រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា រថយន្តឡិចស៊ីស NX200T បើកបដោយរខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុ.កម៉ូតូហុងឌ្រីម ដែលជិះដោយបុរស២នាក់យ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ខ្ទាតចូលប្រឡាយទឹកស្អុយរងរបួស បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្លូវ៤៣២កែងផ្លូវលូ១០៥ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បាន្រាប់ឱ្យដឹងថា «មុនពេលកើតហេតុ គេបានឃើញបុរស២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1AB 9817 ធ្វើដំណើរតាមបណ្ដោយផ្លូវលូ១០៥ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន»។

ប្រភពដដែលបន្តថា «លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកឡិចស៊ីស NX 200T ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2BV 2671 ធ្វើដំណើរតាមបណ្ដោយផ្លូវ៤៣២ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនដូចគ្នា ហើយក៏ជ្រុលទៅបុ.កគ្នាយ៉ាងពេញទំហឹងតែម្ដង បណ្តាលឲ្យម៉ូតូដួលអូស ហើយខ្ទាតបុរសម្នាក់ដែលអង្គុយខាងក្រោយធ្លាក់ចូលប្រឡាយទឹកស្អុយ ធ្វើឱ្យរងរបួសស្រាល ហើយត្រូវបងប្អូនប្រជាពលរដ្ឋជាលើកឡើងមកលើគោកវិញ ចំណែកអ្នកបើកម៉ូតូរងរបួសរលាត់ដៃជើងស្រាលដូចគ្នា។ ដោយឡែកខាងរថយន្តវិញ រងការខូចខាតខ្ទេចផែ្នកខាងមុខ តែមិនមានគ្រោះថ្នាក់ដល់មនុស្សដែលជិះក្នុងរថយន្តនោះទេ»។

ពាក់ព័ន្ធក្នុងហេតុការណ៍ខាងលើនេះដែរ បន្តិចក្រោយមក ក៏ឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ និងឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយខាងរថយន្តទាមទារសំណង តែខាងម៉ូតូសុំស្មើគ្នា។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងចរចាគ្នាមិនត្រូវនោះទេ រហូតទាល់តែសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចំការមន ចុះទៅ រួចនិយាយណែនាំប្រាប់ពីការបើកបរនៅផ្លូវបំបែកជាបួន ទើបភាគីទាំងសងខាងឯកភាពគ្នា ដោយយកមធ្យោបាយទៅជួសជុល និងព្យាបាលរបួសរៀងៗខ្លួន ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង៕

ចែករំលែកព័តមាននេះ