ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង គង់ ប៊ុ​ន​សុ​ន អំពាវនាវ​ឱ្យ​ជួយ​ហៅ​ថត​ផង ខណៈ​របរ​លក់​នំ​តាម​ផ្លូវ​មិនសូវ​ដាច់

7 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង​អ្នកស្រី គង់ ប៊ុ​ន​សុ​ន បាន​អំពាវនាវ​ឱ្យ​ផលិតករ ក៏​ដូច​បណ្តា​ផលិត​កម្ម​នានា មេត្តា​ហៅ​អ្នកស្រី​ថត​ផង ដើម្បី​​បាន​ប្រាក់​ចិញ្ចឹមជីវិត ត្បិត​របរ​លក់​នំ​តាម​ដងផ្លូវ​របស់​អ្នកស្រី​មិនសូវ​ដាច់​នោះ​ឡើយ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​អ្នកស្រី គង់ ប៊ុ​ន​សុ​ន បាន​អំពាវនាវ​ឱ្យ​ផលិតករ ក៏​ដូច​បណ្តា​ផលិតកម្ម​នានា មេត្តា​ហៅ​អ្នកស្រី​ថត​ផង ដើម្បី​បាន​ប្រាក់​ចិញ្ចឹមជីវិត ត្បិត​របរ​លក់​នំ​តាម​ដងផ្លូវ​របស់​អ្នកស្រី​មិនសូវ​ដាច់​នោះ​ឡើយ​។

ក្នុង​ស្ថានភាព​តែលតោល​ជា​ស្ត្រី​មេម៉ាយ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ រស់នៅ​ក្នុងផ្ទះ​ជួល អ្នកស្រី គង់ ប៊ុ​ន​សុ​ន កំពុង​តែ​មាន​ភាព​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ជីវភាព​រស់នៅ ដោយ​អ្នកស្រី​ត្រូវ​ពឹង​តែ​ទៅ​លើ​របរ​លក់​នំ និង​ការងារ​សិល្បៈ​តិចតួច​តែ​ប៉ុណ្ណោះ​។ យ៉ាងណា ដោយ​ធ្លាប់​ចូល​រួមការ​សម្តែង​នានា​កន្លង​មក​នោះ អ្នកស្រី គង់ ប៊ុ​ន​សុ​ន ក៏​ធ្វើការ​អំពាវនាវ​ដល់​ផលិតករ​នានា ជួយ​ហៅ​អ្នកស្រី​ថត​ផង ត្បិត​មួយ​រយៈ​នេះ​ការងារ​សិល្បៈ​របស់​អ្នកស្រី​ហាក់​ស្ងប់ស្ងាត់​ខ្លាំង​។

តារា​សម្តែង​អ្នកស្រី ប៊ុ​ន​សុ​ន បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ថា «​សូម​បងប្អូន មេត្តា​ជួយ​ហៅ​ខ្ញុំ​ថត​ផង ដើម្បី​បាន​ថវិការ​ចិញ្ចឹមជីវិត ព្រោះ​រាល់​ថ្ងៃនេះ ខ្ញុំ​លក់​នំ​មិនសូវ​ដាច់​ទេ ពេល​ខ្លះ​ខ្ញុំ​បាំង​ឆ័​ត្រ​អង្គុយ​លក់​នំ​ពេល​មេឃ​កំពុង​តែ​រលឹម​។ ទាំង​អស់នេះ ជា​រូបថត​អនុស្សាវរីយ៍​ដែល​ខ្ញុំ​បាន​ចូលរួម​សម្ដែង​ជាមួយ​តារា​ល្បី​ៗ​ជា​ច្រើន និង​បាន​ចូលរួម​សម្ដែង​ភាពយន្ត​ជា​ច្រើន​រឿង និង​រឿង​អប់រំ​ខ្លី​ៗ»​។

អ្នកស្រី​បញ្ជាក់​ថា «​ខ្ញុំ​បាន​ចូលរួម​ថត​ស្ព​ត ថត​បទ​ចម្រៀង​ជាមួយ​ផលិតកម្ម​ហង្ស​មាស​, ថោ​ន​, សាន់​ដេរ និង​បាន​ចូលរួម​សម្ដែង​ក្នុង​កម្មវិធី​ផ្សេង​ៗ​ជា​ច្រើន​។ លេខ​ទូរស័ព្ទ 098 444 858 សូម​អរគុណ​»​។

ជា​ការ​កត់សម្គាល់ ទស្សនិកជន​ច្បាស់​ជា​បាន​ស្គាល់​ហើយ​ថា តារា​សម្តែង​ជើង​ចាស់​អ្នកស្រី គង់ ប៊ុ​ន​សុ​ន គឺជា​តារា​សម្តែង​ម្នាក់​ដែល​តែងតែ​ដើរតួ​ជា​ម្ដាយ​អ្នកក្រ ក្នុង​ខ្សែភាពយន្ត ក៏​ដូច​ជា វី​ដេ​អូ​ខ្សែ​វី​ដេ​អូ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ហើយ​បើ​យើង​ក្រឡេក​ទៅ​មើល​ពី​ជីវភាព​របស់​អ្នកស្រី​នៅ​ខាងក្រៅ​ឆាក​វិញ គឺ​វា​មិន​ខុស​គ្នា​ពី​ក្នុង​សាច់​រឿង​ឡើយ គឺ​លំបាក​ខ្លាំង​ណាស់​។

ជីវិត​នៅ​ក្រៅពី​សិល្បៈ គឺ​អ្នកស្រី គង់ ប៊ុ​ន​សុ​ន ត្រូវ​ឆ្លៀត​លក់​នំ​កាត់​យប់ កាត់​អធ្រាត្រ ដើម្បី​ដោះស្រាយ​ជីវភាព និង​បង់ថ្លៃ​ផ្ទះ​ដែល​ជួល​គេ​។ អ្នកស្រី គង់ ប៊ុ​ន​សុ​ន ប្រកប​របរ​លក់​នំ​នេះ​ជាង​១​ឆ្នាំ​មក​ហើយ ដោយ​លក់​នៅ​លើ​ផ្លូវ​២៧១ ក្រោយ​ធនាគារ ANZ ។ ចំណែក​ថ្លៃ​ផ្ទះ​ជួល ស្ត្រី​មេម៉ាយ​កូន​៣ វ័យ​៦៥​រូប​នេះ គាត់​បាន​ជួល​គេ​ក្នុង​១​ខែ​តម្លៃ​៩០​ដុល្លារ​។ បើ​ក្រឡេក​មក​មើល​ការងារ​សិល្បៈ​របស់​អ្នកស្រី​វិញ តម្លៃ​ខ្លួន​អ្នកស្រី​មិន​បាន​ថ្លៃ​ឡើយ ពោល​គឺ​ក្នុង​១​ថ្ងៃ​ទទួល​បាន​ត្រឹមតែ​១៥​ដុល្លារ​ទៅ​៥០​ដុល្លារ​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ