រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា អគារក្រសួងមហាផ្ទៃថ្មី នឹងសម្ភោធដាក់ដំណើរការនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។

ឯកឧត្តមសន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិកាប្រចាំក្រសួងមហាផ្ទៃ បានលើកឡើងក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីសម្ពោធអគារទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នេះថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យត្រៀមសម្រាប់រៀបចំពិធីសម្ពោធអគារទីស្ដីការក្រសួងមហាផ្ទៃ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។

ឯកឧត្តម សន្ដិបណ្ឌិត បន្ដថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង នាពេលកន្លងទៅ សម្ដេចក្រឡាហោម បានយកចិត្តទុកដាក់ចំពោះការងារសាងសង់ និងរៀបចំពិធីសម្ពោធអគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះ ដោយធ្វើយ៉ាងណារៀបចំពិធីនេះឡើង ដោយអធិកអធម ដើម្បីឱ្យសាកសមទៅនឹងអគារថ្មីនេះ។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុ បានលើកឡើងថា រហូតមកដល់ពេលនេះ ការងារសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ បានសាងសង់រួចរាល់ចប់សព្វគ្រប់។ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឱ្យមានការជួសជុលអគារអមសងខាង និងលាបពណ៌ ឱ្យប្រហាក់ប្រហែលជាមួយអគារទីស្ដីការថ្មី។

ចំពោះការងាររៀបចំពិធីសម្ពោធអគារទីស្ដីការនេះ ឯកឧត្តមអគ្គនាយក បានលើកឡើងទៀតថា តាមគម្រោងនឹងរៀបចែកសៀវភៅសរសេររៀបរាប់អំពីដំណើរការសាងសង់អគារនេះ ជូនដល់គណៈអធិបតី និងភ្ញៀវទាំងអស់ ដែលបានអញ្ជើញចូលរួម។

ជាថ្មីម្ដងទៀត ឯកឧត្តម សន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ចំពោះសមាសភាពចូលរួមក្នុងពិធីសម្ពោធអគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះ នឹងមានការអញ្ជើញពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្តម-លោកជំទាវ រដ្ឋមន្ដ្រីតាមបណ្ដាក្រសួង-ស្ថាប័នទាំងអស់, អគ្គស្នងការដ្ឋាននគរបាលជាតិ, ប្រធានក្រុមប្រឹក្សា-អភិបាលរាជធានី-ខេត្ត, ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងអង្គទូតនានាប្រចាំប្រទេសកម្ពុជាផងដែរ។

គួរបញ្ជាក់ផងដែរថា អគារទីស្ដីការក្រសួងមហាផ្ទៃ មានទំហំ១៥៣ម៉ែត្រគុណ៨៣ម៉ែត្រ មាន៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត។ អគារស្ថាប័នរដ្ឋដ៏ធំស្កឹមស្កៃមួយនេះ ត្រូវបានសាងសង់ឡើងនៅលើទីតាំងចាស់ចំពោះប្លង់ស្ថាបត្យកម្ម ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុ.កចំនួនប្រាំ លំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ អនុលោមតាមគោលការណ៍សមមាត្រនៃរូបរាងអគារ និងគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ និងខ្យល់ធម្មជាតិប្រកបដោយផាសុខភាពសាកសមជាទីកន្លែងធ្វើការបែបសម័យទំនើប៕


ចែករំលែកព័តមាននេះ