ខេត្តសៀមរាប ៖ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តសៀមរាបបានឱ្យដឹងនៅថ្ងៃទី០៣ ខែតុលា ២០២៣ នេះថា សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់មេត្តាជ្រាបថា ដោយយោងលើស្ថានភាពទឹកភ្លៀងក្នុងវដូវវស្សា ឆ្នាំ២០២៣នេះ ចាប់ផ្តើមធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន បង្កឱ្យមានជាជំនន់ទឹកភ្លៀង ដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអាចបង្កឱ្យមានផលប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ។

ជាមួយគ្នានេះដែរ ជំនន់ទឹកភ្លៀងដែលបាននិងកំពុងជន់ឡើង ជាហេតុបណ្ដាលឱ្យលិចលង់នៅតាមកំណាត់ផ្លូវមួយចំនួនក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលស្ថានភាពបែបនេះធ្វើឱ្យផ្លូវថ្នល់- ស្ពាន មិនអាចទ្រនឹងទម្ងន់របស់រថយន្តដឹកទំនិញធុនធ្ងន់បាន ។

ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀម រាប សូមធ្វើការ ផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាបណ្ដោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៦៤ (ដំដែក- អូរប្រាំព្យាម ព្រំប្រទល់ព្រះវិហារ) ផ្លូវជាតិលេខ៦៧ (ប្រាសាទបាគង-អន្លង់វែង), ផ្លូវខេត្តលេខ ២៦៥E (រលួស-កំពង់ភ្លុក), ផ្លូវខេត្តលេខ២៦៦៨ (ស្វាយធំ-បន្ទាយស្រី) ផ្លូវខេត្តលេខ២៦៦ (ពួក-អង្គរជុំ), ផ្លូវខេត្តលេខ២៦៧៣ (អង្គរជុំ-វ៉ារិន), ផ្លូវខេត្តលេខ២៦៧៦ (ទួលគ្រួស-តាសៀម), ផ្លូវខេត្ត លេខ២៦៤៥ (ស្វាយ លើ-ស្រែណូយ), ផ្លូវខេត្តលេខ៦២-៣ (បេងមាលា-ខ្វាវ) ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មាន សេចក្តីជូនដំណឹងសារជាថ្មី។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំ ចំពោះការចូល រួមសហការអនុវត្តរបស់លោក លោកស្រី ជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ដើម្បីរួមចំណែកថែរក្សា ផ្លូវ ថ្នល់-ស្ពាន ឲ្យប្រើប្រាស់បានយូរអង្វែង ។





ចែករំលែកព័តមាននេះ