ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ធនាគារជាតិនៃកម្ពុជា បានជូនដំណឹង ដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ ដែលមានអាជ្ញាបណ្ណទាំងអស់ ពីការការដាក់ដេញថ្លៃប្រាក់ដុល្លារអាមេរិក ចំនួន ២លើក ក្នុងទឹកប្រាក់សរុប ២០លានដុល្លារអាម៉េរិក។ ការដេញថ្លៃប្រាក់ដុល្លារអាមេរិកនេះ នឹងធ្វើឡើង នៅថ្ងៃទី២០កញ្ញា និងថ្ងៃទី២២កញ្ញា។
សេចក្ដីជូនដំណឹង បានលើកឡើងថា ធនាគារជាតិនៃកម្ពុជា នឹងដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិក លើកទី១ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ទឹកប្រាក់ចំនួន ១០លានដុល្លារអាមេរិក និងលើកទី២ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ទឹកប្រាក់ចំនួន ១០លានដុល្លារអាមេរិក។
កាលពីថ្ងៃទី១៨កញ្ញា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានប្រកាសថា ក្រោយពីការដាក់ឱ្យដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិក ចំនួន ៤លើក ក្នុងរយៈពេល ២សប្តាហ៍ ចុងក្រោយនេះ អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក បានធ្លាក់មកដល់កម្រិតសមស្របតាមស្ថានភាពទីផ្សារ។ ទន្ទឹមនេះ ដោយពិនិត្យឃើញពីការប្រែប្រួលតម្លៃប្រាក់ដុល្លារអាមេរិក នៅលើទីផ្សារអន្តរជាតិ និងការវិវឌ្ឍនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន និងពេលខាងមុខ ធនាគារជាតិនៃកម្ពុជា នឹងបន្តគ្រប់គ្រងសម្ពាធលើអត្រាប្តូរប្រាក់បន្ថែមទៀត។
សេចក្តីប្រកាសបន្តថា ក្នុងគោលដៅនេះ ធនាគារជាតិនៃកម្ពុជា នឹងបន្តធ្វើអន្តរាគមន៍តាមការចាំបាច់ រហូតដល់អត្រាប្តូរប្រាក់ស្ថិតក្នុងកម្រិតមួយសមស្រប ដែលជួយពង្រឹងអំណាចទិញរបស់ប្រាក់រៀល និងរួមចំណែកគាំទ្រការបន្តងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩។
សេចក្តីប្រកាស បន្ថែមថា ការធ្វើអន្តរាគមន៍ គ្រោងនឹងធ្វើឡើង ចំនួន ២ដង ក្នុង ១សប្តាហ៍ ( ថ្ងៃពុធ និងថ្ងៃសុក្រ សម្រាប់រយៈពេល ៤សប្តាហ៍តទៅមុខទៀត។
សូមរម្លឹកថា កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រកាសអញ្ជើញដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ ដែលមានអាជ្ញាបណ្ណទាំងអស់ មកដាក់ការដេញថ្លៃប្រាក់ដុល្លារអាមេរិក ចំនួន ៥០លានដុល្លារអាមេរិក។ ការបញ្ចេញប្រាក់ដុល្លារនេះ គឺជាការធ្វើអន្តរាគមន៍របស់ធនាគារជាតិ ដើម្បីរក្សាស្ថិរភាពប្រាក់រៀល។
សេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ពីកាលបរិច្ឆេទកំណត់ ចំនួន ៤ដង ដោយការដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិក លើកទី១ នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២៣ ចំនួន ១០លានដុល្លារអាមេរិក។ លើកទី២ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ចំនួន ១៥លាន ដុល្លារអាមេរិក។ លើកទី៣ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ចំនួន ១០លានដុល្លារ។ លើកទី៤ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ចំនួន ១៥លានដុល្លារអាមេរិក។
ធនាគារជាតិនៃកម្ពុជា មិនបានបញ្ជាក់ពីមូលហេតុ នៃការដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិក ចំនួន ៥០លានដុល្លារអាមេរិក នាពេលនេះទេ។ ប៉ុន្តែការប្រកាសនេះ បានធ្វើឡើង បន្ទាប់ពីរយៈពេលប៉ុន្មានខែមកនេះ ប្រាក់រៀល បានធ្លាក់ថ្លៃ បើធៀបនឹងប្រាក់ដុល្លារអាមេរិក។
ការដាក់ដេញថ្លៃប្រាក់ដុល្លារអាមេរិកនាពេលនេះ ត្រូវបានអ្នកជំនាញហិរញ្ញវត្ថុ លើកឡោះងថា ទំនងជាធ្វើឡើង ក្នុងគោលបំណង ដើម្បីស្រូបយកប្រាក់រៀល និងដើម្បីរក្សាអត្រាប្តូរប្រាក់រៀល ធៀបនឹងប្រាក់ដុល្លារអាមេរិក៕

ចែករំលែកព័តមាននេះ