រាជធានីភ្នំពេញ ៖ កម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញ បានប្រដេញបង្ក្រាបឧក្រិដ្ឋជន១ក្រុម ដែលបានធ្វើសកម្មភាពចាប់ឪពុក និងកូនស្រី ដែលជាជនជាតិវៀតណាម ដើម្បីជំរិតទារប្រាក់ ហើយនៅក្នុងប្រតិបត្តិការដេញបង្ក្រាបនោះ ក្រុមឧក្រិដ្ឋជនបានបាញ់ និងបើករថយន្តបំបុករថយន្តកងរាជអាវុធហត្ថ រហូតធ្វើឲ្យកងកម្លាំងអាវុធហត្ថ ផ្ទុះអាវុធជាច្រើនគ្រាប់ តបតវិញ ដោយបានបាញ់បំបែកកង់រថយន្តក្រុមជនសង្ស័យ ទើបឃាត់ខ្លួនបានម្នាក់ និងរត់រួច ២នាក់ ហើយកងកម្លាំង ក៏បានរំដោះបានជនរងគ្រោះ២នាក់ ឪពុកនិងកូនស្រី មកវិញផងដែរ ។
ហេតុការណ៍ចាប់ជំរិតនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង០៦និង១០នាទីល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅតាមផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រង់ចំណុចភ្លើងស្តុប ភូមិភូមត្រាំស្លឹក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមឧក្រិដ្ឋជន គឺជាជនជាតិចិន មានគ្នា០៣នាក់ បានចាប់បុរសជនជាតិវៀតណាមម្នាក់ រួមជាមួយកូនស្រីម្នាក់ ដឹកតាមរថយន្តមួយគ្រឿង ម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BX-2282 ដើម្បីជំរិតទារប្រាក់ ប៉ុន្តែពុំទាន់មានប្រភពណាមួយអះអាងពីចំនួនទឹកប្រាក់ ដែលត្រូវជំរិតទារយក នោះនៅឡើយទេ ។
ប្រភពព័ត៌មាន បានបន្តថា សកម្មភាពជំរិតទារប្រាក់នោះ បានបែកធ្លាយដល់មន្ត្រីកងរាជអាវុធហត្ថ ហើយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានតាមជាប់រហូត ដោយមុនដំបូង ក្រុមឧក្រិដ្ឋជន បានបើករថយន្ត ដឹកជនរងគ្រោះ ២នាក់ឪពុក និងកូនស្រី នាំទៅឈប់ចត នៅតាមមហាវិថីសហព័ន្ធរុស្ស៊ីត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សង្កាត់កាកាបទី១ ក្នុងខណ្ឌពោធិ៍សែនជ័យ ។
ប្រភពដដែល បានប្រាប់ឲ្យដឹងទៀតថា ពេលនោះ ក្រុមឧក្រិដ្ឋជន បានដឹងខ្លួនថា មានកម្លាំងកងរាជអាវុធហត្ថ តាមពីក្រោយ ក៏បានបើករថយន្តដឹកជនរងគ្រោះ រត់គេចខ្លួន ទើបកម្លាំងជំនាញប្រដេញតាម រហូតដល់ផ្លូវក្រវាត់ក្រុងទី៣ ត្រង់ចំណុចដូចខាងលើ ខណៈនោះ ក្រុមឧក្រិដ្ឋជន ដកកាំភ្លើងខ្លីបាញ់មកលើកម្លាំងកងរាជអាវុធហត្ថ ព្រមទាំងបើករថយន្តបំបុករថយន្តកងកម្លាំង បណ្ដាលឲ្យរងការខូចខាតរថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BP-0343 ហើយរថយន្តម៉ាក ALPHARD របស់ក្រុមឧក្រិដ្ឋជន ក៏រងការខូចខាត ផងដែរ ។
ប្រភពខាងលើ បានប្រាប់បន្ថែមថា ខណៈនោះ កម្លាំងកងរាជអាវុធហត្ថ ក៏បានផ្ទុះអាវុធជាច្រើនគ្រាប់ តបតវិញ ដោយបានបាញ់បំបែកកង់រថយន្តក្រុមជនសង្ស័យ ហើយឃាត់ខ្លួនម្នាក់ រីឯ ២នាក់ទៀតរត់រួចខ្លួនពីកន្លែងកើតហេតុ ចំណែកជនរងគ្រោះ២នាក់ឪពុក និងកូនស្រី ដែលជាជនជាតិវៀតណាម ត្រូវបានកងកម្លាំងកងរាជអាវុធហត្ថ រំដោះបានមកវិញ ដោយសុវត្ថិភាព ផងដែរ ។
បន្ទាប់មក កម្លាំងកងរាជអាវុធហត្ថ បាននាំខ្លួនជនសង្ស័យទៅកាន់ទីបញ្ជាការការអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសួរនាំ និងតាមឃាត់ខ្លួនបក្ខពួកដែលកំពុងរត់គេចខ្លួនបន្តទៀត ៕
ចែករំលែកព័តមាននេះ