ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការដ្ឋាន​នគរបាល​រាជធានី​បំភ្លឺ​ជុំវិញការ​ឃាត់ខ្លួន​អ្នកលក់​ផ្លែ​ត្របែក បញ្ជូន​ទៅ​តុលាការ

7 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម និង​សារព័ត៌មាន​មួយ​ចំនួន ជុំ​វិញ

រាជធានី​ភ្នំពេញ ៖ ​បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម និង​សារព័ត៌មាន​មួយ​ចំនួន ជុំ​វិញការ​ឃាត់ខ្លួន​អ្នកលក់​ផ្លែ​ត្របែក ​និង​ផ្លែ​ពុទ្រា នៅ​ខណ្ឌ​សែន​សុខ​ បញ្ជូនទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ​​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ កញ្ញា ឆ្នាំ ២០២៣​នេះ​ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ក៏​បាន​បក​ស្រាយ និង​បំភ្លឺ​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា​៖

មន្ត្រី​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ចាប់​ឃាត់ខ្លួន​អ្នកលក់​ផ្លែ​ត្របែក ផ្លែ​ពុទ្រា អ្នក​សុំទាន ជន​ពិការ កុមារ និង​អ្នក​ពាក់ព័ន្ធ​សរុប​ចំនួន​​១៤​នាក់ នៅ​ចំណុច​ភ្លើងស្តុប​ណូ​គា និង​ស្តុ​បណត​ប្រ៊ី​ដ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៣​។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​បញ្ជា​ទៅ​លោក​អធិការ​នគរបាល​ខណ្ឌ​សែន​សុខ លោក​វរសេនីយ៍ឯក ហួរ ម៉េ​ង វ៉ាង ដើម្បី​ធ្វើការ​បំភ្លឺ​បកស្រាយ​ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ​។

បើ​យោង​តាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បំភ្លឺ​ឱ្យ​ដឹង​ថា​ នៅ​យប់​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៣ ដោយ​មានការ​អនុញ្ញាត​ពី​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​លោក ញាណ ច​ន្ថា​វេ​រ៉ា អភិបាលរង​ខណ្ឌ បាន​ចុះ​ប្រមូល​ជនអនាថា ជន​ពិការ​ភាព​ដើរ​សុំ​លុយ និង​អ្នកលក់​ផ្លែ​ឈើ នៅ​តំបន់​ស្តុ​បណត​ប្រ៊ី​ដ ផ្លូវ​លេខ​២០០៤ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ​សរុប​​ចំនួន​១៤​នាក់​ (ស្រី​ចំនួន​៥​​​នាក់​)​ ក្នុង​នោះ​មាន​ ជន​មាន​ពិការ​ភាព ចំនួន៥​នាក់ ស្រី​១​​នាក់​ (​អាយុ​ពី​៣២​ឆ្នាំ ដល់​អាយុ​៦២​ឆ្នាំ​) ច្រៀង​សុំ​លុយ​តាម​ស្តុ​ប​, កុមារចំនួន​៥​នាក់​ កុមារី​ចំនួន​២​នាក់ (​អាយុ​០២​ឆ្នាំ ដល់​អាយុ​១៣​ឆ្នាំ​) លក់​ផ្លែ​ពុទ្រា​តាម​ស្តុ​ប​, មនុស្ស​ពេញវ័យ និង​មាន​កាយសម្បទា​មាំមួន ចំនួន​៤​នាក់​ (ស្រី​២​នាក់​) ដើរ​លក់​ផ្លែ​ពុទ្រា​តាម​ស្តុ​ប​។

ចំពោះ​អ្នក​ទាំង​១៤​ខាងលើនេះ​ រដ្ឋបាល​ខណ្ឌ​សែន​សុខ បាន​បញ្ជូន ទៅ​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​រាជធានី​ភ្នំពេញ ចំនួន​១១​​នាក់​ (​ស្រី​៤​នាក់​​) ដោយឡែក​រដ្ឋបាល​ខណ្ឌ​សែន​សុខ មានការ​សង្ស័យ ចំពោះ​មុខសញ្ញា​បុគ្គល ចំនួន​០៣​នាក់​ (ស្រី​១​នាក់​) ត្រូវ​បាន​សង្ស័យ​ញុះញង់ និង​ជួញដូរ​កម្លាំង​ពលកម្ម​លើ​កុមារ និង​ជន​ពិការ ដោយ​មានការ​ឯកភាព​ពី​លោក សេង ពុ​ទ្ធី ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​ក៏​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​០៣​នាក់ ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​បែក​ក្អម ដើម្បី​សាកសួរ និង​អនុវត្ត​តាម​នីតិវិធី​។

ជនសង្ស័យ ទាំង​៣​នាក់​រួម​មាន​១-​ឈ្មោះ យិ​ន សុ​ផ​ន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ , ២-​ឈ្មោះ សំ សុ​ជុន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ និង​៣-​ឈ្មោះ ចេ​ង ឆេ​ង​ហឿ​ន ភេទ​ស្រី អាយុ​៣៧​ឆ្នាំ​។​ ជនសង្ស័យ​ទាំង​៣​នាក់​នេះ​ក៏ ត្រូវ​បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្ត​តាម​នីតិវិធី​។

ដោយ​ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​៣​នាក់ និង​តាម​ការ​បំភ្លឺ​របស់​ជន​ជាប់​ពាក់ព័ន្ធ​ខាងលើ ក៏​ធ្វើការ​ឃាត់ខ្លួន​បណ្តោះអាសន្ន​ជនសង្ស័យ​ទាំង​០៣​នាក់ បញ្ជូន​សំណុំរឿង​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៣ ដើម្បី​អនុវត្ត​តាម​នីតិវិធី​។

ក្រោយ​ពី​បញ្ជូន​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​ទៅ​ដល់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ធ្វើការ​សាកសួរ​ពួក​គេ​ទាំង​បី​នាក់​នោះ​ហើយ​។

ជនសង្ស័យ​ទាំង​០៣​នាក់ នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៣ ដោយ​មាន​ចំណារ​ពី​លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ អនុញ្ញាត​ឱ្យ​ជនសង្ស័យ​ខាងលើ​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​។ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន​។

ទន្ទឹម​នោះ នៅ​ក្នុង​បណ្តាញ​សង្គម ក៍​មានការ​រិះគន់ ថា គ្រាន់តែ​លក់​ត្របែក​តាម​ស្តុ​ប​សោះ​ចាប់​ប្រពន្ធ​និង​កូន រប​ស់គា​ត់ទៅ​តុលាការ​ដែរ និង​ខ្លះ​ទៀត​ស្រែ​កថា អយុត្តិធម៌​ ។ ​ចំណែក រ​ដ្ឋ​បាល​ខណ្ឌ​សែន​សុខ ក៍បាន​ចាត់​ទុក​ថា ជន​អាណា​ថា អ្នក​ដើរ​សុំ​លុយ​តាម​ស្តុ​ប​ និង​ក្រោម​ស្ពាន​អាកាស​ក្នុងភូមិ សាស្ត្រ​ខណ្ឌ​សែន​សុខ ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សា​ធារ​ណៈ សោ​ភ័ណ្ឌ​ភាព​ទីក្រុង​និង​បង្ក​ភាព​រញ៉េរញ៉ៃ​តាម​ដងផ្លូវ​ ហើយ​កន្លង​មក​អាជ្ញាធរ​តែង​ចុះ​ប្រមូល​ជា​បន្តបន្ទាប់​៕​

គួរ​បញ្ជាក់​ថា ​​នា​ប៉ុន្មានថ្ងៃ​​នេះ នៅ​ក្នុង​បណ្តាញ​សង្គម មានការ​ស៊ែ​រ​ត​ៗ​គ្នា ពី​បុរស​ម្នាក់ ដែល​ជា​ប្តី បាន​​ស្រែក​ទ្រហោយំ និង​ប្រុង​គិត​ខ្លី បន្ទាប់​ពី​ប្រពន្ធ​និ​ង​កូន​របស់​ខ្លួន ដែល​ជា​អ្នក​​លក់​ត្របែក ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ