រាជធានភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសស្វាគមន៍ចិន ក្នុងគម្រោងសិក្សាស្រាវជ្រាវរាជវាំងនៅអង្គរ និងគម្រោងអភិរក្ស ព្រមទាំងជួសជុលគោបុរៈទី១ ទី២ និងទី៣ នៅប្រាសាទព្រះវិហារ។

ក្នុងជំនួបរវាងលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម លី ឈុន អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណៈរដ្ឋប្រជាមានិតចិន នៅក្នុងអំឡុងកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៤៥ នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវរដ្ឋមន្ត្រី បានរំលឹកឡើងអំពីមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដែលមានតាំងពីសម័យអង្គរ ហើយត្រូវបានលើកកម្ពស់តាមរយៈសម្តេចព្រះបរមរតនកោដ នរោត្តមសីហនុ និងក្រោយមកដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយក៏បានបន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនោះដែរ ភាគីទាំងពីរក៏បានលើកឡើងអំពីការចូលរួមរបស់ភាគីចិន នៅក្នុងការងារអភិរក្ស និងជួសជុលប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវ នៅតំបន់អង្គរ ។

លោកជំទាវថា ៖ «កម្ពុជាស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងគម្រោងសិក្សាស្រាវជ្រាវរាជវាំងនៅអង្គរ និងគម្រោងអភិរក្ស និងជួសជុលគោបុរៈទី១ ទី២ និងទី៣ នៅប្រាសាទព្រះវិហារ»។
ជាមួយគ្នានោះ ឯកឧត្តម លី ឈុន អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណៈរដ្ឋប្រជាមានិតចិន ក៏បានសន្យាថា នឹងពិនិត្យលទ្ធភាពក្នុងការជួយកម្ពុជា លើកកម្ពស់ឧស្សា ហកម្មច្នៃប្រឌិតវប្បធម៌នៅពេលអនាគត។

នៅទីបញ្ចប់ ភាគីទាំងពីរ បានឯកភាពគ្នាបង្កើតក្រុមការងាររួមមួយ ដើម្បីជម្រុញទំនាក់ទំនងការងារឲ្យកាន់តែមានប្រសិទ្ធភាពនៅពេលអនាគត៕
ចែករំលែកព័តមាននេះ