ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ​ណាស់ បុគ្គលិក​ខ្សែកាប​អន​ឡាញ​ភ្លាត់​ស្នៀត​ឆ​.​ក់​ស្លា​.​ប់រ​ហូត​ដល់​២​​នាក់

1 ឆ្នាំ មុន

ខេត្តសៀមរាប​៖ កម្មករ​ក្រុមហ៊ុន​ខ្សែកាប​អន​ឡាញ​ចំនួន​៣​នាក់​កំពុង​ឡើង​ត​ខ្សែកាប ក៏​ភ្លាត់ស្នៀត​បណ្តាល​ឱ្យ​ឆក់​ស្លាប់​២​នាក់​ធ្លាក់​ចូល​ទៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង ខណៈ​យក​កាំជណ្តើរ​ឡើង​បំពាក់​ខ្សែកាប​នៅ​លើ​បង្គោល​ភ្លើង ។ ហេតុការណ៍​ឆក់​ស្លាប់​បុគ្គលិក​ក្រុមហ៊ុន​ខ្សែកាប​អន​ឡាញ​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៧ កញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ស្ថិត​នៅ​ចំណុច​បង្គោល​ខ្សែភ្លើង​មុខ​ដី​ទំនេរ​មួយកន្លែង…

ខេត្តសៀមរាប​៖ កម្មករ​ក្រុមហ៊ុន​ខ្សែកាប​អន​ឡាញ​ចំនួន​៣​នាក់​កំពុង​ឡើង​ត​ខ្សែកាប ក៏​ភ្លាត់ស្នៀត​បណ្តាល​ឱ្យ​ឆក់​ស្លាប់​២​នាក់​ធ្លាក់​ចូល​ទៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង ខណៈ​យក​កាំជណ្តើរ​ឡើង​បំពាក់​ខ្សែកាប​នៅ​លើ​បង្គោល​ភ្លើង ។ ហេតុការណ៍​ឆក់​ស្លាប់​បុគ្គលិក​ក្រុមហ៊ុន​ខ្សែកាប​អន​ឡាញ​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៧ កញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ស្ថិត​នៅ​ចំណុច​បង្គោល​ខ្សែភ្លើង​មុខ​ដី​ទំនេរ​មួយកន្លែង ស្ថិត​ក្នុងភូមិ​ដូន​ហុង ឃុំ​ដំ​ដែក ស្រុក​សូទ្រ​និគម ខេត្តសៀមរាប ។

លោក​វរសេនីយ៍ឯក ឃឹម ផល្លា អធិការ​នគរបាល​ស្រុក​សូទ្រនិគម​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ចំនួន​២​នាក់ ១-​ឈ្មោះ​ធា បុណ្យ ហៅ​ប៊ួ​ក ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​កម្មករ​ខ្សែកាប​អន​ឡាញ រស់នៅ​ភូមិ​ទ្រា ឃុំ​ស្វាយ​ជ្រុំ ស្រុក​មេ​សាង ខេត្តព្រៃវែង ។ ២-​ឈ្មោះ​អាន យូ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​កម្មករ​ខ្សែកាប​អន​ឡាញ រស់នៅ​ភូមិ​ព្រៃ​ព្រះ​អណ្តូង ឃុំ​ស្វាយ​ជ្រុំ ស្រុក​មេ​សាង ខេត្តព្រៃវែង ។

យោង​តាម​ការ​បំភ្លឺ​របស់​សាក្សី​ដែល​ជា​ក្រុមការងារ​ធ្វើការ​ជាមួយ​សព​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ក្រុមការងារ​ខ្លួន​បាន​ចុះ​ធ្វើការ​អូស​ខ្សែកាប​ចំនួន​១២​នាក់​មក​ពី​ខេត្តព្រៃវែង ហើយ​បាន​ចុះ​មក​អូស​ខ្សែកាប​នៅ​ក្នុង​ខេត្តសៀមរាប តាំងពី​ថ្ងៃ​ទី​២០ កញ្ញា ២០២៣ ។ ពួក​ខ្លួន​បាន​សុំ​ចៅអធិការ​វត្ត​ខ្សាច់ ដើម្បី​ស្នាក់​នៅ​បណ្ដោះអាសន្ន ស្ថិត​ក្នុងស្រុក​ប្រាសាទបាគង ជាប់​ព្រំប្រទល់​ស្រុក​សូទ្រ​និគម ។ លុះដល់​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ ២០២៣ ក្រុមការងារ​ខ្លួន​បាន​ចុះ​មក​អូស​ខ្សែកាប​នៅ​ក្នុង​ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ដោយ​បែងចែក​ជា​០២​ក្រុម ។ ក្រុម​ទី​១​មាន​គ្នា​ចំនួន​០៧​នាក់ អូស​នៅ​មុខ​ផ្សារ​ដំ​ដែក និង​មួយ​ក្រុម​ទៀត​(​ពួក​ខ្លួន​)​មាន​គ្នា ចំនួន​០៥​នាក់ ១-​ឈ្មោះ​យូ (​សព​) ។ ២-​ឈ្មោះ បុណ្យ ហៅ​ប៊ួ​ក (​សព​) ។ ៣-​ឈ្មោះ ស្រស់ ៤-​ឈ្មោះ អ៊ឹម ។ ៥-​ឈ្មោះ ហៃ ទៅ​អូស​ខ្សែកាប ក្នុងភូមិ​ដូន​ហុង នៅ​ទិស​ខាងលិច ។

លុះដល់​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ កញ្ញា ឆ្នាំ​២០២៣ ក្រុម​ខ្លួន​ដែល​មាន​គ្នា​០៥​នាក់ បាន​អូស​ខ្សែកាប​ដល់​បង្គោល​ភ្លើង​មួយ​នៅ​ក្នុង​ទឹកមុខ​ដី​ទំនេរ​មួយ​កន្លែង ពេល​នោះ​ឈ្មោះ​ធា បុណ្យ ហៅ​ប៊ួ​ក និង ឈ្មោះ​អាន យូ បាន​យក​ជណ្តើរ​ដែក​ទៅ​ដាក់​ផ្អែក​នឹង​បង្គោល​ភ្លើង​ដែល​នៅ​ក្នុង​ទឹក រួច​ឈ្មោះ​ធា បុណ្យ ហៅ​ប៊ួ​ក ជា​អ្នក​ឡើងជណ្តើរ ហើយ​ឈ្មោះ​អាន យូ ជា​អ្នក​ទប់​ជណ្តើរ​ខាងក្រោម ។ ស្រាប់តែ​ពេល​នោះ ជណ្តើរ​បាន​រអិល​ទៅ​ប៉ះ​ប្រអប់​គីឡូ​ភ្លើង​បណ្តាល​ឱ្យ​ឆក់​ទាំង​០២​នាក់​ស្លាប់​តែ​ម្តង ។

ភ្លាម​ៗ​នោះ ពួក​ខ្លួន​មាន​គ្នា​០៣​នាក់ បាន​ព្យាយាម​រក​កំណាត់ឈើ​មក​ទាញ​ជណ្តើរ​ទំលាក់​ចេញពី​បង្គោល​ភ្លើង ហើយ​បាន​យក​ជន​រង​គ្រោះ​ទាំង​០២​នាក់ មក​ធ្វើ​ចលនា​បេះដូង តែ​នៅ​តែ​មិនដឹង​ខ្លួន ។ បន្ទាប់​មក ពួក​ខ្លួន​បាន​កាក់​ម៉ូតូ​តាម​ផ្លូវ ជិះ​មក​ហៅ​ឡានពេទ្យ​ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សូទ្រនិគម និង​រាយការណ៍​ជូន​សមត្ថកិច្ច ។ ពេល​ដឹក​មក​ដល់ ក្រុម​គ្រូពេទ្យ​បាន​ជួយ​ពិនិត្យ ហើយ​ប្រាប់​ថា​ជន​រង​គ្រោះ​ទាំង ០២​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ។

តាម​រយៈ​ការ​ពិនិត្យ​វិភាគ​កន្លែង​កើតហេតុ និង​ការ​បំភ្លឺ​សាក្សី ព្រមទាំង​ការ​បញ្ជាក់​របស់​ក្រុម​គ្រូ​ពេទ្យ យើង​សន្និដ្ឋាន​ថា សព​ទាំង​២​នាក់​ពិតជា​បាន​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ប្រាកដ​មែន ។ បច្ចុប្បន្ន សមត្ថកិច្ច​យើង​បាន​ធ្វើ​កំណត់ ហេតុ​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ