រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្មេងប្រុសម្នាក់ជំទង់ម្នាក់អាយុ១៣ឆ្នាំ បានលង់ទឹកទន្លេ ខណៈពេលទៅនេសាទត្រីជាមួយនឹងឪពុកធំ ដោយក៏ស្រាប់តែក្រឡាប់ទូកស្មាច់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៦និង៣០នាទីល្ងាច ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ នៅចំណុចច្រាំងទន្លេ ផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នាល្ងាចថ្ងៃនោះ ក្មេងប្រុសរងគ្រោះបានទៅនេសាទត្រីជាមួយឪពុកធំ ដែលមានគ្នា៣នាក់ គឺក្មេងប្រុស២នាក់ និងឪពុកធំម្នាក់ ។ អ្នកទាំង៣នាក់ បានចេញពីផ្ទះនៅម្តុំព្រែកលៀប ទៅនេសាទត្រីនៅម្តុំបាក់ខែង ចន្លោះស្ពានលេខ៦ និងលេខ៧ ។ លុះពេលរកបានត្រីហើយ ទាំង៣នាក់ឪពុកធំ និងក្មួយ បានត្រឡប់មករកច្រាំងវិញ ហើយគ្រានោះក្មេងប្រុសរងគ្រោះបានងើបឈរឡើង តែត្រូវឪពុកធំស្រែកកុំឱ្យងើបឈរ ព្រោះទឹកកំពុងតែកួចខ្លាំង ដែលធ្វើឲ្យបាត់លំនឹង ភ្លាមៗនោះទូកក៏ស្រាប់តែក្រឡាប់ធ្លាក់ទឹកទាំង៣នាក់តែម្ដង ។

នៅពេលធ្លាក់ទឹកនោះ ឪពុកធំ បានលូកដៃស្រវាចាប់ក្មួយតូចជាងគេដែលមានអាយុ១១ឆ្នាំមុន ដោយគិតថា ក្មួយធំចេះហែលទឹក ប៉ុន្តែជាអកុសលក្មួយធំ បានលង់ទឹកបាត់រកមិនឃើញ។ នៅពេលក្រឡាប់ទូកស្មាច់នោះដែរ ក៏មានការជួយពីអ្នកនៅលើសាឡង់ខ្សាច់មួយគ្រឿង ដោយបោះខ្សែឲ្យបុរសចំណាស់ខាងលើតោង សំណាងល្អគាត់ចាប់ខ្សែជាប់ក៏រួចផុតពីគ្រោះថ្នាក់ដល់ជីវិត២នាក់ក្មួយប្រុសតូច ។ ប៉ុន្តែជាអកុសល មិនអាចជួយសង្គ្រោះក្មួយប្រុសធំបានឡើយ ដោយសារតែគិតថា ក្មួយធំចេះហែលទឹក ។

ក្មេងប្រុសដែលលង់ទឹកស្លា.ប់ខាងលើនេះ មានឈ្មោះ ផន រ៉ានុត បានលិចទៅក្នុងទឹកតាំងពីម៉ោង៦ល្ងាច និងរកមិនទាន់ឃើញនៅឡើយទេ ក្រោយពេលកើតហេតុ ។ ចំណែកឪពុកធំឈ្មោះ អន តឿន អាយុជាង៤០ឆ្នាំ ប្រកបរបរនេសាទត្រី និងក្មេងប្រុសតូចជាងគេឈ្មោះ ផន រ៉ានុល អាយុ១១ឆ្នាំ ។

ក្រោយកើតហេតុ លោកចៅសង្កាត់រង និងមន្ត្រី ជាប់ពាក់ព័ន្ធបានទៅដល់ចំណុចខាងលើ និងបានប្រឹងប្រែងស្វែងរកក្មេងរងគ្រោះ ប៉ុន្តែរកមិនឃើញ ព្រោះទន្លេធំ ហើយទឹកហូរខ្លាំងទៀត មិនដូចទឹកបឹងទេ ។ ដោយការព្រួយបារម្ភពីសុវត្ថិភាពអ្នករុករកផ្សេងទៀត ដែលបានចុះទូកចំនួន៣គ្រឿងស្វែងរកក្មេងរងគ្រោះ លោកចៅសង្កាត់រង បានឲ្យពួកគេត្រឡប់មកវិញ និងរង់ចាំដំណឹងស.ពអណ្តែតតាមក្រោយ ព្រមទាំងត្រៀមជួយធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ