ភ្នំពេញ៖ សហព័ន្ធកីឡាជឹជីតស៊ូកម្ពុជា បានប្រកាសថា កីឡាការិនី ខាន់ ចេសា បានសម្រេចចិត្តមិនចូលរួមប្រកួតក្នុងវិញ្ញាសាជឹជីតស៊ូ Ne-Waza នៃព្រឹត្តិការណ៍កីឡាអាស៊ីហ្គេម លើកទី១៩ ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងហាងចូវ ប្រទេសចិន ដោយសារមូលហេតុផ្ទាល់ខ្លួន។
សេចក្តីប្រកាស បន្តថា «សហព័ន្ធកីឡាជឹជីតស៊ូកម្ពុជា មិនមានការពាក់ព័ន្ធលើសេចក្តីសម្រេចចិត្តនេះទេ។ សហព័ន្ធគោរពតាមការសម្រេចចិត្តរបស់កីឡាការិនី ខាន់ ចេសា ហើយបញ្ហានេះ ក៏មិនមានផលប៉ះពាល់ណាមួយដល់កិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធ ក្នុងព្រឹត្តិការណ៍ប្រកួតនេះទេ។ យើងនៅតែរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកីឡាការិនី ខាន់ ចេសា ប្រកបដោយវិជ្ជាជីវៈ»។
សេចក្តីប្រកាស បន្តថា ក្នុងព្រឹត្តិការណ៍នេះ សហព័ន្ធគ្រោងបញ្ជូនអត្តពលិក ចំនួន ២រូប គឺ កីឡាការិនី ខាន់ ចេសា ប្រកួតវិញ្ញាសា Ne-Waza នារី ទម្ងន់ក្រោម ៥២គីឡូក្រាម និងកីឡាករ មឿនលឹម សុបញ្ញា ប្រកួតវិញ្ញាសា Ne-Waza បុរស ទម្ងន់ក្រោម ៦៩គីឡូក្រាម។
ជាមួយគ្នានេះ សហព័ន្ធនៅតែបន្តផ្តោតការយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តគាំទ្រកីឡាករ មឿនលីម សុបញ្ញា ដើម្បីឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើមមេដាយជូនជាតិពីព្រឹត្តិការណ៍កីឡាអាស៊ីហ្គេមនេះ។
កើតនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០០១ កីឡាការិនី ជម្រើសជាតិកម្ពុជា ជឺជីតស៊ូ កញ្ញា ខាន់ ចេសា ជាម្ចាស់មេដាយមាស កីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី។ នាងក៏បានឈ្នះមេដាយមាស កីឡាស៊ីហ្គេម ក្នុងឆ្នាំ២០១៩ នៅហ្វីលីពីន និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
ខាន់ ចេសា មានម្តាយជនជាតិម៉ិកស៊ិក និងឪពុក ជាខ្មែរ-អាមេរិក។ នាងបានហ្វឹកហាត់កីឡា ជឺជិតស៊ូ នៅអាយុ ១២ឆ្នាំ និងបានចូលរួមការប្រកួត ដោយឈ្នះមេដាយដ៏ច្រើនសន្ធឹកសន្ធាប់។ នាងកើត នៅរដ្ឋតិចសាស់ ហើយរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាខាងត្បូង សហរដ្ឋអាមេរិក។
ចំពោះការខកខាន មិនបានចូលរួមប្រកួតកីឡាអាស៊ី នៅប្រទេសចិន ពេលនេះ ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ឱ្យដឹងថា ដោយសារកត្ដាផ្ទាល់ខ្លួន គួបផ្សំ ខាន់ ចេសា ត្រូវចូលរួមប្រកួតកម្មវិធី ONE Fight Night 14 នៅលើសង្វៀន ONE Championship នៅប្រទេសសិង្ហបុរី ដើម្បីដណ្ដើមខ្សែក្រវាត់ពិភពលោក ជាមួយកីឡាការិនីអាមេរិក Danielle Kelly៕





ចែករំលែកព័តមាននេះ