ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម របស់ក្រសួងមហាផ្ទៃ បានប្រកាស ក្នុងសេចក្តីបំភ្លឺ ថា សព្វថ្ងៃនេះ ការកែតម្រូវបញ្ជីអត្រានុកូលដ្ឋាន ឬការកែតម្រូវសំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺក្រៅតែពីស្នើសុំកែតម្រូវនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលស្ថិតនៅបឹងស្នោរ តាមផ្លូវជាតិលេខ២ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គឺក៏មានកែតម្រូវ នៅសាលាក្រុង ស្រុក និងសាលាខណ្ឌ ផងដែរ។
សេចក្តីប្រកាស លើកឡើងថា ប្រជាពលរដ្ឋ ដែលមានកំហុសឆ្គងទិន្នន័យ អាចដាក់ពាក្យស្នើសុំកែតម្រូវទិន្នន័យ ឬមោឃភាពទិន្នន័យ នៃបញ្ជីអត្រានុកូលដ្ឋាន តាមរយៈរដ្ឋបាលក្រុងស្រុកខណ្ឌ នៃឃុំសង្កាត់ ដែលបងប្អូនបានចុះបញ្ជីអត្រានុកូលដ្ឋាន ឬជម្រើសមួយទៀត ប្រជាពលរដ្ឋ អាចមកដាក់ពាក្យដោយផ្ទាល់នៅនាយកដ្ឋានអត្រានុកូលដ្ឋាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
សេចក្តីបំភ្លឺដដែល លើកឡើងថា កំហុសទិន្នន័យនៃឯកសារអត្រានុកូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ មានលក្ខណៈចម្រុះ និងស្មុគស្មាញ។ កំហុសមួយចំនួន បានកើតឡើងដោយអចេតនា កំហុសមួយចំនួន បានកើតឡើងដោយកង្វះការប្រុងប្រយ័ត្នរបស់មន្ត្រីជំនាញ និងកំហុសមួយចំនួនទៀត បានកើតឡើង ដោយសារបងប្អូនប្រជាពលរដ្ឋខ្លះ បានផ្តល់ទិន្នន័យមិនត្រឹមត្រូវ ក្នុងគោលបំណងដំឡើងអាយុ ឬកែទិន្នន័យផ្សេងទៀត ដើម្បីបំពេញបែបបទទៅបម្រើការងារ ឬបំពេញតម្រូវការផ្សេងៗ។
ទោះជាយ៉ាងណា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កំពុងបន្តប្រឹងប្រែងសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ សំដៅដោះស្រាយបញ្ហាផងទាំងពួង ឱ្យបានសមស្របជូនប្រជាពលរដ្ឋ ស្របតាមទស្សនៈវិស័យ ដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រជាតិ ស្តីពី អត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦ គឺ «មនុស្សគ្រប់រូប ត្រូវបានកំណត់អត្តសញ្ញាណ» និង «មនុស្សម្នាក់ មានអត្តសញ្ញាណតែមួយ»៕


ចែករំលែកព័តមាននេះ