ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារ ចំនួន ១៥ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ លើកដំបូង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសចិន​

1 អាទិត្យ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការ លើកដំបូង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលទើបបិទបញ្ចប់​ នៅថ្ងៃទី១៧ ខែកញ្ញានេះ…

ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការ លើកដំបូង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលទើបបិទបញ្ចប់​ នៅថ្ងៃទី១៧ ខែកញ្ញានេះ ភាគីកម្ពុជា និងចិន បានចុះហត្ថលេខា​លើឯកសារ ចំនួន ១៥​។ នេះបើតាម​លោក តាន់ ហ្សង់ ​ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​។

ក្នុងពេល​សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំប្រតិភូ វិលត្រឡប់ពីប្រទេសចិន មកដល់​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាយប់ថ្ងៃអាទិត្យ ទី១៧ ខែកញ្ញានេះ លោក តាន់ ហ្សង់ ​ហ្វ្រ​ង់​ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស មានភារកិច្ច ត្រូវ​ធ្វើសន្និសីទ​កាសែត​។

​អតីតអ្នកកាសែតខ្មែរ-បារាំង អស់ពេល​ប្រមាណ​ ៣០ឆ្នាំ បានថ្លែងទៅកាន់ក្រុមអ្នកកាសែត ដោយ​មិន​ភ្លេច​​មើល​នូវ​​ឯកសារ ដែល​បាន​ត្រៀម​ទុ​ក កាន់ជាប់​នៅនឹងដៃផង លោក ហ្សង់ ហ្វ្រង់ស័រ តាន់ លើក​ឡើងថា «កម្ពុជា និងចិន ឯកភាពគ្នា បន្តធ្វើឱ្យ​ស៊ីជម្រៅការបញ្ស៊ីចូលគ្នា​នូវយុទ្ធសាស្ត្រ​បញ្ចកោណ​របស់ប្រទេស​កម្ពុជា និង BRI គំនិតផ្តួចផ្តើម​ក្រវាត់​ និងផ្លូវរបស់​ចិន ជាអាទិ៍ នៅលើ​វិស័យ​កសិកម្ម ថាមពល និងនៅលើវិស័យការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ ក្នុងនោះ ភាគីកម្ពុជា និងភាគីចិន បានចុះហត្ថលេខាលើឯកសារចំនួន ១៥ រួមមានដូចជា ឯកសារ​ផែនការសកម្មភាពក្នុងការកសាង​សហគមន៍វាសនារួមកម្ពុជា-ចិន សម្រាប់ ២០២៤-២០២៨។ ជារួម សុទ្ធសឹងតែជាគោលការណ៍ ដែលត្រូវផ្តល់សម្ទុះ ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យក្លាយ​ទៅ​ជាត្បូងពេជ្រពិតប្រាកដ»។

សូមរម្លឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន និងចូលរួមពិព័រណ៍ អាស៊ាន-ចិន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ នៅអំឡុង​ពេល​​ដំណើរទស្សនកិច្ចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារ​ជាមួយ​ប្រធាន​ក្រុមហ៊ុនធំៗរបស់ចិន ជួប​អ្នកវិនិយោគចិន រួមទាំង​ជួប​ប្រជុំការងារដាច់ដោយឡែកពីគ្នា ជាមួយ​មេដឹកនាំកំពូលរបស់ចិន រួមមាន៖ ប្រធានាធិបតីចិន ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីចិន​៕