ខេត្តស្ទឹងត្រែង ៖ កម្លាំងប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានដាក់ពង្រាយកម្លាំងតាមដានឃ្លាំមើលស្ត្រីម្នាក់ ក្រោយចេញសែកស្អុយ និងមានពាក្យបណ្តឹងពីម្ចាស់បំណុលទៅកាន់តុលាការ។

នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានប្រាប់ឱ្យដឹងថា ការចុះអនុវត្តដីការបស់ចៅក្រមស៊ើបសួរ មន្ត្រីនគរបាលបានចុះអនុវត្តចាប់តាំងពីវេលាម៉ោងជាង២រសៀល រហូតដល់ម៉ោង៨យប់ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ទើបដកកម្លាំងចេញ ដោយមិនបានឃាត់ខ្លួនមនុស្សណាម្នាក់នោះទេ»។
នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានប្រាប់ឱ្យដឹងបន្តថា «ហេតុការណ៍នេះ បានកើតឡើងនៅចំណុចភូមិលើ ស្ថិតក្នុងសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ជាទីតាំងផ្ទះជនត្រូវចោ.ទមានឈ្មោះ យ័ន្ត ស៊ីណារ៉ូ (Yan Sinaro) ហៅ យ័ន្ត ស្រីណូ ភេទស្រី អាយុ២៦ឆ្នាំ ត្រូវបានចោ.ទប្រកាន់ពីបទ ៖ «មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន» និងបទ «ឆបោ.ក» ដែលប្រព្រឹត្តនៅភូមិរាជានុកូល ស្ថិតក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កន្លងទៅ។ បទល្មើសដែលមានចង ឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ និងមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ»។

ជនត្រូវចោទខាងលើ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង ចេញដីកាបង្គាប់ឱ្យចូលខ្លួនចំនួន០៣លើកមកហើយ។
ទាក់ទិនករណីខាងលើនេះ បានឱ្យដឹងទៀតថា ស្ត្រីម្នាក់ដែលបានចេញសែកស្អុយ (ប័ណ្ណគ្មានសាច់ប្រាក់) សម្រាប់ទូទាត់បំណុល។ តែដោយសារក្នុងសែកនោះ មិនមានទឹកប្រាក់ ម្ចាស់បំណុលក៏បានប្តឹងទៅកាន់តុលាការតែម្ដង។ ហើយសំណុំរឿងនេះ ក៏បានធ្លាក់ទៅលើចៅក្រមស៊ើបសួរ ហើយចៅក្រម ក៏បានចេញដីកាបង្គាប់ឲ្យនាំខ្លួន ពាក់ព័ន្ធបទ «ឆបោ.ក»។

លោក ទូច តារា ស្នងការរងទទួលផែនព្រហ្មទណ្ឌកម្រិតស្រាល បានប្រាប់កោះសន្តិភាពនាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ថា នៅពេលដែលកម្លាំងចុះអនុវត្តដីកា ជនត្រូវចោទបានដឹងខ្លួនមុន ក៏រត់ចូលពួនសម្ងំនៅក្នុងបន្ទប់មិនព្រមចេញមកក្រៅ ហើយកម្លាំងមិនអាចចូលទៅក្នុងបាន ក៏តាមដានឃ្លាំមើលពីក្រៅ រហូតដល់ម៉ោង៨យប់ ទើបដកកម្លាំងមកវិញ គឺមិនបានឃាត់ខ្លួនជនត្រូវចោទនោះទេ៕
ចែករំលែកព័តមាននេះ