ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា កម្មករ​ឆ្នាំ​២០២៤ នឹង​បញ្ចប់​ថ្ងៃ​ទី​២៨ កញ្ញា​នេះ

11 ខែ មុន

រាជធានី​ភ្នំពេញ ៖ ការ​ចរចា កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​(​តិច​បំផុត​) ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប សម្រាប់​ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ ៖ ការ​ចរចា កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​(​តិច​បំផុត​) ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប សម្រាប់​ឆ្នាំ​២០២៤ នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា ខាង​មុខ​នេះ ខណៈ​ភាគី​សហជីព មាន​តួលេខ​ចំនួន​ពីរ គឺ​២០៤​ដុល្លារ​និង​២១៣​ដុល្លារ ភាគី​និ​យោ​ជោក ដាក់​តួលេខ ២០១.៥០​ដុល្លារ (​ពីរ​រយ​មួយ​ដុល្លារ និង​ហាសិប​សេន​) និង​ភាគី​រដ្ឋាភិបាល ២០២​ដុល្លារ ។

ការ​កំណត់​ថ្ងៃ​បញ្ចប់​ការ​ចរចា​ប្រាក់​ឈ្នួល​របស់​កម្មករ​នេះ បន្ទាប់​ពី​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៣ ត្រីភាគី បាន​បន្ត​បើ​កិច្ចប្រជុំ​ពិភាក្សា​គ្នា ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន ស្តី​ពី​លទ្ធផល នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៣ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បាន​បន្ត​កិច្ចប្រជុំ ពិភាក្សា កំណត់​ប្រាក់​ឈ្នួល​អប្បបរមា ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប សម្រាប់​ឆ្នាំ​២០២៤ ។

ក្រសួង​ការងារ​បន្ត​ថា គិត​ត្រឹម​ថ្ងៃនេះ កិច្ចប្រជុំ​ពិភាក្សា​ចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា សរុប​មាន​ចំនួន ១៩​លើក ដែល​រួម​មាន កិច្ចប្រជុំ​ផ្ទៃក្នុង​របស់​ភាគី​នីមួយ​ៗ ចំនួន ៨​លើក​, កិច្ចប្រជុំ​ទ្វេភាគី​ចំនួន ២​លើក និង​កិច្ចប្រជុំ​ត្រីភាគី ចំនួន ៩​លើក​។

ដោយឡែក នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៣ មាន​កិច្ច​ពិភាក្សា ចំនួន ៣​លើក​ផ្សេង​គ្នា ដោយ​មាន​កិច្ចប្រជុំ​ផ្ទៃក្នុង តំណាង​ភាគី​កម្មករនិយោជិត ចំនួន ១​លើក និង​កិច្ចប្រជុំ​ត្រីភាគី​ចំនួន ២​លើក​។ ភាគី​ទាំង​ពីរ​បាន​បន្ត ពិភាក្សា និង​ពន្យល់​គ្នា​ទៅ​វិញ​ទៅ​មក​លើ​គោល​ជំហរ​របស់​ខ្លួន ប្រកបដោយ​វិជ្ជាជីវៈ និង​ភាព​ចាស់ទុំ​ហើយ តំណាង​ភាគី​រាជរដ្ឋាភិបាល​បាន​បន្ត​សម្របសម្រួល និង​ព​ន្យ​លី​បន្ថែម ពាក់ព័ន្ធ​នឹង​លក្ខណ​វិនិច្ឆ័យ​បែប​សង្គម និង​សេដ្ឋកិច្ច ជូន​តំណាង​ភាគី​កម្មករនិយោជិត និង​តំណាង​ភាគី​និយោជក​ផង​ដែរ ។

ក្រសួង​ការងារ​បាន​លើក​ឡើង​ថា ជា​លទ្ធផល តំណាង​ភាគី​កម្មករ និយោជិត បាន​ដាក់​គោល​ជំហរ​ចុង​ក្រោយ​របស់​ខ្លួន ចំនួន​ពីរ​ផ្សេង​គ្នា គឺ តួលេខ ២០៤​ដុល្លារ​អាម៉េរិក មាន​សំឡេង គាំទ្រ ១២​លើ ១៧​នាក់ និង ២១៣​ដុល្លារ​អាម៉េរិក មាន​សំឡេង​គាំទ្រ​៥​លើ ១៧​នាក់ ។

តំណាង​ភាគី​និយោជក បាន​ដាក់​គោល​ជំហរ​ចុង​ក្រោយ​របស់​ខ្លួន ចំនួន ២០១.៥០​ដុល្លារ​អា​មេ​រិ​ក និង​តំណាង​ភាគី​រាជរដ្ឋាភិបាល ដោយ​ឈរ លើ​លក្ខណ​បច្ចេកទេស បាន​លើក​ឡើង​នូវ​តួលេខ​ចំនួន ២០២​ដុល្លារ​អា​មេ​រិ​ក ។

ប្រភព​បាន​អះអាង​ថា តំណាង​ភាគី​កម្មករនិយោជិត និង​តំណាង​ភាគី​និយោជក នឹង​គោរព​ស្នើ​សុំ​នូវ​សំណូមពរ​ផ្សេង​ៗ នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៣ ខាង​មុខ​នេះ ដើម្បី​ជូន​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធានា​បាន​នូវ​បរិយាកាស​វិនិយោគ និង​បរិយាកាស​ធុរកិច្ច​កាន់តែ​ប្រសើរ ព្រមទាំង​កាត់​បន្ថយ​ការ​ចំណាយ​របស់​បងប្អូន​កម្មករនិយោជិត ក៏​ដូច​ជា​ការពារ​នូវ​សិទ្ធិ កិត្តិយស និង​អត្ថប្រយោជន៍​របស់​បងប្អូន​កម្មករនិយោជិត ។

សេចក្តី​ប្រកាស​ព័ត៌មាន បាន​លើក​ឡើង​ថា អង្គប្រជុំ​បាន​ឯកភាព​គ្នា​កំណត់​កិច្ច​ពិភាក្សា​ចុង​ក្រោយ ដើម្បី​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៣ ចាប់ពី​វេលា​ម៉ោង ៩​និង​០០​នាទី​ព្រឹក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ