួសារ និង​ប្រជាពលរដ្ឋ​ជួប​ផល​ប៉ះពាល់​ចំនួន​៦១៤៦​គ្រួសារ ក្នុង​នេះ ប៉ះពាល់​លំនៅ​ឋាន​កម្រិត​ស្រាល​៣៨០៣​គ្រួសារ និង​ធ្ងន់​៣​គ្រួសារ ជម្លៀស​ទៅ​នៅផ្ទះ​បងប្អូន ។ បាន​ខូចខាត​ផ្លូវ​កៅស៊ូ បេតុង ដីស ដីក្រហម​ជាង​៥​ពាន់​ម៉ែត្រ ខូច​ទំនប់​ប្រឡាយ​ជាង​១២​ពាន់​ម៉ែត្រ និង​លិច​ទំនប់​ប្រឡាយ​ជាង​២៤​ពាន់​ម៉ែត្រ ច្រោះ​និង​លិច​ដាច់​ស្ពាន​១៦​កន្លែង លិច​បរិវេណ​វត្ត​៩ លិច​អគារ​រដ្ឋបាល​៩ លិច​បរិវេណ​មន្ទីរពេទ្យ​២ លិច​ទីធ្លា​សាលារៀន​៣៤ ។

លោក អ៊ឹ​ង គឹ​ម​លាង មាន​ប្រសាសន៍​ថា ក្នុង​នាម គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​ក្រុង ស្រុក បាន​ចុះ​ពិនិត្យ និង​វាយតម្លៃ​ទៅ​លើ​ស្ថាន​ការ​នៃ​ផល​ប៉ះពាល់ និង​ខូចខាត​ទាំងនេះ ដើម្បី​ស្នើ​សុំ​ស្បៀង​បម្រុង​ទុកជា​មួយ​គ្នា​នេះ​ដែរ ក្រុមការងារ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ មហន្តរាយ​ខេត្ត ក្រុង​ស្រុក និង​បាន​ត្រៀមកម្លាំង​ថ្នាំសង្កូវ ព្រមទាំង​សម្ភារ​បរិក្ខា​មួយ​ចំនួន ទុក​សម្រាប់​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​សំដៅ​ឆ្លើយ​តប​បាន​ទាន់​ពេលវេលា​នូវ​ហានិភ័យ និង​ឧបទ្ទវហេតុ ដោយ​ជំនន់​ទឹកភ្លៀង ។

លោក​អ៊ឹ​ង គឹ​ម​លាង បញ្ជាក់​ច្បាស់​ថា មក​ដល់​ពេល​នេះ ពុំ​មាន​ហេតុការណ៍ ឬ​បញ្ហា​អ្វី​កើតឡើង​ប៉ះពាល់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​នោះ​ទេ ។ លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្តសៀមរាប ឱ្យ មានការ​ប្រុង​ប្រយ័ត្ន នាំ​គ្នា​តាម​ដ្ឋា​ន​ស្ថានភាព​ទឹកភ្លៀង​តាម​តំបន់​របស់​ខ្លួន​ឱ្យ​បានជា​ប្រចាំ ដើម្បី​បញ្ចៀស​បាន​ពី​ក្តី​អន្តរាយ​ដែល​កើតឡើង​ជាយថាហេតុ នាំ​គ្នា​ថែរក្សា​សុខភាព ជា​ពិសេស ប្រយ័ត្នប្រយែង​ចំពោះ​កុមារ​តូច​ៗ កុំ​បណ្តែតបណ្តោយ​ឱ្យ​ពួក​គាត់​ចុះ​លេង​ទឹក​ផ្តេស​ផ្តាស ចៀសវាង​នូវ​ប្រការ​អាក្រក់​ណាមួយ​កើតឡើង និង​នាំ​គ្នា​ថែទាំ​សត្វពាហនៈ​ឱ្យ​បាន​ល្អ សំខាន់​រក​ទីទួល​សុវត្ថិភាព​សម្រាប់​សត្វពាហនៈ​ជ្រក​នៅ​ប្រកបដោយ​សុវត្ថិភាព ព្រមទាំង​ត្រៀម លក្ខណៈ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ការពារ​បង្កា​ជម្ងឺ​ដល់​គោ ក្របី នៅ​ពេល​ទឹក​ស្រក​ផង​ដែរ ។

សូម​បញ្ជាក់​ថា ក្រុមការងារ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្តសៀមរាប បាន​ត្រៀម​បម្រុង​សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​មហន្តរាយ ដូច​ជា​ពូជស្រូវ​ចំនួន​២​ពាន់​៧០០​គ​.​ក្រ​, ពូជ​បន្លែ​១០០​កញ្ចប់​, ថ្នាំ​សម្លាប់​សត្វល្អិត​១៥០​ដប​, ថ្នាំ​សម្លាប់សត្វ​កណ្តុរ​៥៤​គ​.​ក្រ និង​បន្ត​ត្រៀមលក្ខណៈ ដើម្បី​តាមដាន​និង​ត្រៀម​បម្រុង​សម្រាប់​ជួយ​សង្គ្រោះ ក្នុង​ករណី​មាន​គ្រោះ​មហន្តរាយ​ឬ​ឧបទ្ទវ​ហេតុ​​ផ្សេង​ៗ ជា​ពិសេស ​បាន​ចេញ​សារ​ជូន ដំណឹង​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច បងប្អូន​ប្រជា​ពលរដ្ឋ​និង​សាធារណៈជន​ជា​ពិសេស​តំបន់​ទំនាប​ជាប់​ផ្លូវទឹក​ឱ្យ​បង្កើន​ការ​យកចិត្តទុកដាក់​បង្ការ ត្រៀម​បម្រុង​ចំពោះ​ហានិភ័យ​នៃ​ជំនន់​ទឹកភ្លៀង​ដែល​អាច​កើតឡើង​ជាយថាហេតុ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ