ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ស្រុក​អះអាង​ថា មិន​មាន​ពលរដ្ឋ​ណា​ម្នាក់​ជំទាស់​និង​ការ​មក​បំពេញ​ឯកសារ​តាម​រយៈ​ច្រក​ចេញ​ចូល​តែ​មួយ​ទេ

7 ខែ មុន
  • កំពង់ចាម

តាម​រយៈ​ច្រក​ចេញចូល​តែ​មួយ បាន​បង្កើត​ឲ្យ​មាន​ភាព​ព​ន្លឿ​ន​ការងារ​មួយ​ចំនួន​ឆាប់រហ័ស និង​មិន​ចំណាយ​លុយ​ក្រោម​តុ​ទៀត​ផង ព្រោះថា ថ្មី​ៗ​កន្លង​ទៅ មានការ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច ដែល​លើក​ឡើង​ថា ការ​ប្រកប​របរ​ធ្វើ​ក្រចក​តូចតាច

ខេត្តកំពង់ចាម ៖ តាម​រយៈ​ច្រក​ចេញចូល​តែ​មួយ បាន​បង្កើត​ឲ្យ​មាន​ភាព​ព​ន្លឿ​ន​ការងារ​មួយ​ចំនួន​ឆាប់រហ័ស និង​មិន​ចំណាយ​លុយ​ក្រោម​តុ​ទៀត​ផង ព្រោះថា ថ្មី​ៗ​កន្លង​ទៅ មានការ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច ដែល​លើក​ឡើង​ថា ការ​ប្រកប​របរ​ធ្វើ​ក្រចក​តូចតាច និង​កាត់សក់​ទ្រង់ទ្រាយ​តូច ក៏​តម្រូវ​ឲ្យ​ទៅ​សុំ​បែបបទ​តាម​រយៈ​ច្រក​ចេញចូល​តែ​មួយ​របស់​សាលាស្រុក​ស្រី​សន្ធរ​ដែរ​។

លោក ស៊ី​ម គង់ អភិបាលស្រុក​ស្រី​សន្ធរ បាន​ប្រាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៣​នេះ​ថា កាលពីមុន គ្រា​ដែល​សាលាស្រុក​មិន​ទាន់​មាន​ច្រក​ចេញចូល​តែ​មួយ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​ស្រី​សន្ធរ បាន​មក​សុំ​បែបបទ និង​បំពេញ​ឯកសារ​នានា ពេល​ខ្លះ​ត្រូវ​ឡើង​មក​ដល់​ខេត្តកំពង់ចាម​ក៏​មាន​ដែរ​។ ដោយ​មើលឃើញ​នូវ​ការ​លំបាក​បែប​នេះ ទើបត្រូវ​បាន​ប្រមុខ​រាជរដ្ឋា​ភិបាល​កម្ពុជា យកចិត្តទុកដាក់​ឱ្យ​បង្កើត​ច្រក​ចេញចូល​តែ​មួយ​នៅ​តាម​បណ្ដា​ស្រុក ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ពលរដ្ឋ គឺ​មិន​មានការ​ទារ​ថ្លៃ​ហួស​សេវា​ដែល​បាន​កំណត់​នោះ​ឡើយ​។

អភិបាលស្រុក​ស្រី​សន្ធរ បន្ត​ឱ្យ​ដឹង​ទៀត​ថា តាម​រយៈ​ការ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា រដ្ឋបាល​ស្រុក​ស្រី​សន្ធរ បាន​ចេញ​សេចក្តីណែនាំ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​ស្រី​សន្ធរ​ទាំងអស់ ដែល​ប្រកប​របរ​ធ្វើ​ក្រចកដៃ ជាងកាត់សក់ រួម​ទាំង​ការ​ប្រកប​អាជីវកម្ម​ផ្សេង​ទៀត សូម​មក​សុំ​បែបបទ​នូវ​ច្រក​ចេញចូល​តែ​មួយ​របស់​សាលាស្រុក​ស្រី​សន្ធរ​។ តែ​មិន​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​មក​ដាក់​ពាក្យសុំ ឬ​មានការ​រអ៊ូរទាំ​នោះ​ទេ ហើយ​ក៏​មាន​មតិ​រិះគន់​មួយ​ចំនួន​លើ​បញ្ហា​ទាំងនេះ​។

អភិបាលស្រុក​ស្រី​សន្ធរ បន្ត​ឱ្យ​ដឹង​ទៀត​ថា ក្រោយមក ត្រូវ​បាន​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ថ្មី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​លិខិត​លេខ​១០០ សសរ ចុះ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៣ ដោយ​មានការ​កែតម្រូវ​ចំណុច​មួយ​ចំនួន ក្នុង​នោះ​យោង​តាម​ការ​សម្រេច​ប្រការ​១ ៖ -​ត្រូវ​បាន​ផ្អាក​ការ​ផ្ដល់​សេវា​រដ្ឋបាល​មួយ​ចំនួន​របស់​រដ្ឋបាល​ក្រុង​ស្រុក​ខណ្ឌ​ពាក់ព័ន្ធ​នឹង​ការ​បំពេញបែប​បទ​ធ្វើ​អាជីវកម្ម ដែល​កំណត់​ដោយ​ប្រកាស​អន្តរក្រសួង​លេខ​១៤៣៤២​ប្រក ចុះ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៦ ស្ដី​ពី​ការ​ផ្ដល់​សេវា​រដ្ឋបាល​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ដូច​ខាងក្រោម ៖

ក​- វិស័យ​វប្បធម៌ និង​វិចិត្រសិល្បៈ
១. អាជីវកម្ម​សិល្បៈ​សូន្យ​រូប​ទីតាំង​ផលិត និង​លក់​ចម្លាក់​ពុំ​ធ្វើ​ស៊ីម៉ង់ត៍​ជាងគំនូរ
២. អាជីវកម្ម​កាត់សក់ អ៊ុតសក់ លម្អ​ក្រចក និង​សំអាងការ (​ហាង​)​។ ដោយ​កាត់សក់​បុរស (​ចាប់​២​កៅអី​ទៅ​៤​កៅអី​), កាត់សក់​បុរស (​ចាប់ពី​៥​កៅអី​ឡើង​ទៅ​) និង​អ៊ុតសក់ កាត់សក់ លំអរ​ក្រចក (​ចាប់​២​កៅអី​ទៅ​៤​កៅអី​)…​។

លោក ស៊ី​ម គង់ អភិបាលស្រុក​ស្រី​សន្ធរ បាន​បញ្ជាក់​ថា ចាប់តាំងពី​ពេល​ដែល​រូប​លោក​ចូល​កាន់​តំណែង​ជា​អភិបាលស្រុក​ស្រី​សន្ធរ គឺ​បាន​ប្រឹងប្រែង​ដូច​ជា ៖ ក្នុង​បរិវេណ​សាលាស្រុក ពី​មុន​ក្នុង​រដូវវស្សា​បែក​ភក់ ពិបាក​នឹង​ជិះ​ម៉ូតូ ឬ​រថយន្ត​។ ក្រោយមក ក៏​បាន​ចាក់​បេតុង​ឡើង​រលោង​ពេញទី​ធ្លា​តែ​ម្ដង​។

លោក ស៊ី​ម គង់ អភិបាលស្រុក​ស្រី​សន្ធរ បាន​បញ្ជាក់​ទៀត​ថា សូ​ម្បី​តែ​មុខ​សាលាស្រុក មាន​ពេល​ខ្លះ​អ្នក​ធ្វើ​ដំណើរ​មក​ឈប់​បត់ជើងតូច បត់ជើងធំ​ក៏​មាន តែ​មក​ដល់​សព្វ​ថ្ងៃនេះ​ក្រោម​ការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ ដូច​ជា​ក្រោម​ការ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម​អភិបាលខេត្ត បាន​ចាក់​បេតុង​ឡើង​រលោង ព្រមទាំង​មាន​ដាក់​រូបសំណាក់​ទៀត​ផង​។ មិន​ត្រឹម​ប៉ុណ្ណោះ គ្រា​ចូល​ឆ្នាំ​កន្លង​ទៅ មនុស្ស​ខ្ទង់​ម៉ឺន​នាក់​នាំ​គ្នា​លេង​រាំ​សប្បាយ ហើយ​នៅ​តាម​ផ្លូវ​ចាប់​ពីមុខ​សាលាស្រុក រហូត​ដល់​ព្រំប្រទល់​ស្រុក​កោះសូទិន គឺ​មាន​ផ្លូវ​បេតុង បំពាក់​អំ​ពូ​ល​សូ​ឡា បំភ្លឺ​ពេល​រាត្រី ធ្វើ​ឲ្យ​ពលរដ្ឋ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​មិន​ថា​យប់​ឬ​ថ្ងៃ​ឡើយ នៅ​ផ្សារ​ព្រែក​ពោធិ៍ ខណៈ​ពី​មុន​ផ្លូវ​ដី ឥឡូវ​ប្រែ​ក្លាយជា​ផ្លូវ​បេតុង​ហើយ​។

ក្រៅពី​នេះ អាជ្ញាធរ​ស្រុក ក៏​ដូច​ជា​ខេត្ត បាន​រៀបចំ​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ ដោយ​បូមទឹក​ពី​ទន្លេ​ចូល​ដាក់​ប្រឡាយ​មេ ដើម្បី​ស្រោច​ស្រប​ដំណាំ​ស្រូវ​របស់​បងប្អូន​ប្រជា​កសិករ​បាន​រាប់​ពាន់​ហិ​កតា​ទៀត​ផង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ