ខេត្តព្រះសីហនុ ៖ ក្រុមក្មេងទំនើងចំនួន៤ក្រុម ដែលបង្កអសន្តិសុខនៅក្នុងស្រុកស្ទឹងហាវ ខេត្ត
ព្រះសីហនុ ត្រូវបានលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ នាំមកធ្វើការអប់រំនៅមុខអា ណាព្យាបាលរបស់ពួកគេ ក្នុងនោះ គឺមានការចូលរួមពីលោកអភិបាលរងស្រុក, លោកអនុប្រធានមន្ទីរអប់រំខេត្ត អាជ្ញាធរ ស្ថិតនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ។

ក្រុមក្មេងទំនើងមានគ្នាចំនួន១៦នាក់ (ស្រី០១នាក់) ជិះម៉ូតូចំនួន០៧គ្រឿងជិះចូលសាលាវិទ្យា ល័យស្ទឹងហាវ ស្រុកស្ទឹងហាវ កាលពីថ្ងៃទី២១ កញ្ញា ឆ្នាំ២០២៣ បានធ្វើសកម្មភាពវាយសិស្ស សាលាដែលកំពុងអង្គុយលើម៉ូតូមិនដឹងខ្លួន បណ្តាលឲ្យសិស្ស០២នាក់រងរបួស និង០៣នាក់ទៀតរត់រួចខ្លួន ។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមក្មេងទំនើងមានដូចជាក្រុម GF, PL, BT, FMF បានប្រព្រឹត្តអំពើដែលសង្គមជាតិស្អប់ខ្ពើម ក្មួយៗបានធ្វើសកម្មភាពខុស ឆ្គងបង្កភាពអាម៉ាស់ដល់សង្គមជាតិ ក៏ដូចជាឪពុកម្តាយ និងក្រុមគ្រួសារ ស្របពេលដែលប្រទេស ជាតិ និងខេត្តព្រះសីហនុកំពុងត្រូវបានអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលអាណាព្យាបាលក៏ដួចជាលោកគ្រូ អ្នកគ្រូបានខិតខំធ្វើការអប់រំ បណ្តុះបណ្តាលក្មួយឲ្យក្លាយខ្លួនជាទំពាំងស្នងឬស្សី ជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អក្នុងសង្គម ។

ប៉ុន្តែពួកក្មួយនាំគ្នាបង្កើតជាក្រុមបង្កអសន្តិសុខដល់សង្គមជាតិទៅវិញ ដែលផ្ទុយទៅនឹងអ្វីដែលឪពុកម្តាយ និងប្រទេសជាតិត្រូវការនាពេលបច្ចុប្បន្ន ការបង្កើតក្រុមទាំងនេះប្រាសចាកសីលធម៌សង្គម ហើយការគិតខុសមួយពេលនាំឲ្យយើងខាតបង់កិត្តិយសខ្លួនឯង ក៏ដូចក្រុមគ្រួសារផង
ដែរ ។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា ឪពុកម្តាយឲ្យក្មួយចូលសាលា ដើម្បីទទួលបាននូវចំណេះ ដឹង ចំណេះធ្វើបំណិនជីវិត ដើម្បីចូលរួមចំណែកក្នុងការបង្កើនជីវភាពគ្រួសារ ត្រូវចេះកែប្រែខ្លួនពីទំពាំងស្អុយ មកជាទំពាំងល្អ មានចំណេះដឹងជំនាញវិជ្ជាជីវពិតប្រាកដទៅថ្ងៃមុខ ព្រោះវ័យនេះក្មួយត្រូវខិតខំរៀនសូត្រក្រេបយកចំណេះវិជ្ជា ដើម្បីអនាគតខ្លួនឯងគ្រួសារ និងសង្គមជាតិ។

ក្នុងឱកាសនោះលោកអភិបាលរងខេត្តព្រះសីហនុ ស្នើឲ្យអាណាព្យាបាលនាយកសាលាត្រូវភ្ជាប់ក្រុមក្មេងទាំងនេះ ធ្វើការតាមដាននៅពេលចេញពីផ្ទះទៅសាលា និងចេញពីសាលាមកផ្ទះ ប្រសិន បើមិនចូលសាលាត្រូវរាយការណ៍ ដើម្បីឲ្យសមត្ថកិច្ចរបស់យើងចុះរកក្រុមក្មេងទាំងនេះយកមកអប់រំនៅប៉ុស្តិ៍នគរបាលដែលនៅជិត និងឲ្យអណាព្យបាលធ្វើកិច្ចសន្យាយកកូនរបស់ពួកគាត់ត្រឡប់ ទៅផ្ទះវិញ ប្រសិននៅពេលក្រោយនៅតែបង្កអសន្តិសុខទៀត និងមិនមានការលើកលែងអនុគ្រោះ គឺត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ ។





ចែករំលែកព័តមាននេះ