រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលរស់នៅតាមមាត់ច្រាំងទន្លេសាប ត្រូវបានទឹកកួចច្រោះ បណ្ដាលឱ្យបាក់ស្រុតចូលទៅក្នុងទឹកទន្លេអស់១ខ្នង ចំណែក៣ខ្នងទៀត ក៏ត្រូវបាក់ស្រុតដាច់ជើងសសរផ្នែកខាងក្រោយផងដែរ ជាហេតុធ្វើឱ្យម្ចាស់ផ្ទះបង្ខំចិត្តរុះរើចេញ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុណាមួយ ខណៈពេលទឹកទន្លេកំពុងតែហក់ឡើងខ្ពស់ជារៀងរាល់ថ្ងៃ។

សេចក្តីរាយការណ៍បានឱ្យដឹងបន្តថា ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចច្រាំងទន្លេសាបស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ទោះបីជាយ៉ាងណា នៅក្នុងការបាក់ស្រុតផ្ទះនេះ ពុំបណ្តាលឱ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។ ចំណែកផ្ទះដែលបាក់ស្រុតចូលក្នុងទន្លេនោះ គឺជាផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី ដែលមានទំហំប្រមាណ៧ម៉ែត្រគុណប្រមាណជា១០ម៉ែត្រ។ ចំណែក៣ខ្នងទៀត គឺធ្វើអំពីថ្មក្រោម ឈើលើប្រក់សង្ក័សី ក៏បានបាក់ស្រុតជើងសសរផ្នែកខាងក្រោយប្រឈមមុខនឹងគ្រោះថ្នាក់ និងរុះរើចេញ។

តាមព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះពុំបាននៅផ្ទះឡើយ គឺបានចាក់សោទុកចោល ស្រាប់តែផ្ទះ១ខ្នងនោះ ក៏បានបាក់ស្រុតចូលទៅក្នុងទន្លេតែម្ដង ដោយពុំអាចយកអ្វីបានឡើយ។ បន្ទាប់មក ក៏បាក់ស្រុកផ្ទះជាបន្តបន្ទាប់ចំនួន៣ខ្នងទៀត ក្នុងនោះបណ្តាលឱ្យ២ខ្នងដាច់ជើងសសរក្រោយ និង១ខ្នងប្រឈមមុខនឹងគ្រោះថ្នាក់ ធ្វើឱ្យម្ចាស់ផ្ទះបង្ខំចិត្តរុះរើចេញ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ណាមួយ។

តាមប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា ចំពោះមូលហេតុដែលបណ្តាលឱ្យបាក់ស្រុតផ្ទះនោះ គឺដោយសារតែទឹកហក់ឡើងខ្លាំង ធ្វើឱ្យស្រុតដី បាក់ច្រាំងទន្លេ ជាហេតុបណ្ដាលឱ្យបាក់ស្រុតផ្ទះដែលសាងសង់នៅជាប់នឹងមាត់ច្រាំងចូលក្នុងទឹកទន្លេតែម្តង។

គួរបញ្ជាក់ផងដែរថា នៅក្នុងសង្កាត់ព្រែកតាសេកនេះ ដោយសារតែច្រាំងទន្លេ ពោរពេញទៅដោយដង្ហើមទឹក និងដីល្បាប់ ជាហេតុធ្វើឱ្យបាក់ស្រុតច្រាំងទន្លេជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ៕




ចែករំលែកព័តមាននេះ