រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ត្រូវគេសង្ស័យថា ប្រើប្រាស់គ្រឿ.ងញៀ.នលើសកម្រិត ស្រាប់តែកាន់កាំបិ.តឡើងទៅលើដំបូលផ្ទះរបស់ប្រជាពលរដ្ឋ រួចផ្លោះពីផ្ទះមួយទៅផ្ទះមួយ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញតាមចាប់ផងដែរ កាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្លូវ៣៦៩ ស្ថិតក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានប្រាប់ឱ្យដឹងថា «មុនពេលកើតហេតុ ពួកគាត់ គឺមានអ្នកខ្លះបានចូលសម្រាន្ត និងអ្នកខ្លះទៀតមិនទាន់ចូលសម្រាន្ត ស្រាប់តែពេលនោះ មិនដឹងថា តើបុរសរូបនោះមានបញ្ហាអ្វី ហើយមកពីទីណានោះទេ? ដោយនៅក្នុងដៃមានកាន់កូនកាំបិ.តចំនួន២ដើម ហើយឡើងឈរលើដំបូលផ្ទះប្រជាពលរដ្ឋតែម្តង»។

ប្រភពបានបន្តទៀតថា «ពេលឃើញបែបនេះ ពួកគាត់ជាប្រជាពលរដ្ឋនាំគ្នាឆោឡោ រួចចេញមកក្រៅមើល ហើយហៅបុរសរូបនោះឱ្យចុះមកក្រោមវិញ តែបុរសរូបនោះមិនព្រមចុះនោះទេ ថែមទាំងផ្លោះពីដំបូលផ្ទះមួយទៅផ្ទះមួយទៀតផង រហូតផ្អើលប្រជាពលរដ្ឋពេញភូមិចេញមកដេញតាម ក៏ដូចជារាយការណ៍ជូនអាជ្ញាធរសមត្ថកិច្ចឱ្យចុះជួយអន្តរាគមន៍តែម្ដង។

ពាក់ព័ន្ធក្នុងហេតុការណ៍ខាងលើនេះដែរ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានចុះទៅដល់ និងបាននិយាយលួងលោមឱ្យបុរសរូបនោះចុះមកក្រោម ក៏ស្រាប់តែបុរសរូបនោះមិនព្រមស្តាប់ឡើយ គឺនៅតែផ្លោះពីផ្ទះមួយទៅផ្ទះមួយដដែល។ លុះរហូតដល់ម៉ោង១រំលងអធ្រាត្រថ្ងៃដដែល សមត្ថកិច្ចក៏និយាយលួងលោម និងឱ្យទឹកផឹក មួយសន្ទុះក្រោយទើបបុរសរូបនោះបានទម្លាក់កាំបិ.តចុះ ហើយចុះមកក្រោមវិញ រួចក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួននាំយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ តែម្ដងទៅ៕
ចែករំលែកព័តមាននេះ