ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ADB ព្យាករថា សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៣ នេះ កើន ៥,៣%

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ​ADB​ បានប្រកាស នៅថ្ងៃទី២០ ខែកញ្ញានេះ​ថា កំណើន​សេដ្ឋកិច្ច នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៣ ត្រូវបានរំពឹងថា…

រាជធានីភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ​ADB​ បានប្រកាស នៅថ្ងៃទី២០ ខែកញ្ញានេះ​ថា កំណើន​សេដ្ឋកិច្ច នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៣ ត្រូវបានរំពឹងថា នឹងទាបជាងការព្យាករ កាលពីដើមឆ្នាំបន្តិច ពោលគឺ ADB បានបញ្ចុះការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៣ នេះ ពី ៥,៥% មកត្រឹម ៥,៣% វិញ។ មូលហេតុ ដោយសារតែកំណើនវិស័យឧស្សាហកម្ម យឺតជាងការរំពឹងទុក នៅក្នុងឆមាសទីមួយ។

ការធ្វើបច្ចុប្បន្នភាព នៃរបាយការណ៍សេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានចេញផ្សាយ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បង្ហាញថា របាយការណ៍របស់ ADB បានបន្តរក្សាការព្យាករ​កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ​២០២៤ នៅ ៦.០% ដដែល។

លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំកម្ពុជា បានលើកឡើងថា «ការរំពឹងទុកចំពោះ ភាពប្រសើរជាងមុននៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសធំៗ ដែលមានការជឿនលឿន ត្រូវបានរំពឹងថានឹងជំរុញការនាំចេញរបស់កម្ពុជា សម្រាប់ឆមាសទី២ ឆ្នាំ២០២៣ ទោះបីជាកំណើនវិស័យឧស្សាហកម្មក្នុងស្រុក បានថមថយក្នុងឆមាសដំបូងឆ្នាំនេះក៏ដោយ។ វិស័យសេវាកម្មចូលរួមចំណែកធំជាងគេ ចំពោះកំណើនសេដ្ឋកិច្ចឆ្នាំនេះ ដោយវិស័យនេះ បានកើនលើសការរំពឹងទុកនៅក្នុងឆមាសទី១ ជាពិសេសដោយ សារការងើបឡើងវិញ​ខ្លាំងនៃវិស័យទេសចរណ៍»។

លោកស្រី បន្ថែមថា ការព្យាករកំណើនវិស័យសេវាកម្ម នៅឆ្នាំ២០២៣ បានកើនឡើងពី ៧.៣% ទៅ ៨.០%។ ការព្យាករ សម្រាប់កំណើនវិស័យឧស្សាហកម្ម ត្រូវបានបន្ថយពី ៥.៨% មក ៤.៨% ហើយការព្យាករ សម្រាប់កំណើនវិស័យកសិកម្ម ត្រូវបានកែសម្រួលពី ១.១% ទៅ ០.៩%។

របាយការណ៍នេះ រក្សាការព្យាករអតិផរណា សម្រាប់ឆ្នាំនេះ នៅកម្រិត ៣.០% និងឆ្នាំក្រោយ​នៅកម្រិត ៤.០%។ ឱនភាពពាណិជ្ជកម្មអន្តរជាតិ ដែលមានភាពប្រសើរឡើង និងការងើបឡើង​វិញនៃវិស័យទេសចរណ៍ នឹងបន្តបង្រួម​ឱនភាពគណនីចរន្ត។

ADB បន្ដថា ហានិភ័យ សម្រាប់ទស្សនវិស័យនេះ រួមមាន កំណើនសេដ្ឋកិច្ចខ្សោយនៃ​បណ្តាប្រទេសជឿនលឿន ការមកដល់នៃភ្ញៀវទេសចរ និងលំហូរវិនិយោគផ្ទាល់ពីបរទេសតិច ការអូសបន្លាយនៃការរឹតបន្តឹងស្ថានភាព ហិរញ្ញវត្ថុជាសកល ការកើនឡើងតម្លៃថាមពល ក្តីបារម្ភអំពីបំណុលឯកជន ដែលមានកម្រិតខ្ពស់ និងអំពីស្ថិរភាពហិរញ្ញវត្ថុក្នុងស្រុក និង​អាកាសធាតុដែលកាន់តែអាក្រក់ ដោយសារការប្រែប្រួលបរិយាកាសផែនដី៕ អ៊ាង​ ប៊ុនរិទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ