រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបញ្ជាក់ឲ្យដឹងថា ក្នុងមួយៗខែខាតបង់ប្រាក់រាប់សិបលានដុល្លារអាមេរិក តែរដ្ឋសុខចិត្តខាតបង់ថវិកាដើម្បីឲ្យប្រជាពលរដ្ឋមានសេចក្តីសុខ ។

ថ្លែងនៅក្នុងជំនួបកម្មករជិត២ម៉ឺននាក់ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តម្លៃភ្លើងនៅតាមបណ្តាប្រទេសជិតខាងយើងបានឡើងថ្លៃទាំងអស់ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាវិញមិនបានឡើងនោះទេ ។
សម្តេចធិបតីបានគូសបញ្ជាក់ថា៖ «រឿងភ្លើងប៉ុន្មានមកនេះ ប្រទេសទាំងអស់ វៀតណាមក៏ឡើង ថៃក៏ឡើង ហើយសាំហ្គាពួរប៉ុន្មានថ្ងៃមុនក៏បានប្រកាសនឹងឡើងផងដែរ ប៉ុន្តែសម្រាប់កម្ពុជាយើងមិនឡើងនោះទេ សូម្បីតែអគ្គិសនីកម្ពុជាមួយខែៗខាតបង់រាប់សិនលាន សុខចិត្តរដ្ឋខាត ដើម្បីថែរក្សាជីវភាពប្រជាពលរដ្ឋ» ។
សម្តេចនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា ចំពោះករណីតម្លៃភ្លើងនេះដែរ សម្តេចបានឲ្យបានរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល គិតគូរក្នុងការបញ្ចុះតម្លៃមួយចំនួនជូនដល់សហគ្រាសជាង២ម៉ឺនសហគ្រាស ដើម្បីជួយគាត់ផងដែរ ។

សម្តេចធិបតីបានគូសបញ្ជាក់ថា៖ «នេះហើយដែលរដ្ឋជួយដល់បងប្អូន បើមិនជួយនោះទេនឹងប៉ះពាល់ដល់ប្រជាពលរដ្ឋ បើតម្លៃភ្លើងឡើងតម្លៃ២ពាន់រៀលក្នុងគីឡូវ៉ាត់ ហើយតម្លៃប្រាក់ខែឡើង៤ដុល្លារនោះនឹងត្រូវចំណាយ អ៊ីចឹង ចំណុចនេះត្រូវគិតគូរ ។ មិនត្រឹមតែតម្លើងប្រាក់បៀវត្សដល់កម្មករទេ តែរដ្ឋក៏បានគិតគូរប្រជាពលរដ្ឋ ដើម្បីរក្សាថវិការកាន់តែសល់ច្រើន»។
ក្នុងឱកាសនោះដែរ សម្តេចធិបតីក៏បានសន្យាថា រាជរដ្ឋាភិបាលនឹងខិតខំធ្វើបន្តបន្ទាប់ទៀតផងដែរ។ សម្តេចនាយករដ្ឋមន្ត្រីក៏បានផ្តាំទៅអ្នកវិភាគនៅក្រៅប្រទេស ខណៈខ្លួនកំពុងបង់ថ្លៃភ្លើងច្រើនផងដែរ ។ ជាមួយគ្នានោះដែរ សម្តេចក៏បានដាក់ចម្ងល់ចំពោះបងប្អូនខ្មែរមួយចំនួនថា ប្រហែលជាគាត់មិនបានវាយប្រហារ ឬបង្អាប់នាយករដ្ឋមន្ត្រីមិនអស់ចិត្ត ប្រហែលជាខ្លាំងមានអ្វីមួយ នៅពេលភ្លៀងមកម្តង។
ចែករំលែកព័តមាននេះ