ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួប​គ្រូបង្វឹក និងអត្តពលិក មុនចេញទៅប្រកួតព្រឹត្តិការណ៍ Asian Games នៅចិន

11 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ តាមកម្មវិធី ដែលបានគ្រោងទុក នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ខាងស្អែក​នេះ ប្រតិភូថ្នាក់ដឹកនាំគ្រូបង្វឹក និងអត្តពលិក សរុប…

ភ្នំពេញ៖ តាមកម្មវិធី ដែលបានគ្រោងទុក នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ខាងស្អែក​នេះ ប្រតិភូថ្នាក់ដឹកនាំគ្រូបង្វឹក និងអត្តពលិក សរុប ៩៩នាក់ ដែលត្រៀមចេញទៅប្រកួត ក្នុង​ព្រឹត្តិការណ៍ប្រកួត Asian Games នៅប្រទេសចិន​​ នឹងត្រូវចូលជួបសម្ដែងការគួរសម និង ទទួលអនុសាសន៍ណែនាំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីជួបជុំនេះ នឹងធ្វើឡើង នៅវិមានសន្តិភាព វេលាម៉ោង ៣រសៀល ថ្ងៃទី២០កញ្ញា​។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ី Asia Games ធ្វើឡើង នៅទីក្រុងហាងចូវ ប្រទេសចិន ​ដោយមានអត្តពលិកសរុបចំនួន ១២,២០០នាក់ ចូលរួមប្រកួតប្រជែង ដណ្តើមមេដាយ ចាប់ពីថ្ងៃទី១៩ ខែកញ្ញា​ រហូតដល់​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានឱ្យដឹងថា កម្ពុជាបញ្ជូនអត្តពលិកចំនួន ១៧ប្រភេទកីឡា ដែលមានប្រតិភូ មន្ដ្រី គ្រូបង្វឹក និងកីឡាករ-កីឡាការិនី សរុប្រមាណ ១៨០នាក់ ចូលរួមក្នុង​ការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន។ ប្រភេទកីឡា ដែលកម្ពុជា បញ្ជូន​អត្តពលិកទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអាស៊ី នៅប្រទេសចិន ពេលនេះ រួមមាន៖ កីឡាអត្តពលកម្ម, ហែលទឹក, បាល់ទះ, បាល់បោះ, ជឺជីតស៊ូ, តេក្វាន់ដូ WT, គ្រិកឃីត, យូដូ, ចំបាប់, វាយសី, ការ៉ាតេ, ទូកក្ដោង, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ ។

សូមរំឮកថា កាលពី Asian Games លើកទី១៨ ឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី កម្ពុជាបានបញ្ជូន​អត្តពលិក ១៣ប្រភេទកីឡា ចូលរួម និងដណ្ដើមបានមេដាយសរុប ៣គ្រឿង រួមមាន មេដាយមាស ២ និងសំរឹទ្ធ ១ ក្នុងនោះ វីរកីឡាករម៉ូតូទឹក សាលី អ៊ូមើត ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ និងវីរកីឡាការិនីជឺជីតស៊ូ ខាន់ ចេសា ដណ្ដើមបានមេដាយមាស ១។ នេះគឺជាកំណត់ត្រា​ប្រវត្តិសាស្ដ្រ ដែលកម្ពុជា ឈ្នះមេដាយមាសកីឡាអាស៊ី ២គ្រឿង បន្ទាប់ពីវីរកីឡាការិនីតេក្វាន់ដូ WT ស៊ន សៀវម៉ី ដណ្ដើមបានមេដាយមាសកីឡាអាស៊ី​ លើកដំបូង កាលពីឆ្នាំ២០១៤ នៅសាធារណរដ្ឋកូរ៉េ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ