រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមចាប់ស្ត្រីដែលជាជនដៃដល់ប្ល.ន់យកគ្រឿងអលង្ការ ហើយសម្លា.ប់ស្ត្រីជនរងគ្រោះជាគ្រូទាយ អស់ចំនួន៤ខេត្ត ទើបឃាត់ខ្លួនបានកាលពីម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចសួនច្បារ ស្ថិតក្នុងភូមិពាលញ៉ែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ហើយត្រូវបញ្ជូនមករាជធានីភ្នំពេញទាំងយប់។

ករណីឃា.តក.ម្មខាងលើនេះ កើតហេតុកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងផ្ទះសំណាក់ «ហេងពេជ្រ» ចំណុចមុខមន្ទីរពេទ្យកាល់ម៉ែត តាមផ្លូវលេខ៨៤ កែងផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ស.ពស្ត្រីរងគ្រោះខាងលើនេះ មានឈ្មោះ សុន សុខេន (ហៅ ម៉ែម៉ៅ) អាយុ៦៧ឆ្នាំ មុខរបរគ្រូទាយ មានទីលំនៅផ្ទះលេខ 349 E ផ្លូវ 215 ស្ថិតក្នុងភូមិ៩ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យវិញ មានឈ្មោះ នួន ខេង ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិជ្រៃត្នោត ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។

គួររំលឹកថា តាមប្រភពព័ត៌មានពីសាច់ញាតិរបស់ស្ត្រីរងគ្រោះ បានប្រាប់ឱ្យដឹងថា «មុនពេលកើតហេតុ មានស្ត្រីជាជនសង្ស័យម្នាក់ដែលធ្លាប់មករកស្ត្រីរងគ្រោះឱ្យទស្សន៍ទាយជាច្រើនដងមកហើយ រួចបានមកនិយាយលួងលោម និងដឹកដៃស្ត្រីរងគ្រោះចេញពីផ្សារសាមគ្គី កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣»។
សាច់ញាតិរបស់ស្ត្រីរងគ្រោះ បានប្រាប់ឱ្យដឹងថា «បន្ទាប់ពីស្ត្រីរងគ្រោះដើរចេញពីផ្សារក៏បាត់ដំណឹងសូន្យឈឹងទាក់ទងមិនបានឡើយ និងព្យាយាមប្រកាសតាមរយៈហ្វេសប៊ុក ដើម្បីស្វែងរក រហូតមកដល់វេលាម៉ោង៤រសៀល ថ្ងៃទី២២ ខែកក្កដា ទើបទទួលដំណឹងមកថា «ស្ត្រីរងគ្រោះបានស្លា.ប់នៅក្នុងផ្ទះសំណាក់យីហោ «ហេង ពេជ្រ» ចំណែកឯជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោលទៅហើយ។ ក្នុងនោះ ទ្រព្យសម្បត្តិ និងគ្រឿងអលង្ការ រួមមាន ៖ ខ្សែ.ក ខ្សែដៃ និង ចិញ្ចៀនរបស់ស្ត្រីរងគ្រោះ គឺបាត់បង់ទាំងអស់តែម្ដង»។

ដោយអនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧត្តមសេនីយ៍ទោ ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញខណ្ឌប៉ុស្តិ៍ រួមនឹងកម្លាំងការិយាល័យកម្រិតធ្ងន់ នៃស្នងការគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែននគរបាលយុត្តិធម៌ លោកវរសេយីន៍ឯក អេង សោភា ប្រធានការិយាល័យកម្រិតធ្ងន់ និងលោកវរសេនីយ៍ឯក ទៀង ចន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានចុះអនុវត្តលើដីការបញ្ជាឲ្យចូលខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ លេខ ៤៥៩ អ.យ.ក ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ របស់ឯកឧត្តមព្រះរាជអាជ្ញា ច្រឹង ខ្មៅ រហូតស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ នួន ខេង ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិជ្រៃត្នោត ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចសួនច្បារ ស្ថិតក្នុងភូមិពាលញ៉ែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

តាមចម្លើយសារភាពរបស់ស្ត្រីជាជនដៃដល់ បានប្រាប់ឲ្យដឹងថា «បន្ទាប់ពីនាំជនរងគ្រោះចេញពីផ្សារ ក៏នាំទៅហូបគុយទាវ រួចហើយនាំចូលផ្ទះសំណាក់។ ខណៈពេលជនរងគ្រោះរវល់តែចូលបន្ទប់ទឹក គាត់ក៏បានដាក់ថ្នាំងងុយដេកចំនួន៥គ្រា.ប់ចូលទៅក្នុងកំប៉ុងទឹករបស់ជនរងគ្រោះហូប។ បន្ទាប់មកជនរងគ្រោះមានអាការៈអត់ស្រួលខ្លួន គាត់ក៏បានធ្វើសរសៃឲ្យ រហូតជនរងគ្រោះសម្រាកលង់លក់បាត់ ទើបគាត់ធ្វើសកម្មភាពដោះយកគ្រឿងអលង្ការ រួចហើយឡើងជិះរថយន្តក្រុងទៅខេត្តមណ្ឌលគិរី។
ហើយនៅថ្ងៃសមត្ថកិច្ចឃាត់ខ្លួន គឺចំពេលដែលជនដៃដល់ឡើងមកបើកថ្នាំទឹកនោមផ្អែមនៅខេត្តពោធិ៍សាត់ ទើបត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។
សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់ខាងលើរូបនេះ បានរត់គេចខ្លួនចំនួន៤ខេត្ត ទើបត្រូវបានសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនបាន រួចយកសួរនាំ ហើយកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕
ចែករំលែកព័តមាននេះ