ខេត្តស្វាយរៀង៖ ភ្លៀងមួយមេធំ លាយឡំផ្លេកបន្ទោ ផ្គររន្ទះគ្រហ៊ឹម គួរឲ្យខ្លាច ខណៈជនរងគ្រោះពីរនាក់ប្តីប្រពន្ធកំពុងច្រូតស្មៅ នៅកណ្តាលវាលស្រែ។ រន្ទះកំណាច បានបាញ់ពីរនាក់ប្តីប្រពន្ធ បណ្ដាលឲ្យរបួសធ្ងន់ធ្ងរ ដេកសន្លប់ស្តូកស្តឹងទាំងពីរនាក់ គួរឲ្យសង្វេគ។
បើតាមសមត្ថកិច្ច ករណីនេះ បានកើតឡើង កាលពៅវេលាម៉ោង ១២ និង០០នាទី ថ្ងៃត្រង់ ថ្ងៃទី១៧កញ្ញា២០២៣ នៅកណ្តាលវាលស្រែ ស្ថិតក្នុងភូមិទួលសាលា ឃុំជ្រុងពពេល ស្រុករំដួល។
ជនរងគ្រោះ ជាប្តី ឈ្មោះ ពៀម រ៉ា អាយុ ៣២ឆ្នាំ រស់នៅភូមិទួលសាលា ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង រងរបួ..សធ្ងន់។ រីប្រពន្ធ ឈ្មោះ ជូ សុវណ្ណដារ៉ា អាយុ ៣៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បណ្ដាលឱ្យស្លា..ប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកស្រុករំដួល។ អ្នកទាំងពីរ បានច្រូតស្មៅ នៅឯវាលស្រែខាងក្រោយផ្ទះ ចម្ងាយប្រហែល ២០០ម៉ែត្រ។
ជនរងគ្រោះ ជាប្តី ត្រូវបានបញ្ជូនបន្ត ទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែកសពប្រពន្ធ ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារ យកមកធ្វើបុណ្យតាមប្រពៃណី។
លោក ហែម ស៊ីណា អភិបាលនៃគណៈអភិបាលស្រុករំដួល ក៏ដូចជា អាជ្ញាធរស្រុក បានចូលរួមរំលែកទុក្ខដល់គ្រួសារ..ស..ព..និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា ជាពិសេសនៅពេលមេឃរកកល ចង់ធ្លាក់ភ្លៀង ឬខ្យល់ សូមប្រញាប់រកកន្លែងសុវត្ថិភាព មិនត្រូវជ្រកក្រោមដើមឈើ ឬនៅវាលឡើយ ដើម្បីសេចក្តីសុខ និងបញ្ជៀសឲ្យបាននូវហានិភ័យ៕ វ៉ាន់ ប៊ុនធឿន







ចែករំលែកព័តមាននេះ