អភិបាលរងរាជធានី ៖ យើងត្រូវថែរក្សាសន្តិភាពឱ្យបានគង់វង្ស ព្រោះមោទនភាពជាតិ កើតមានពេលកម្ពុជាមានសុខសន្តិភាពពេញលេញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍បញ្ជាក់ថា មោទន
រាជធានីភ្នំពេញ ៖ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍បញ្ជាក់ថា មោទន
រាជធានីភ្នំពេញ ៖ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍បញ្ជាក់ថា មោទនភាពជាតិ គឺកើតមានឡើងនៅពេលដែល កម្ពុជាយើងមានសុខសន្តិភាពពេញលេញ ។ ដូច្នេះលោកសូមអោយទាំងអស់គ្នា ថែរក្សាសន្តិភាពឱ្យបានគង់វង់ បើទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ។
ការលើកឡើងបែបនេះ របស់លោកកើត ឆែ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី២០ កញ្ញា ឆ្នាំ២០២៣ ខណៈដែលលោក តំណាងអោយលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីវាយគង ទូងស្គរ និងគោះត្រដោកដើម្បីអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ។
លោកកើត ឆែ បានមានប្រសាសន៍លើកឡើងថា នៅពេលដែលជាតិសាសន៍មួយ ត្រូវបានពិភពលោកទទួលស្គាល់ ដោយយកព្រលឹងវប្បធម៌របស់ជាតិ ទៅដាក់ចូលជាបេតិកភណ្ឌពិភពលោក យើងពិតជាមានមោទនភាពណាស់។
លោកបន្តថា មោទនភាពជាតិ កើតមាននៅពេលដែលកម្ពុជាយើងមានសុខសន្តិភាព ,មោទនភាពជាតិនេះ តាមបទពង្សាវតាខ្មែរ យើងបានបាត់បង់យូរឆ្នាំមកហើយ តែពេលនេះកម្ពុជាយើងមានមោទនភាពជាតិឡើងវិញ។ បើគ្មានសន្តិភាព យើងគិតថា មោទនភាពជាតិនេះ គឺមិនមានទេ បើគ្មានសន្តិភាពយើងក៏គ្មានមោទនភាពជាតិដែរ ។ យើងត្រូវចងចាំថា អ្វីដែលយើងមាននៅពេលនេះ គឺកើតឡើងពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុន សែន និងការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងងបន្តវីរភាពរបស់សម្ដេចហ៊ុនសែន នាំជាតិកម្ពុជាទៅរកភាពសុខសាន្តរុងរឿង។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យកូនចៅរបស់យើងរស់នៅក្នុងសន្តិភាព ក្នុងសេចក្តីថ្លៃថ្នូរ នាំជាតិមាតុភូមិរបស់យើងនៅកាន់គោលដៅដែលយើងចង់បាន។
លោកកើត ឆែ សុំឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ថែរក្សាតម្លៃសន្តិភាពឱ្យបានគង់វង្សទោះបីក្នុងតម្លៃណាក៏ដោយ ។ ត្រូវតែមានឯកភាពជាតិ ដើម្បីជ្រងទង់ជាតិ ឈានទៅរកគោលដៅដែលយើងចង់បាននៅពេលអនាគត។
គួរបញ្ជាក់ថា៖ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់ របស់ជាតិខាងលើនេះ កាលពីថ្ងៃទី១៨កញ្ញា រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងមួយ ដោយបានណែនាំអោយ គ្រប់ស្ថាប័នរដ្ឋ ឯកជន រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរ-អង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ រោងចក្រសហគ្រាស ក្រុមហ៊ុន សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារសាសនា និងប្រជាពលរដ្ឋទាំងអស់ក្នុង រាជធានីភ្នំពេញ សូមរួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែល ខ្លួនមាន នៅវេលាម៉ោង ០៧:០០ព្រឹក នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗរួមមានទីស្ដីការក្រសួង-ស្ថាប័ន សាលារាជធានីភ្នំពេញ សាលាខណ្ឌ-សង្កាត់ សាលារៀន មន្ទីរពេទ្យ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំសហគមន៍នៅតាមភូមិឱ្យបានច្រើនកុះករ ខ្ញៀវខ្ញារ ប្រកបដោយសេចក្តីសប្បាយរីករាយ និងការសាទរចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។
គ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ ត្រូវណែនាំប្រជាពលរដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួនឱ្យចង់ទង់ជាតិនៅគ្រប់ទីតាំង និងគប់លំនៅឋាន។ មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវចាត់តាំងបណ្តាញវិទ្យុ និងស្ថានីយទូរទស្សន៍ចុះធ្វើសកម្មភាពយកព័ត៌មាន ថតរូប និងថតវីឌីអូនូវរាល់សកម្មភាព និងទិដ្ឋភាពជាក់ស្តែងនៃព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ហើយត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ៕
ចែករំលែកព័តមាននេះ