ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចបានឱ្យដឹងថា មានជនគ្រោះ២នាក់បានធ្លាក់ពីលើទូកនេសាទបាត់ខ្លួនក្នុងលំហសមុទ្រ កើតឡើងកាលពីម៉ោងជិត៧យប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅចំណុចចន្លោះកោះតាង និងកោះពីរ ក្នុងភូមិសាស្ត្រសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បើតាមសាច់ញាតិម្ចាស់ទូកប្រាប់សមត្ថកិច្ចតាមទូរស័ព្ទថា មុនកើតហេតុនៅលើទូកមានមនុស្សចំនួន៦នាក់ ហើយអ្នកធ្លាក់ទឹកបាត់ខ្លួនមានស្ត្រីអាយុ២៤ឆ្នាំម្នាក់ និងក្មេងស្រីតូចម្នាក់ មានទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់៣ ខេត្តព្រះសីហនុ (ក្នុងទំនប់ផែរ៉ូយ៉ាល់ចាស់) ។

ក្រោយកើតហេតុ សមត្ថកិច្ចចម្រុះមានកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក ក្រុមការងារសង្គ្រោះរបស់អ្នកឧកញ៉ា ទៀ វិចិត្រ កងការពារកោះតាងលេខ៣បញ្ជាការដ្ឋាន ការពារកោះ ឆ្នេរ , ស្នាក់ការសន្តិសុខ កោះតាង ទីបញ្ជាការជួរមុខ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នគរបាលការពារ ព្រំដែនទឹក និងប្រជានេសាទបានចេញជួយស្វែងរកជនរងគ្រោះ គិតមកត្រឹមព្រឹកថ្ងៃ២ តុលា ដដែលនេះ នៅតែមិនទាន់រកឃើញជនរងគ្រោះទាំង២នាក់ឃើញនៅឡើយ ។
មានព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។


ចែករំលែកព័តមាននេះ